
ពូទីនយល់ព្រមផ្អាក 30 ថ្ងៃក្នុងការវាយប្រហាររោងចក្រថាមពល ប៉ុន្តែបដិសេធបទឈប់បាញ់ពេញលេញនៅអ៊ុយក្រែន
អន្តជាតិ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានយល់ព្រមផ្អាកជាបណ្តោះអាសន្នក្នុងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន ប៉ុន្តែបានបដិសេធបទឈប់បាញ់រយៈពេល ៣០ ថ្ងៃពេញ ដែលស្នើឡើងដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាជំហានដំបូង ដើម្បីឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ី។
មន្ត្រីអ៊ុយក្រែនបានបង្ហាញការគាំទ្រចំពោះបទឈប់បាញ់មិនពេញលេញខាងលើ ដែលតម្រូវឱ្យទាំងរុស្ស៊ី និងអ៊ុយក្រែនបញ្ឈប់ការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់គ្នាទៅវិញទៅមករយៈពេលមួយខែ។
ក្រុមអ្នកជំនាញយល់ថា ការបដិសេធរបស់លោកពូទីន ក្នុងការទទួលយកបទឈប់បាញ់ពេញលេញរយៈពេល៣០ថ្ងៃ ដែលស្នើឡើងដោយសហរដ្ឋអាម៉េរិកនោះទេ ពោលគឺអាចជាចេតនាមួយក្នុងការកេងចំណេញពេលវេលា ក្នុងពេលដែលកងទ័ពរុស្ស៉ីកំពុងមានភាពរីកចម្រើននៅតំបន់ភាគខាងកើតអ៊ុយក្រែន។
មន្ត្រីសេតវិមានបានឱ្យដឹងដែរថា កិច្ចចរចាសន្តិភាពនឹងចាប់ផ្តើមភ្លាមៗបន្ទាប់ពីមានកិច្ចសន្ទនាទូរស័ព្ទរវាងលោក ត្រាំ និងលោក ពូទីន កាលពីថ្ងៃអង្គារ។ ទោះបីជាយ៉ាងណាក៏ដោយ វានៅតែមិនទាន់ច្បាស់ថាតើកិច្ចចរចាទាំងនោះនឹងមានវត្តមានអ៊ុយក្រែនត្រូវបានបញ្ចូលក្នុងការពិភាក្សាដែរឬទេ។
ចំណែកឯនៅវិមានក្រឹមឡាំងបានបញ្ជាក់ថា លោក ពូទីន បានបញ្ជាឱ្យយោធារុស្ស៊ីបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន បន្ទាប់ពីបានឈានដល់កិច្ចព្រមព្រៀងការឯកភាពគ្នាជាមួយលោក ត្រាំ ៕