
កម្ពុជាចុះប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ
សៀមរាប៖ នៅថ្ងៃទី៥ ខែឧសភា នេះ កម្ពុជាបានចុះបញ្ជីប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញជាផ្លូវការ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងគោលបំណងលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ គាំទ្រផលិតករក្នុងស្រុក និងលើកកម្ពស់កំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា។ ការចុះឈ្មោះនេះត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការក្នុងឱកាសប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៥ ដែលបានធ្វើឡើងនៅខេត្តសៀមរាប។
គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃគម្រោង CAPFISH-Capture គាំទ្រដោយការផ្តល់មូលនិធិពីសហភាពអឺរ៉ុប (EU) និងអង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ (UNIDO) ដោយសហការជាមួយរដ្ឋបាលជលផលកម្ពុជា និងក្រសួងពាណិជ្ជកម្ម។
ក្នុងពិធីនោះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ចម និមល បានលើកឡើងពីសារៈសំខាន់នៃការចុះបញ្ជី GI សម្រាប់ផលិតផលខ្មែរ។ លោកស្រីបានបញ្ជាក់ថា៖ «ការចុះបញ្ជីប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនឹងអាចពង្រឹងទីផ្សារនាំចេញប្រហុកកម្ពុជាទៅទីផ្សារបរទេស និងបង្កើតឱ្យមានការប្រកួតប្រជែងទាំងក្នុងនិងក្រៅប្រទេស»។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា បានសន្យាជួយសម្រួលដល់ការទទួលបានទីផ្សារ និងគាំទ្រដល់អ្នកផលិត ដើម្បីរក្សាបាននូវស្តង់ដារខ្ពស់នៃគុណភាព និងម៉ាកយីហោ GI ។
ក្នុងសេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម សហភាពអឺរ៉ុប និងអង្គការយូនីដូ បានពណ៌នាសៀមរាបប្រហុកថាជាផលិតផលពិសេសដាច់ដោយឡែករបស់កម្ពុជា ដូចជាម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ និងទឹកឃ្មុំព្រៃខេត្តមណ្ឌលគិរី។
ក្នុងព័ត៌មានលើទំព័រ Facebook របស់ EU Cambodia សហភាពអឺរ៉ុបបានគូសបញ្ជាក់ថា ក្រោមការគាំទ្រពីសហភាពអឺរ៉ុប កម្ពុជាបានចុះបញ្ជីដោយជោគជ័យនូវផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GIs) ចំនួនប្រាំបី រួមទាំងផលិតផលដ៏សំខាន់មួយទៀតក្នុងថ្ងៃនេះ ពោលគឺ ប្រហុកសៀមរាប។ សមិទ្ធិផលដ៏សំខាន់នេះ មិនអាចមើលឃើញតែពីជ្រុងម្ខាងនៃវឌ្ឍនភាពផ្នែកបច្ចេកទេសប៉ុណ្ណោះទេ ដោយហេតុថាវាបង្កប់នូវអត្តសញ្ញាណវប្បធម៌ ការច្នៃប្រឌិត និងសហគមន៍កម្ពុជា។ តាមរយៈការបង្កើត និងប្រកាន់ខ្ជាប់នូវស្តង់ដារគុណភាពដែលមានលក្ខណៈរឹងមាំ បន្ថែមពីលើការការពារផ្លូវច្បាប់ និងម៉ាកយីហោ ផលិតករកម្ពុជាឥឡូវនេះត្រូវបានបំពាក់បំប៉ន នូវចំណេះដឹង ចំណេះធ្វើកាន់តែប្រសើរឡើងក្នុងការនាំយកផលិតផលតែមួយគត់ និងមានលក្ខណៈពិសេសរបស់ខ្លួនទៅកាន់ទីផ្សារពិភពលោក។
តំណាងសហភាពអឺរ៉ុបក៏បានសង្កត់ធ្ងន់ថា ផលិតផល GIs គឺមិនត្រឹមតែផ្តោតលើស្លាកសញ្ញាមួយមុខប៉ុណ្ណោះទេ ពោលគឺតំណាងឱ្យមរតក ប្រពៃណី និងពាណិជ្ជកម្ម ដោយភ្ជាប់កសិករ និងអ្នកផលិតទៅកាន់ទីផ្សារសមប្រកប។ នៅអឺរ៉ុប ប្រព័ន្ធនេះបានពង្រឹងសេដ្ឋកិច្ចក្នុងស្រុក កម្ពុជាក៏ដូចគ្នាដែរ។ តាមរយៈកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយអាស៊ាន និងកម្ពុជា សហភាពអឺរ៉ុបនៅតែប្តេជ្ញាការពារ ផ្សព្វផ្សាយ និងគាំទ្រផលិតផលដែលមានលក្ខណៈពិសេសរបស់កម្ពុជានៅទូទាំងពិភពលោក៕