
ស្ពានមេគង្គខេត្តក្រចេះ ឈានដល់ការដំឡើងធ្នឹមទាំងអស់ហើយដើម្បីភ្ជាប់តួស្ពានទាំងមូល សម្រាប់លើកកម្ពស់ការដឹកជញ្ជូនជាតិ
ក្រចេះ៖ ស្ពានទន្លេមេគង្គខេត្តក្រចេះ សម្រេចបានជោគជ័យក្នុងការសាងសង់ដ៏សំខាន់មួយ ជាមួយនឹងការដំឡើងធ្នឹមរចនាសម្ព័ន្ធចុងក្រោយរបស់ខ្លួន ដែលជាសញ្ញាសម្គាល់ជិតបញ្ចប់គម្រោង។ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១០:០០ ព្រឹក ក្រុមហ៊ុន Shanghai Construction Group (SCG) បានដំឡើងធ្នឹមចុងក្រោយនៅប្រឡោះទី ២៦ ដើម្បីតភ្ជាប់រចនាសម្ព័ន្ធស្ពានទាំងមូល នេះបើយោងតាមរបស់អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម។
ស្ពាននេះមានប្រវែងសរុប ១៧៦១ ម៉ែត្រ មានបីផ្នែក៖ ផ្នែកខាងកើតមានធ្នឹមរាងអក្សរ T ចំនួន ២០ប្រឡោះ ផ្នែកកណ្តាលមានធ្នឹមប្រអប់ចំនួន ៦ប្រឡោះ និងផ្នែកខាងលិចមានធ្នឹម ១០ប្រឡោះ។ ធាតុផ្សំនៃរចនាសម្ព័ន្ធទាំងនេះមានសារៈសំខាន់ក្នុងការធានាស្ថេរភាព ភាពធន់ និងសុវត្ថិភាពរបស់ស្ពានសម្រាប់អ្នកប្រើប្រាស់នាពេលអនាគត។
គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផល ៩៤,១០% ខណៈដែលគម្រោងទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង ១៧៦១ម៉ែត្រ, ផ្លូវមេតភ្ជាប់មានប្រវែងសរុប១៥,៤៩០ គ.ម (ផ្លូវមេតភ្ជាប់ត្រើយខាងកើតប្រវែង ៧,៦៨៤គ.ម និងត្រើយខាងលិចប្រវែង ៧,៨០៦គ.ម) និងផ្លូវខ្នែងមានចំនួន៤ខ្សែ ប្រវែងសរុប ១៦,២០៨ គ.ម សម្រេចលទ្ធផល ៦៩,៩១%។
ប្រសិនបើល្បឿនបច្ចុប្បន្ននៅតែបន្តយ៉ាងរលូន អាជ្ញាធរបានព្យាករណ៍ថា ស្ពានមេគង្គខេត្តក្រចេះ នឹងត្រូវបើកឱ្យធ្វើចរាចរណ៍សាធារណៈនៅខែកញ្ញា ឆ្នាំ២០២៥ ដែលផ្តល់ជាសរសៃឈាមដឹកជញ្ជូនដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍ក្នុងតំបន់។
ជាការពិតណាស់ ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ "មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា" នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន។
គម្រោងស្ពាន និងផ្លូវតភ្ជាប់នេះ គឺជាគម្រោងយុទ្ធសាស្រ្តមួយដ៏សំខាន់សម្រាប់ការតភ្ជាប់ទំនាក់ទំនង និងជាក្តីសង្ឃឹមរវាងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងកើត និងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងលិច ដើរតួនាទីយ៉ាងសំខាន់ក្នុងការបើកផ្លូវចូលទៅកាន់តំបន់ដាច់ស្រយាលភាគឦសាន ដោយភ្ជាប់ខេត្តក្រចេះជាមួយនឹងផ្លូវជាតិសំខាន់ៗ ដែលបម្រើដល់ខេត្តមួយចំនួនដូចជា កំពង់ធំ កំពង់ចាម សៀមរាប រតនគិរី និងមណ្ឌលគិរី ដែលជាចុងក្រោយជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនផ្លូវគោកនៅកម្ពជា៕