
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឥណ្ឌូនេស៊ី និងទីម័រខាងកើត
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ សម្តេចតេជោ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចេញដំណើរទៅប្រទេសឥណ្ឌូនេស៊ី ដែលសម្តេចនឹងស្នាក់នៅរហូតដល់ថ្ងៃទី៧ ខែឧសភា និងបន្តបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ។
មុនពេលចេញដំណើរពីរាជធានីភ្នំពេញ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នឹងបំពេញបេសកកម្មការទូតផ្លូវការ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយឥណ្ឌូនេស៊ី និងទីម័រខាងកើត។ លោកបានមានប្រសាសន៍ថា «ទស្សនកិច្ចនេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់កម្ពុជាក្នុងការពង្រឹងទំនាក់ទំនងការទូត ជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងចែករំលែកបទពិសោធន៍ក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍន៍»។
ក្នុងអំឡុងពេលស្នាក់នៅប្រទេសឥណ្ឌូណេស៊ី ប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន នឹងជួបសំដែងការគួរសម និងពិភាក្សាការងារដាច់ដោយឡែកជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ឥណ្ឌូនេស៊ី រួមទាំងឯកឧត្តម ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតី, ឯកឧត្ដម ស៊ុលតាន់ បាចទីយ៉ា ណាចាមូឌីន ប្រធាន ព្រឹទ្ធសភា, និងលោកជំទាវ ពាន់ ម៉ាហារ៉ានី ប្រធានរដ្ឋសភា។
ខណៈនៅទីក្រុងហ្សាកាតា សម្តេចតេជោ គ្រោងនឹងធ្វើទស្សនកិច្ចនៅលេខាធិការដ្ឋានអាស៊ាន ដែលសម្តេចនឹងចូលរួមកិច្ចប្រជុំរួមគ្នាជាមួយមន្ត្រីអាស៊ាន រួមទាំងអគ្គលេខាធិការអាស៊ាន គណៈកម្មាធិការ និងតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន ព្រមទាំងឯកអគ្គរដ្ឋទូតទីម័រខាងកើតប្រចាំអាស៊ានផងដែរ។ ដំណើរទស្សនកិច្ចនេះ សម្តេចតេជោ នឹងអញ្ជើញថ្លែងបាឋកថា ក្រោមប្រធានបទស្តីពី «ទស្សនៈ និងបទពិសោធន៍ នៃកិច្ចខិតខំកសាងសន្តិភាពនៅកម្ពុជា» នៅសាលាសិក្សាអំពីរដ្ឋាភិបាលនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច អាស៊ាន និងអាស៊ីបូព៌ា (ERIA School of Government) ដែលនឹងមានការចូលរួមដោយអគ្គលេខាធិការ អាស៊ាន តំណាងអចិន្ត្រៃយ៍អាស៊ាន, អង្គទូតប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ីនិងប្រចាំអាស៊ាន, ថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំនៃក្រសួង/ស្ថាប័នរដ្ឋឥណ្ឌូណេស៊ី និងអង្គការសង្គមស៊ីវិលនៅឥណ្ឌូណេស៊ី។
ក្រោយដំណើរទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ី សម្តេចតេជោ នឹងបន្តដំណើរទៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ។ នៅទីនោះ សម្តេចតេជោ នឹងមានជំនួបដាច់ដោយឡែកពីគ្នា ជាមួយ ឯកឧត្តម ចូហ្សេ រ៉ាមូស អវតា ប្រធានាធិបតីទីម័រឡេស្តេ, ឯកឧត្តម កៃ វ៉ាឡា សាណាណា ហ្គូសម៉ៅ នាយករដ្ឋមន្ត្រីទីម័រឡេស្តេ, និងលោកជំទាវ ម៉ារៀ ហ្វើណាន់ដា ឡៃ ប្រធានរដ្ឋសភាទីម័រឡេស្តេ។
សម្តេចតេជោ ក៏នឹងថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពិសេសនៃរដ្ឋសភានៃប្រទេសទីម័រខាងកើត និងធ្វើបាឋកថាក្រោមចំណងជើងថា«មេរៀនរបស់ ហ៊ុន សែន៖ ពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព» នៅវិមានប្រធានាធិបតី។ សុន្ទរកថានេះនឹងមានការចូលរួមពីសមាជិកសភា មន្ត្រីរដ្ឋាភិបាល ទូត និស្សិត និងតំណាងសង្គមស៊ីវិល។
គួរកត់សំគាល់ផងដែរថា ជាកិច្ចតបស្នងទៅនឹងគុណបំណាច់ និងវិភាគទាន ដ៏សំខាន់របស់ សម្ដេចតេជោ ក្នុងការជួយគាំទ្រដល់ទីម័រឡេស្តេ ជាង ២ទសវត្សរ៍កន្លងមក ជាពិសេស ចំពោះការជម្រុញទីម័រឡេស្តេ ចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ឯកឧត្តម ប្រធានាធិបតីទីម័រឡេស្ដ នឹងបំពាក់គ្រឿងឥស្សរិយយស Grand Collar of the Order of Timor-Leste ដែលជាឥស្សរិយយស កម្រិតខ្ពស់បំផុត និងក៏ជាការផ្តល់កិត្តិយសដ៏ធំធេងពីភាគីទីម័រឡេស្តេជូនសម្តេចតេជោ ប្រធានព្រឹទ្ធសភា៕