
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់លើបង្ការ និងព្យាបាលជំងឺមហារីកក្នុងពិធីប្រកាសផែនការជាតិប្រយុទ្ធជំងឺមហារីក
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនការជាតិប្រយុទ្ធជំងឺមហារីកឆ្នាំ២០២៥-២០៣០ របស់កម្ពុជា ដោយគូសបញ្ជាក់ពីការផ្តល់អាទិភាពរបស់រដ្ឋាភិបាលក្នុងការដោះស្រាយជំងឺមហារីកជាបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈ និងសេដ្ឋកិច្ចសង្គម។
ថ្លែងក្នុងពិធីនោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជំងឺមហារីកបានក្លាយទៅជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់បុគ្គល និងសង្គម ដោយមានផលប៉ះពាល់ដល់សេដ្ឋកិច្ចសង្គមយ៉ាងទូលំទូលាយ។ សម្តេចធិបតី បានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកជាអាទិភាពចម្បងមួយរបស់ខ្លួន»។ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥ -២០៣០ នាថ្ងៃនេះ ជាការបើកទំព័រអភិវឌ្ឍន៍ថ្មីមួយទៀត សម្រាប់កម្ពុជាដែលបង្ហាញពីជំហរ និងការបន្តប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលក្នុងការការពារ និងសង្គ្រោះជីវិតប្រជាជន ពីជំងឺមហារីកដ៏កាចសាហាវ»។
សម្តេចធិបតី បានសង្កត់ធ្ងន់បន្ថែមទៀតលើកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធថែទាំសុខភាព ដោយលើកឡើងពីទំនើបកម្មនៃមន្ទីរពេទ្យហ្លួងម៉ែ។ សម្តេចធិបតី បានពន្យល់ថា៖ «មានភាពចាំបាច់ធ្វើទំនើបកម្មនៅពេទ្យហ្លួងម៉ែច្រើន ដោយសារដំបូងឡើយពេទ្យបង្កើតឡើងសម្រាប់តែព្យាបាលស្ត្រី ប៉ុន្តែនៅពេលនេះយើងធ្វើសម្រាប់ជាមន្ទីរពេទ្យព្យាបាលជំងឺមហារីក គឺត្រូវការរៀបចំហេដ្ឋារចនាសម្ព័ន្ធច្រើន […] យើងមិនថយនោះទេ យើងកំពុងរៀបចំ ខ្ញុំបានចុះហត្ថលេខាលើថវិកាជាច្រើនលានដុល្លារ ដើម្បីពង្រឹងប្រសិទ្ធភាព»។
សម្តេចនាយករដ្ឋមន្ត្រីបានទទួលស្គាល់ថា កម្ពុជាបច្ចុប្បន្នខ្វះខាតអ្នកជំនាញផ្នែកមហារីក។ សម្តេចបានបន្តថា៖ «ខណៈពេលដែលការសាងសង់មន្ទីរពេទ្យ និងការទិញឧបករណ៍ទំនើបអាចសម្រេចបានយ៉ាងឆាប់រហ័ស ការបណ្ដុះបណ្ដាលអ្នកជំនាញដែលមានសមត្ថភាពត្រូវការពេលវេលា»។ "រដ្ឋាភិបាលរបស់យើងបានពិចារណាលើគ្រប់ទិដ្ឋភាពទាំងអស់ - ការធ្វើឱ្យប្រសើរឡើងនៃមន្ទីរពេទ្យ បច្ចេកវិទ្យាទំនើប និងការបណ្តុះបណ្តាលវិជ្ជាជីវៈ - ដើម្បីធានាបាននូវការថែទាំប្រកបដោយគុណភាព និងទូលំទូលាយសម្រាប់ប្រជាពលរដ្ឋរបស់យើង" ។
សម្តេចធិបតី បានសម្តែងក្តីសង្ឃឹមថា នៅពេលអនាគត ប្រទេសកម្ពុជានឹងធ្វើវិមជ្ឈការ សេវាព្យាបាលជំងឺមហារីក ដោយផ្តល់លទ្ធភាពឱ្យមន្ទីរពេទ្យក្នុងតំបន់ ដូចជានៅខេត្តសៀមរាប និងខេត្តកំពង់ចាម ផ្តល់សេវាថែទាំមហារីកប្រកបដោយគុណភាព។ សម្តេចធិបតី បានបន្ថែមថា៖ «នេះនឹងអនុញ្ញាតឱ្យអ្នកជំងឺនៅខេត្តឆ្ងាយទទួលបានការព្យាបាលក្នុងស្រុកដោយកាត់បន្ថយការធ្វើដំណើរនិងការចំណាយដែលពាក់ព័ន្ធ»។
ឆ្លើយតបនឹងតម្រូវការបន្ទាន់សម្រាប់ការបង្ការ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានកត់សម្គាល់ថា ករណីមហារីកថ្មីប្រមាណ ២០.០០០ ករណីត្រូវបានធ្វើរោគវិនិច្ឆ័យជារៀងរាល់ឆ្នាំនៅកម្ពុជា។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា៖ «ការការពារគឺជារឿងសំខាន់។ "យុទ្ធនាការការយល់ដឹងជាសាធារណៈ និងការផ្លាស់ប្តូរអាកប្បកិរិយាមានសារៈសំខាន់ណាស់ក្នុងការថយចុះចំនួនទាំងនេះតាមពេលវេលា។"
សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការប្រើប្រាស់ថ្នាំជក់ ជាពិសេសក្នុងចំណោមយុវជន។ សម្តេចធិបតី បានអះអាងថា៖ «យើងប្រឆាំងយ៉ាងខ្លាំងចំពោះការផលិត និងការប្រើប្រាស់បារីអេឡិចត្រូនិក។ «កម្ពុជាមិនចាំបាច់ក្នុងការឱ្យមានក្រុមហ៊ុនផលិតបារីអគ្គិសនីនោះទេ [...] មានជម្រើសរាប់ពាន់មុខសម្រាប់ឱ្យគេមកវិនិយោគបាន ដូចនេះបើអត់មានក្រុមហ៊ុនមកផលិតបារីនៅកម្ពុជាក៏កម្ពុជាមិនក្រនោះដែរ»។
សម្តេចធិបតី បានបញ្ចប់ដោយការអំពាវនាវឲ្យបង្កើនការហាត់ប្រាណ ដើម្បីសុខភាព។ សម្តេចបានថ្លែងថា៖ «ខ្ញុំបានជំរុញឲ្យប្រជាពលរដ្ឋចូលរួមលេងកីឡា និងហាត់ប្រាណជាប្រចាំដើម្បីសុខភាពកាន់តែប្រសើរ [...] ឃើញថា នៅតាមបណ្ដារាជធានី-ខេត្ត បានរៀបចំសួនច្បារសាធារណៈ និងមានពលរដ្ឋហាត់ប្រាណច្រើនជាងមុន តាមរយៈការរៀបចំបរិស្ថានស្អាតមានសណ្ដាប់ធ្នាប់ សុវត្ថិភាព និងរបៀបរៀបរយ»។
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់អំពីផលប៉ះពាល់នៃជំងឺមហារីកលើបុគ្គល និងសង្គម។ លោកបានបញ្ជាក់ថា៖ «ជំងឺមហារីកគឺជាបន្ទុកដ៏ធំសម្រាប់ បុគ្គលជាអ្នកជំងឺផ្ទាល់ ក្រុមគ្រួសារ បងប្អូន មិត្តភក្ត្រ និងសង្គមជាតិទាំងមូល ដោយហេតុថាជំងឺ មួយនេះអាចធ្វើឱ្យប៉ះពាល់ខ្លាំងទៅលើសក្តានុពល ក៏ដូចជាសេដ្ឋកិច្ចរបស់បុគ្គល ក្រុមគ្រួសារ រួមនិងសេដ្ឋកិច្ចសង្គមជាតិថែមទៀតផង»។
លោកបានគូសបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលកម្ពុជាប្ដេជ្ញាចិត្តលើកកម្ពស់ការបង្ការជាបឋម ដោយចងក្រង ឯកសារស្តីពីផលប៉ះពាល់ នៃកត្តាខាងក្រៅលើសុខភាព និងជាពិសេសការប្រឈម នឹងហានិភ័យនៃជំងឺមហារីក ដោយជូនព័ត៌មានដល់ប្រជាពលរដ្ឋគួរយល់អំពីប្រធានបទនេះ និងបំភ្លឺតួអង្គផ្សេង ទៀតក្នុងសង្គម ដែលត្រូវការព័ត៌មានអំពីការអនុវត្ត ឬអាកប្បកិរិយាដែលបងប្អូនមិនទាន់យល់ដឹងថាអាចបង្ក គ្រោះថ្នាក់ដល់សុខភាព ឧទាហរណ៍ ដូចជា របបអាហារ ឬការនៅស្ងៀមមិនសូវធ្វើលំហាត់ប្រាណជាដើម»៕