
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទគូសបញ្ជាក់ពីសមិទ្ធផលឆ្នាំ២០២៤ និងចក្ខុវិស័យឆ្នាំ២០២៥
រាជធានីភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឆាយ រិទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅយុទ្ធសាស្ត្រឆ្នាំ២០២៥។ ពិធីនេះធ្វើឡើងនៅទីស្នាក់ការក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ទីប្រឹក្សាក្រសួង មន្ទីរអភិវឌ្ឍន៍ជនបទទាំង២៥ រាជធានី-ខេត្តតំណាងក្រសួង ស្ថាប័ន អង្គទូត ដៃគូអភិវឌ្ឍន៍ ភ្លៀវកិត្តិយសជាតិ និងអន្ដរជាតិ សរុបចំនួនប្រមាណ ៧៩៥នាក់។
លោករដ្ឋមន្ត្រី ឆាយ រិទ្ធី សែន បានបន្តលើកឡើងទៀតថា ការរីកចម្រើនរបស់ប្រទេសជាតិកើតចេញពីសន្តិភាព និងស្ថិរភាព ដែលសម្រេចបានតាមរយៈការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ និងឯកភាពជាតិពេញលេញទូទាំងប្រទេស។ លោករដ្ឋមន្ត្រីក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនា សេចក្តីស្រលាញ់យ៉ាងជ្រាលជ្រៅ សេចក្តីនឹករឭក និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងសមាជិក សមាជិកា នៃអង្គសន្និបាតទាំងមូល។
លោករដ្ឋមន្រ្ដី បានបន្តលើកឡើងទៀតថា ដើម្បីបន្តពន្លឿនកិច្ចអភិវឌ្ឍន៍ និងជំរុញការអនុវត្តឱ្យកាន់តែស៊ីជម្រៅ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភាដោយផ្អែកលើគោលដៅជាយុទ្ធសាស្ត្រចំនួន ៥ គឺ៖ទី១) ធានាឱ្យបានកំណើនសេដ្ឋកិច្ចខ្ពស់, ទី២) បង្កើតការងារឱ្យបានកាន់តែច្រើន ទី៣) សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ ទី៤) បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន និងទី៥) ការធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ព្រមទាំងបានកំណត់យកវិស័យអាទិភាពគន្លឹះចំនួន ៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ដោយមានចក្ខុវិស័យប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតប្រជាជននៅតំបន់ជនបទ ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីទទួលបាននូវការអភិវឌ្ឍ និងរស់នៅដោយសុខដុមរមនា និងស៊ីវិល័យ ក្រោមចក្ខុវិស័យ ដោយបានដាក់ចេញនូវកម្មវិធីជាអាទិភាពមានអាទិ៍៖ ទី១៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍៖ ដែលជាបុរេលក្ខខណ្ឌ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសារសំខាន់ តាមរយៈការធ្វើសមាហរណកម្មទាំងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌, ទី២៖ ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ៖ ធ្វើឱ្យប្រជាជនមានសុខភាពល្អ និងមានបរិស្ថានរស់នៅល្អ តាមរយៈ ការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងការអនុវត្តអនាម័យផ្ទាល់ខ្លួនតាមក្បួនខ្នាតត្រឹមត្រូវ, ទី៣៖ ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ៖ ដើម្បីចូលរួមបង្កើតឱកាសការងារ មុខរបរ សហគ្រិនភាព និងទីផ្សារ៕