ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

ករណីម្ចាស់បំណុល ឈ្មោះ ចិន ស្រីដា ត្រូវជាប់ពន្ធនាគារ ជាករណី គំរាមកំហែងហែកកេរ្តិ៍ មិនមែនជាករណីបំណុលទេ

សៀមរាប៖​ សាលាដំបូង និងអយ្យការអម និងសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ ថា ករណីដែលថា ម្ចាស់បំណុល ឈ្មោះ ចិន ស្រីដា មិនបានទទួលការសងប្រាក់ពីកូនបំណុលហើយ បែរជាម្ចាស់បំណុលត្រូវជាប់ពន្ធនាគារ គឺជាការលើកឡើងមិនត្រឹមត្រូវនោះទេ ព្រោះថាការជាប់ពន្ធនាគាររបស់ ឈ្មោះ ចិន ស្រីដា គឺជាការទទួលខុសត្រូវក្នុងរឿងក្ដីព្រហ្មទណ្ឌ និងការលើកឡើងថា "ការប្តឹងមកតុលាការមិនទទួលបានដំណោះស្រាយនោះ" ក៏ពុំមែនជាការពិតដែរ ព្រោះសាលាដំបូងខេត្តសៀមរាប មិនដែលទទួលបានបណ្តឹងទាមទារប្រាក់ ពីឈ្មោះ ចិន ស្រីដា ឡើយ។

អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ថា ករណីរឿងក្តីជំពាក់ប្រាក់ កូនបំណុលមានកាតព្វកិច្ចត្រូវសងប្រាក់ទៅម្ចាស់បំណុលវិញដោយស្ម័គ្រចិត្ត ក្នុងករណីកូនបំណុលមិនអនុវត្តកាតព្វកិច្ចខ្លួន ម្ចាស់បំណុលត្រូវប្តឹងទាមទារប្រាក់ទៅតុលាការតាមនីតិវិធីរដ្ឋប្បវេណី ដោយភ្ជាប់ជាមួយនឹងភស្តុតាងតាមផ្លូវច្បាប់នៃការខ្ចីប្រាក់នោះ។ ប្រសិនបើមានបណ្ដឹងទាក់ទងនឹងប្រាក់ជំពាក់នេះ មានភស្តុតាងតាមផ្លូវច្បាប់គ្រប់គ្រាន់ត្រូវបានដាក់មកនោះ សាលាដំបូងខេត្តសៀមរាប នឹងសម្រេចផ្ដល់យុត្តិធម៌ ហើយធានាថាកូនបំណុលនឹងត្រូវសងប្រាក់ទៅឱ្យម្ចាស់បំណុលតាមផ្លូវច្បាប់ និងនីតិវិធីជាធរមាន។

ដោយឡែក ករណីរឿងក្តីព្រហ្មទណ្ឌ ត្រូវដោះស្រាយតាមនីតិវិធីព្រហ្មទណ្ឌ ប្រសិនបើបុគ្គលណាមួយបានប្រព្រឹត្តកំហុសដែលបង្កើតជាបទល្មើសព្រហ្មទណ្ឌ បុគ្គលដែលរងគ្រោះដោយសារអំពើនោះ អាចប្ដឹងមកកាន់អយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ នៅក្នុងដំណើរការនៃរឿងក្តីព្រហ្មទណ្ឌបុគ្គលដែលមិនចូលខ្លួនតាមនីតិវិធី តុលាការមានសិទ្ធិផ្នែកអាជ្ញាក្នុងការចេញដីកានានា ដោយរួមទាំងដីកាបង្គាប់ឱ្យនាំខ្លួន ឬ ចាប់ខ្លួន ឬ ឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីបម្រើឱ្យការអនុវត្តនីតិវិធី។

អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប ថា មកដល់ពេលនេះ សាលាដំបូងខេត្តសៀមរាប មិនដែលបានទទួលនូវបណ្ដឹង ដែលមាន ឈ្មោះ ចិន ស្រីដា ប្តឹងទាមទារប្រាក់ពីឈ្មោះ សម្បត្តិ កុសល ឬឈ្មោះ រ៊ាំង ភិរម្យ នោះឡើយ។ 

ដោយឡែកចំពោះ ករណីសំណុំរឿងព្រហ្មទណ្ឌ អយ្យការអមសាលាដំបូងខេត្តសៀមរាប បានអះអាងថា បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងឈ្មោះ ចិន ស្រីដា ឈ្មោះ សម្បត្តិ កុសល និងឈ្មោះ វ៉ាំង ភិរម្យ សរុបចំនួន ៥ សំណុំរឿង និងបានចាត់ការ រួមមាន៖ 

សំណុំរឿងទី ១-សំណុំរឿងព្រហ្មទណ្ឌលេខ ៨៨ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ មានអ្នកប្តឹងឈ្មោះ រ៊ាំង ភិរម្យ ប្តឹងឈ្មោះ ចិន ស្រីដា ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ តំណាងអយ្យការបានចេញដីកាតម្កល់រឿងទុកឥតចាត់ការរួចហើយ ឈ្មោះ រម្យ បានប្តឹងតវ៉ានឹងដីកាតម្កល់រឿងទុកឥតចាត់ការខាងលើទៅមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង។ 

សំណុំរឿងទី ២-សំណុំរឿងព្រហ្មទណ្ឌលេខ ៤៧០ ចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ មានអ្នកប្តឹងឈ្មោះ សម្បត្តិ កុសល ប្តឹងឈ្មោះ ចិន ស្រីដា ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ តំណាងអយ្យការបានចេញដីកាតម្កល់រឿងទុក ឥតចាត់ការ និងជូនដំណឹងអំពីការសម្រេចនេះទៅឈ្មោះ សម្បត្តិ កុសល តាមនីតិវិធីរួចរាល់។ 

សំណុំរឿងទី ៣-សំណុំរឿងព្រហ្មទណ្ឌលេខ ៥៨៨ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ មានអ្នកប្តឹងឈ្មោះ សម្បត្តិ កុសល ប្តឹងឈ្មោះ ចិន ស្រីដា ពីបទ គំរាមកំហែងហែកកេរ្តិ៍។ សំណុំរឿងនេះ តំណាងអយ្យការបានសម្រេច បើកការស៊ើបសួរតាមដីកាសន្និដ្ឋានបញ្ចូនរឿងឱ្យស៊ើបសួរ និងត្រូវបានចៅក្រមស៊ើបសួរបញ្ចូនទៅជំនុំជម្រះ តាមដីកាដំណោះស្រាយ ហើយត្រូវបានចៅក្រមជំនុំជម្រះចេញសាលក្រមលេខ ១៥ "ឃ"/១៦១ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយសម្រេចផ្តន្ទាទោសលើឈ្មោះ ចិន ស្រីដា ដាក់ពន្ធនាគារកំណត់រយៈពេល ២ឆ្នាំ ពីបទគំរាមកំហែងហែកកេរ្តិ៍ និងបង្គាប់ឱ្យចាប់ខ្លួន-ឃុំខ្លួន។ ក្រោយមក ឈ្មោះ ចិន ស្រីដា ត្រូវបានចាប់ខ្លួន និងកំពុងឃុំខ្លួននៅពន្ធនាគារខេត្តសៀមរាប តាមអំណាចសាលក្រមខាងលើ ហើយបច្ចុប្បន្នសំណុំរឿងនេះបានបញ្ចូនទៅដល់សាលាឧទ្ធរណ៍បាត់ដំបង តាមបណ្តឹងឧទ្ធរណ៍របស់មេធាវីរបស់ឈ្មោះ ចិន ស្រីដា។

សំណុំរឿងទី ៤-សំណុំរឿងព្រហ្មទណ្ឌលេខ ១៤៤៩ ចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ មានអ្នកប្តឹងឈ្មោះ ចិន ស្រីដា ប្តឹងទៅលើឈ្មោះ រ៊ាំង ភិរម្យ ពីបទ ប្តឹងបរិហារបង្កាច់កេរ្តិ៍ តំណាងអយ្យការបានចេញដីកាតម្កល់រឿងទុកឥតចាត់ការ និងបានជូនដំណឹងអំពីការសម្រេចនេះទៅឈ្មោះ ចិន ស្រីដា តាមនីតិវិធីរួចរាល់។

សំណុំរឿងទី ៥-សំណុំរឿងព្រហ្មទណ្ឌលេខ ៣៧ ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ មានអ្នកប្តឹងឈ្មោះ សម្បត្តិ កុសល ប្ដឹងទៅលើ១.ឈ្មោះ ចិន ស្រីដា ២.ឈ្មោះ ទី ប្រាថ្នា ពីបទ ប៉ុនប៉ងសូកប៉ាន់។ បច្ចុប្បន្ន សំណុំរឿងកំពុងស្ថិតនៅក្នុងចំណាត់ការអង្កេតរបស់តំណាងអយ្យការ។

ក្រៅពីសំណុំរឿងព្រហ្មទណ្ឌទាំង ៥ ខាងលើនេះ ឈ្មោះ ចិន ស្រីដា ក៏មានសំណុំរឿងព្រហ្មទណ្ឌ ៤ សំណុំរឿងផ្សេងទៀត ជាមួយបុគ្គលដទៃ ហើយត្រូវបានសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាបចាត់ការតាមនីតិវិធីរួចរាល់អស់ហើយដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក