
ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍បាត់ដំបង សម្រេចសេចក្ដីដោះលែងជនជាប់ចោទឈ្មោះ ចិន ស្រីដា ឱ្យមានសេរីភាព
បាត់ដំបង៖ ស្ត្រីឈ្មោះ ចិន ស្រីដា ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាឧទ្ធរណ៍បាត់ដំបង សម្រេចសេចក្ដីដោះលែងឱ្យមានសេរីភាពហើយនៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាឧទ្ធរណ៍បាត់ដំបង។
ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាឧទ្ធរណ៍បាត់ដំបង បានបើកសវនាការជាអសាធារណៈ ជំនុំជម្រះលើសំណុំរឿងសភាព្រហ្មទណ្ឌ(មុនអង្គសេក្ដី)លេខ ៣៣៨ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ពីបទ «គំរាមកំហែងហែកកេរ្តិ៍» ដែលមានជនជាប់ចោទឈ្មោះ ចិន ស្រីដា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ កាន់សាសនាព្រះពុទ្ធ ទីលំនៅបច្ចុប្បន្ន ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំក្រុងសៀមរាប ខេត្តសៀមរាប។
បើតាមសេចក្តីប្រកាសព័ត៌មាន ក្រោយធ្វើកិច្ចពិភាក្សាដេញដោលលើជនជាប់ចោទ ភាគីពាក់ព័ន្ធ និងបានពិនិត្យភស្តុតាង អង្គហេតុនិងអង្គច្បាប់ នាពេលសវនាការរួចមក ក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសជាអសាធារណៈនូវសាលដីកាព្រហ្មទណ្ឌ លេខ ០៤ “ច” ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ដោយបានសម្រេចសេចក្ដី ដោះលែងជនជាប់ចោទ ឈ្មោះ ចិន ស្រីដា ឱ្យមានសេរីភាព។
សភាព្រហ្មទណ្ឌ នៃសាលាឧទ្ធរណ៍បាត់ដំបង នឹងបើកសវនាការលើសំណុំរឿងអង្គសេចក្ដីនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ៕