
កម្មវិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥
រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សឆ្នាំ២០២៤ និងលើកទិសដៅការងាររបស់ គ.ជ.ប.ជសម្រាប់ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងមហាផ្ទៃ។
ពិធីនេះមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី, មន្ត្រីជាន់ខ្ពស់មកពីក្រសួង ស្ថាប័ននានា ជាសមាជិក គ.ជ.ប.ជ និងថ្នាក់ក្រោមជាតិ អង្គការដៃគូជាតិ និងអន្តរជាតិ ស្ថានតំណាងប្រទេសជាមិត្ត ប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រមាណ ៥០០នាក់។
ក្នុងឱកាសដ៏មហោឡារឹក នៃកម្មវិធីផ្សព្វផ្សាយ «របាយការណ៍ជាតិបូកសរុបការងារប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស ឆ្នាំ២០២៤ និងទិសដៅការងារ ឆ្នាំ២០២៥» នេះ ក្នុងនាមជាប្រធាន នៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស, លោកអភិសន្តិបណ្ឌិត ស សុខា បានសម្តែងនូវអំណរសាទរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលដ៏ធំធេងដែល សម្រេចបាន ក្រោមកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ពេញមួយឆ្នាំកន្លងទៅ របស់ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អង្គភាព នៅថ្នាក់ជាតិ លោក លោកស្រី អភិបាល អភិបាលរងរាជធានី ខេត្ត មន្ត្រីរាជការ កងកម្លាំងគ្រប់ប្រភេទ នៅថ្នាក់ក្រោមជាតិ អង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិ ទាំងអស់ នៅទូទាំងប្រទេស។
លោកអភិសន្តិបណ្ឌិត បន្ដថា ជារៀងរាល់ឆ្នាំ គ.ជ.ប.ជ តែងតែធ្វើការផ្សព្វផ្សាយ នូវលទ្ធផលការងារ របស់ គ.ជ.ប.ជ ដើម្បីចែកជូនសាធារណជន អ្នកសារព័ត៌មាន ជាតិ និងអន្តរជាតិ បានជ្រាបអំពីកិច្ចខិតខំប្រឹងប្រែង ក្នុងការបង្ការ ទប់ស្កាត់ឈានទៅលុបបំបាត់អំពើជួញដូរមនុស្ស។ លទ្ធផលដែលទទួលបាន ពិតជាធំធេង និងបង្ហាញនូវឆន្ទៈ រួម និងកម្លាំងសរុប ដែលយើងទាំងអស់គ្នា ទាំងរាជរដ្ឋាភិបាល ទាំងអង្គការមិនមែនរដ្ឋាភិបាល ជាតិ និងអន្តរជាតិ ទាំងវិស័យសាសនា វិស័យឯកជន បាននាំគ្នាពុះពារគ្រប់ឧបសគ្គ និងភាពប្រឈមទាំងឡាយ ដើម្បីធ្វើឱ្យសម្រេច នូវលទ្ធផលនេះ។
យោងតាមរបាយការណ៍ ស្ដីពី ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ដ ឆ្នាំ២០៥ របស់ គ.ជ.ប.ជ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានចាត់ទុកការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាកិច្ចការអាទិភាព មួយក្នុងចំណោមអាទិភាពដទៃទៀត រួមមានការដោះស្រាយផលប៉ះពាល់នៃគ្រឿងញៀន គ្រឿងស្រវឹង គ្រោះថ្នាក់ ចរាចរណ៍ និងបានដាក់ចេញនូវយុទ្ធសាស្ត្រឆ្លើយតបកាន់តែមានប្រសិទ្ធភាព ដោយខិតខំជំរុញសកម្មភាពឥត ឈប់ឈរ ដើម្បីការពារសុវត្ថិភាព និងសន្តិសុខមនុស្ស ក៏ដូចជាសន្តិសុខជាតិទាំងមូល សម្រាប់ទ្រទ្រង់ដំណើរការ អភិវឌ្ឍន៍ជាតិគ្រប់វិស័យ៕