ខេត្តពោធិ៍សាត់ ៖ នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានជួបជាមួយកសិករជាង ២០០គ្រួសារ មកពីភូមិចំនួន ៥ ក្នុងឃុំកញ្ចរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលមានបំណងចងក្រងជាសហគមន៍កសិកម្មទំនើបសម្រាប់ការដាំដុះស្រូវ។
ក្នុងពិធីសំណេះសំណាលនេះ លោករដ្ឋមន្ត្រី ឌិត ទីណា បានសង្កត់ធ្ងន់លើគុណសម្បត្តិនៃការចូលរួមសហគមន៍កសិកម្មទំនើប ដូចជាការកាត់បន្ថយថ្លៃដើមផលិត ការទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស និងការធានាការតភ្ជាប់ទីផ្សារជាមួយនឹងតម្លៃដែលបានកំណត់ទុកជាមុន។
លោកស្រី សុខ ជា តំណាងប្រជាកសិករដាំស្រូវនៅឃុំកញ្ចរ បានលើកឡើងថា ការដាំស្រូវពូជអូអឹម៥៤៥១ ក្នុងឆ្នាំនេះមិនដល់ថ្នាក់ខាតដើមទេ ប៉ុន្តែទទួលបានប្រាក់ចំណេញតិចជាងឆ្នាំមុន ហេតុនេះហើយទើបកសិករនៅទីនេះមានបំណងចងក្រងជាសហគមន៍កសិកម្មទំនើបវិញម្តង។
ជាការឆ្លើយតប លោករដ្ឋមន្ត្រីបានជំរុញឱ្យអ្នកជំនាញកសិកម្មធ្វើការវាយតម្លៃគុណភាពដីឱ្យបានទូលំទូលាយដើម្បីកំណត់ពូជស្រូវដែលសមស្របបំផុតសម្រាប់លក្ខខណ្ឌក្សេត្របរិស្ថានក្នុងតំបន់ លោកក៏បានផ្តល់អនុសាសន៍ឱ្យផ្តោតលើការបង្រួបបង្រួមផ្ទៃដីស្រូវប្រាំងប្រមាណ ១០០០ហិចតា មុននឹងឈានទៅរៀបចំសហគមន៍កសិកម្មទំនើបធានាឱ្យបាននូវអត្ថប្រយោជន៍ពីសេដ្ឋកិច្ចមាត្រដ្ឋាន៕