
លោក នេត្រ ភក្រ្ដា៖ ព័ត៌មានក្លែងក្លាយនៅកម្ពុជាភាគច្រើន កើតចេញពីក្រុមជនអគតិមួយចំនួននៅក្រៅប្រទេស ដែលមានចរិតញុះញង់ បំភ្លៃ បំភាន់ និងបំផ្លើស ហើយគោលបំណងគឺធ្វើយ៉ាងណាបញ្ឆេះកំហឹងប្រជាជន
លោក នេត្រ ភក្ត្រា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា ព័ត៌មានក្លែងក្លាយនៅកម្ពុជា ភាគច្រើនគឺកើតចេញពីក្រុមជនអគតិមួយចំនួននៅក្រៅប្រទេស ដែលមានចរិតញុះញង់ បំភ្លៃ បំភាន់ និងបំផ្លើស ហើយចរិត ឬក៏គោលបំណងក្នុងការបង្កើតព័ត៌មានក្លែងក្លាយទាំងឡាយ គឺធ្វើយ៉ាងណាបញ្ឆេះកំហឹងប្រជាជន ដើម្បីធ្វើយ៉ាងណាបង្កើតឱ្យមានការស្អប់ខ្ពើមជាតិសាសន៍ ក៏ដូចជាការរើសអើង និងទម្លាក់ជំនឿទុកចិត្តរបស់ប្រជាជនលើការដឹកនាំរបស់រាជរដ្ឋាភិបាល។
ការគូសបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ – Say No to Fake News» នាព្រឹថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមផ្ទាល់ពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន ប្រធានមន្ទីរព័ត៌មាន រាជធានី ខេត្ត ទាំង២៥ ថ្នាក់ដឹកនាំសមាគមសារព័ត៌មាន និស្សិតមកពីដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍(DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងតាមប្រព័ន្ធវីដេអូ Zoom មានអភិបាលរងរាជធានី ខេត្ត ទទួលបន្ទុកព័ត៌មាន សមាជិកអ្នកនាំពាក្យរាជធានី ខេត្ត និងមន្ត្រីរាជការនៃមន្ទីរព័ត៌មាន សរុបប្រមាណ ១ ០០០ នាក់ ។
លោក នេត្រ ភក្រ្ដា បានមានប្រសាសន៍ថា៖ «ចំពោះដំណឹងក្លែងក្លាយ (Fake News) ត្រូវបានគេបង្កើតឡើងក្នុងគោលដៅបំភ្លៃ បំផ្លើស បំភាន់ ជាសាច់រឿងមិនពិតដែលត្រូវគេប្រឌិតឡើងជាទម្រង់រូបភាព អត្ថបទ វីដេអូ សំឡេងជាដើម ហើយផ្សព្វផ្សាយនៅលើគ្រប់ទម្រង់ជាពិសេសលើបណ្តាញទំនាក់ទំនងសង្គម និងបណ្តាញសារព័ត៌មានផ្សេងៗក្នុងគោលបំណងកេងចំណេញនយោបាយ អាជីវកម្ម ឬចង់បំផ្លាញកេរ្តិ៍ឈ្មោះ ជំនឿទុកចិត្ត។ ករណីសង្ស័យថាជាព័ត៌មានក្លែងក្លាយ សូមកុំចែករំលែកបន្ត និងត្រូវរាយការណ៍ ទៅបណ្តាញសង្គមដែលប្រើប្រាស់ថាជា False Information»។
ឯកឧត្ដមរដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ- Say No to Fake News» ធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរឥរិយាបថ របស់ប្រជាជន ដែលជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយទំនើបដើម្បីទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយក្នុងសង្គមកម្ពុជា។
ជាមួយគ្នានេះដែរ លោក រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏ស្នើដល់សាធារណជនទូទៅ អ្នកសារព័ត៌មាន អ្នកផលិតមាតិកាពិសេសយុវជន សូមចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយទាំងឡាយ តាមរយៈការផ្សព្វព័ត៌មានពិត និងកុំចែកចាយព័ត៌មានក្លែងក្លាយ តាមប្រព័ន្ធឌីជីថល ។ រាល់ពេលប្រើបណ្តាញសង្គម ត្រូវគិតដល់គ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយដែលអាចកើតឡើង។ លោក នេត្រ ភក្ត្រា បានបញ្ជាក់បន្ថែមថា យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ធ្វើឡើងផ្តោតជាសំខាន់ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយដែលកំពុងជ្រៀតចូលលើបណ្ដាញទំនាក់ ទំនងសង្គម TikTok Facebook និងប្រព័ន្ធផ្សព្វផ្សាយទំនើបជាច្រើនផ្សេងទៀត ។
សូមជម្រាបជូនថា ក្រសួងព័ត៌មាន រៀបចំការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ- Say No to Fake News» សំដៅធានាឱ្យបាននូវសុវត្ថិភាពព័ត៌មានសម្រាប់អ្នកប្រលប្រាស់ និងធានាសន្តិសុខព័ត៌មាន ដែលសន្តិសុខព័ត៌មាននេះ គឺក្រសួងព័ត៌មាន ផ្តោតជាសំខាន់ចំនួន៣ ទី១៖ ធានាសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ, ទី២៖ គុណភាពព័ត៌មាន ផ្តល់ជូនប្រជាពលរដ្ឋ និងទី៣៖ សុវត្ថិភាពព័ត៌មានសម្រាប់ប្រជាជនប្រើប្រាស់ ហើយកិច្ចការងារទាំងនេះ គឺជាការរួមចំណែកដល់ការពង្រឹងសន្តិសុខ និងស្ថិរភាពសង្គម ៕