ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

ផ្សាយផ្ទាល់៖ ពិធីបើក "សបា្តហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥” និងការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ "ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី “បើកសប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ ២០២៥ និង ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ ២០២៤-២០៣៥” នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគាររ៉េស៊ីដង់សុខា ភ្នំពេញ។ 

ចាប់តាំងពីឆ្នាំ២០២២, ក្រុមប្រឹក្សាជាតិគាំពារសង្គមបានរៀបចំ សប្តាហ៍គាំពារសង្គមកម្ពុជា ប្រចាំឆ្នាំ។ សប្តាហ៍គាំពារសង្គម ជាវេទិកាមួយដែលផ្ដល់ឱកាសដល់ភាគីពាក់ព័ន្ធ ដើម្បីពិភាក្សា និងផ្លាស់ប្តូរទស្សនវិស័យ, គោលនយោបាយ, ចែករំលែកចំណេះដឹង, បទពិសោធ, និងឧត្តមានុវត្តន៍នៃគោលនយោបាយគាំពារសង្គម ពីបណ្តាប្រទេសនានា ទាំងក្នុងតំបន់ និងសកល ជាពិសេស ដើម្បីផ្សព្វផ្សាយពីវឌ្ឍនភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា ដល់សាធារណជន ឱ្យជ្រាបកាន់តែច្បាស់។ សម្រាប់ឆ្នាំ២០២៥ នេះ, សប្តាហ៍គាំពារសង្គមកម្ពុជា នឹងត្រូវរៀបចំឡើងក្រោមមូលបទ “អភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា ដើម្បីការគ្របដណ្តប់កាន់តែប្រសើរ ទៅតាមហានិភ័យនៃវដ្ដជីវិត” ។

សប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥ នេះ នឹងមានការអញ្ជើញចូលរួមពី គណៈអធិបតី និងភ្ញៀវកិត្តិយសសរុបចំនួនប្រមាណ ១ ០០០ នាក់ (៥០០ នាក់ នឹងមានវត្តមាននៅក្នុងពិធីបើក នៅសណ្ឋាគាររ៉េស៊ីដង់សុខា ភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ខណៈអ្នកចូលរួម ៥០០ នាក់ទៀត នឹងចូលរួមតាមការអញ្ជើញតាមរបៀបវារៈពាក់ព័ន្ធ)។ គណៈអធិបតី និងភ្ញៀវកិត្តិយសដែលនឹងអញ្ជើញចូលរួម រួមមាន៖ សមាជិក-សមាជិកាព្រឹទ្ធសភា, រដ្ឋសភា និងរាជរដ្ឋាភិបាល, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ព្រមទាំងឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូត, ដៃគូអភិវឌ្ឍន៍, អង្គការសង្គមស៊ីវិល និងស្ថាប័នសិក្សាស្រាវជ្រាវ។

សម្រាប់ពិធីបើក, កម្មវិធីនឹងចាប់ផ្តើមដោយសុន្ទរកថាស្វាគមន៍ និងរបាយការណ៍របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម អមដោយការបញ្ចាំងស្លាយ (PPT Slides) បន្តដោយការគោរពអញ្ជើញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់សុន្ទរកថាគន្លឹះ និងប្រកាសបើក “សប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ ២០២៥” ព្រមទាំងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ ២០២៤-២០៣៥”។

សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នឹងប្រគល់សៀវភៅ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ ជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគំាពារសង្គម។




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក