ភ្នំពេញ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់អមដំណើរដោយស្វាមី បានមកដល់ប្រទេសកម្ពុជាហើយ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃ។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងចំពេលប្រារព្ធខួបលើកទី៧៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
នៅពេលមកដល់អាកាសយានដ្ឋាន នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត់ ត្រូវបានស្វាគមន៍ដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកស្រី ចម និមល និងមន្ត្រីជាច្រើនផ្សេងទៀត។ ដំណើរទស្សនកិច្ចនេះសន្យាថានឹងពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងកម្ពុជា និងថៃ តាមរយៈការចូលរួមការទូតសំខាន់ៗជាបន្តបន្ទាប់។
ក្នុងអំឡុងពេលស្នាក់នៅ នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត់ គ្រោងនឹងចូលគាល់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី នៅព្រះបរមរាជវាំង។ បន្ទាប់ពីនេះ លោកស្រីនឹងជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាជាមួយមន្ត្រីជាន់ខ្ពស់កម្ពុជា រួមមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហារដ្ឋសភាធិការធិបតី ខួន សុដារី ប្រធានរដ្ឋសភា។
ចំណុចសំខាន់នៃដំណើរទស្សនកិច្ចនេះ នឹងក្លាយជាជំនួបទ្វេភាគីរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ដែលការពិភាក្សានឹងផ្តោតលើយុទ្ធសាស្ត្រសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។ នៅចុងបញ្ចប់នៃកិច្ចពិភាក្សា មេដឹកនាំទាំងពីរនឹងធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនដែលមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តី ផែថងថាន ស៊ីណាវ៉ាត់ បានគូសបញ្ជាក់អំពីចំណងមិត្តភាពយូរអង្វែងរវាងកម្ពុជា និងថៃ ដោយបានពង្រឹងការប្តេជ្ញាចិត្តរួមគ្នារបស់ពួកគេចំពោះវិបុលភាព និងកិច្ចសហប្រតិបត្តិការទៅវិញទៅមកនៅក្នុងតំបន់។