ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បើកការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ ជិត ១០០​លាន​ដុល្លារ​នៅ​ក្រុង​តាខ្មៅ

ក្រុងតាខ្មៅ ខេត្តកណ្តាល៖ ពិធីបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ ក្រោមអធិបតីភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥ ដែលមានតម្លៃជិត ១០០លានដុល្លារអាមេរិក ជាហិរញ្ញប្បទានតាមរយៈកម្ចីសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានចេញសេចក្តីណែនាំដ៏ម៉ឺងម៉ាត់ ដល់ថ្នាក់ដឹកនាំទូទាំងប្រទេស ពិសេសបណ្តារាជធានីខេត្តជាប់ទន្លេ និងសមុទ្រ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការយកចិត្តចំពោះសកម្មភាពរបស់រោចក្រ សហគ្រាសនានា ដែលបង្ហូរទឹក ចូលក្នុងប្រភពទឹកសាធារណៈ ត្រូវរៀបចំប្រព្រឹត្តកម្មទឹកកខ្វក់ឱ្យបានត្រឹមត្រូវ មុននឹងបង្ហូរចេញពីរោងចក្រ។ ក្នុងសុន្ទរកថានាព្រឹកមិញនេះ សម្តេចបវរធិបតីបានគូសបញ្ជាក់ពីតម្រូវការសំខាន់ក្នុងការធានាឱ្យរោងចក្រប្រព្រឹត្តិកម្មទឹកសំណល់ឱ្យបានត្រឹមត្រូវមុននឹងបញ្ចេញវាទៅក្នុងប្រភពទឹកសាធារណៈដើម្បីការពារសុខភាពសាធារណៈ និងការប្រើប្រាស់ក្នុងផលិតកម្មឧស្សាហកម្មនានា។

សម្តេចនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការរៀបចំគ្រប់គ្រងឱ្យបាននូវការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ មានសារៈសំខាន់ដើម្បីបង្ការហានិភ័យធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋ និងសកម្មភាពឧស្សាហកម្ម។ សម្តេចបវរធិបតី ​បាន​រំឭក​ពី​ករណី​រោងចក្រ​នៅ​ខេត្ត​បាត់ដំបង ដែល​បញ្ចេញ​ទឹក​សំណល់​ដែល​មិន​បាន​កែច្នៃ ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន។

សម្តេចបវរធិបតី បានសង្កត់ធ្ងន់ថា «សូមឱ្យយកចិត្តទុកដាក់ ពិសេសនៅតាមបណ្តារាជធានីខេត្ត និងជាពិសេសនៅតាមបណ្តាខេត្តដែលជាប់ទន្លេ និងសមុទ្រ ធ្វើយ៉ាងរោងចក្រសហគ្រាសដែលនៅជិតនោះ បង្ហូរទឹកចូលត្រូវធ្វើយ៉ាងម៉េចឱ្យទឹកនោះត្រូវឆ្លងកាត់ការធ្វើប្រព្រឹត្តិកម្មឱ្យបាន»។ សម្តេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា រោងចក្រមួយចំនួនផលិតជាតិគីមីខ្ពស់ ដែលទាមទារឱ្យមានការត្រួតពិនិត្យបរិស្ថានតឹងរ៉ឹង។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់មន្ទីរបរិស្ថាន និងអាជ្ញាធរខេត្ត ត្រូវចុះត្រួតពិនិត្យជាប្រចាំ និងដាក់ពិន័យយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពាន។ សម្តេចបវរធិបតី ​បញ្ជាក់​ថា រោងចក្រ​ណា​ដែល​បញ្ចេញ​ទឹក​កខ្វក់​ត្រូវ​ផ្អាក​រហូត​ដល់​ដោះស្រាយ​បញ្ហា ដោយ​ព្រមាន​ថា​ការ​មិន​អនុវត្ត​តាម​អាច​គំរាមកំហែង​ដល់​សុខភាព​សាធារណៈ។

សម្តេចបវរធិបតី បានមានប្រសាសន៍ថា «ប្រជាពលរដ្ឋមានសុខភាពល្អជាលាភ ជាទ្រព្យ តែពលរដ្ឋមានសុខភាពមិនល្អជាបន្ទុក» ដូច្នេះហើយ រាជរដ្ឋាភិបាលខិតខំកែលម្អសុខភាពសាធារណៈ។

សម្តេចបវរធិបតី បានពន្យល់ថា «សម្រាប់ប្រជាពលរដ្ឋម្នាក់ៗសុខភាពជាគោលសំខាន់ បើយើងមានសុខភាព យើងមានធនធាន បើសុខភាពលំបាកយើងជាបន្ទុក [...] ប្រជាពលរដ្ឋម្នាក់ជាបន្ទុកគ្រួសារម្នាក់ ប៉ុន្ដែប្រជាពលរដ្ឋច្រើនជាកម្លាំងសំខាន់របស់ជាតិ»។

សម្តេចបវរធិបតី បានឆ្លុះបញ្ចាំងបន្ថែមទៀតលើសមិទ្ធិផលរបស់រដ្ឋាភិបាលក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ រួមទាំងការពង្រីកហេដ្ឋារចនាសម្ព័ន្ធថែទាំសុខភាពដូចជាមន្ទីរពេទ្យ និងមជ្ឈមណ្ឌលឯកទេស ដែលបានធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងនូវសេវាវេជ្ជសាស្រ្តនៅទូទាំងប្រទេសកម្ពុជា។

សម្តេចបវរធិបតី  ហ៊ុន ម៉ាណែត អំពាវនាវឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងដៃគូអភិវឌ្ឍន៍ រៀបចំផែនការមេអភិវឌ្ឍប្រព័ន្ធចម្រោះ និងប្រព្រឹត្តកម្មទឹកកខ្វក់ នៅទីក្រុង និងទីប្រជុំជនធំៗ ដោយធានាឲ្យមានសង្គតិភាពទៅ នឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត។

សម្តេចបវរធិបតីបានកោតសរសើរចំពោះទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសកម្ពុជា និងកូរ៉េខាងត្បូង ដែលរយៈពេលជាង ២៨ ឆ្នាំបានក្លាយជាភាពជាដៃគូយុទ្ធសាស្ត្រជំរុញការវិនិយោគ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌។

សម្តេចបវរធិបតី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនកូរ៉េខាងត្បូងសម្រាប់ការគាំទ្រផែនការអភិវឌ្ឍន៍របស់កម្ពុជា និងកិច្ចសហប្រតិបត្តិការបន្តក្នុងវិស័យសំខាន់ៗ ដែលរួមចំណែកយ៉ាងសំខាន់ដល់ហេដ្ឋារចនាសម្ព័ន្ធ និងកំណើនសេដ្ឋកិច្ចរបស់ប្រទេស។

ក្នុងពិធីនោះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានរាយការណ៍ពីសារៈសំខាន់នៃគម្រោងនេះ ដោយមានប្រសាសន៍ថា «ការអភិវឌ្ឍន៍នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹកសំណល់ ដើម្បីឆ្លើយតបទៅនឹងកំណើនទីក្រុងយ៉ាងឆាប់រហ័ស និងការកើនឡើងចំនួនប្រជាជននៅក្នុងទីក្រុងធំៗនៃប្រទេសកម្ពុជា»។

គម្រោងនេះមានធាតុផ្សំសំខាន់ៗចំនួនពីរ៖ ការសាងសង់ប្រព័ន្ធលូ និងប្រព័ន្ធបង្ហូរទឹកភ្លៀងដាច់ដោយឡែក និងវិធានការកាត់បន្ថយទឹកជំនន់។

កន្លែង​ប្រព្រឹត្តិកម្ម​ទឹក​សំណល់​នឹង​ប្រើ​វិធី​សាស្ត្រអាងចម្លោះ​ធម្មជាតិ ​លើ​ផ្ទៃដី ៣០ ហិកតា ដែលមានសមត្ថភាពចម្លោះទឹកកខ្វក់ចំនួន ១២ ០០០ ម៉ែត្រ​គុប​ក្នុង​មួយ​ថ្ងៃ។ គម្រោង​នេះ​រួម​មាន​ការ​សាងសង់​ស្ថានីយ​បូម​ទឹក​សំណល់​ចំនួន ៧ និង​បណ្តាញលូទឹកកខ្វក់គ្រប់ប្រភេទ ១២៥ គីឡូម៉ែត្រ ដោយ​តភ្ជាប់​តំបន់​សេវា​ចំនួន ៦ គឺ​សង្កាត់​កំពង់​សំណាញ់ ដើមមៀន តាក្តុល ក្រុង​តាខ្មៅ ព្រែក​ហូរ និង​សង្កាត់​ព្រែក​ឬស្សី ដែល​មាន​ផ្ទៃដី​ប្រមាណ ៩៧៤ ហិកតា ក្នុង​ក្រុង​តាខ្មៅ។

ការសាងសង់ប្រព័ន្ធរំដោះទឹកជំនន់រួមមាន ការកសាងបណ្តាញលូបង្ហូរទឹកភ្លៀង រួមទាំងលូប្រអប់ និងលូមូលនៅតាមផ្លូវជាតិលេខ ២១ ចាប់ពីរង្វង់មូលតាខ្មៅ ប្រវែង ៥ គីឡូម៉ែត្រ។ គម្រោងនេះក៏រួមបញ្ចូលផងដែរនូវការសាងសង់ និងការស្តារឡើងវិញនូវស្ថានីយ៍បូមទឹកទឹកភ្លៀងចំនួនពីរ និងបណ្តាញលូបន្ថែមនៅក្នុងក្រុងតាខ្មៅ។

លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើធាតុផ្សំនៃការកសាងសមត្ថភាពរបស់គម្រោង ដោយកត់សម្គាល់ថា ការងហ្វឹកហាត់ប្រតិបត្តិការ និងថែទាំរយៈពេលមួយឆ្នាំនឹងធ្វើឡើងដើម្បីបង្កើនជំនាញរបស់មន្ត្រី និងបុគ្គលិកដែលទទួលខុសត្រូវលើការគ្រប់គ្រងប្រព័ន្ធ។

គម្រោងនេះត្រូវបានប្រតិបត្តិដោយការបណ្តាក់ទុនរួមគ្នារវាង KUMHO-TECHCROSS និងត្រួតពិនិត្យបច្ចេកទេសដោយ DOHWA-SEOYOUNG ជាមួយនឹងតម្លៃកិច្ចសន្យាសរុបលើសពី ៩០ លានដុល្លារអាមេរិក។ ការ​សាង​សង់​គ្រោង​នឹង​បញ្ចប់​ក្នុង​រយៈ​ពេល​៣៦​ខែ ​ដោយគ្រោងបញ្ចប់ការសាងសង់នៅក្នុង ​ឆ្នាំ​២០២៧៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក