
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាឋកថាស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តនស្តីពី«វិធីសាស្រ្តនៃការគិតពិចារណាតាមបែបវិចារវិទ្យា” ផ្នែកទី២៍
ភ្នំពេញ៖ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ – លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ស្តីពី«វិធីសាស្រ្តនៃការគិតពិចារណាតាមបែបវិចារវិទ្យា” ផ្នែកទី២ ជូនថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលជាង ៤១០៥នាក់ តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ។
ជាកិច្ចចាប់ផ្តើម លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលឹកនូវ សារៈសំខាន់នៃការពង្រឹងសេវាសុខាភិបាល ដោយជំរុញឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកពេទ្យនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ផ្តល់អាទិភាពដល់ការថែទាំមាតា និងទារកឱ្យបានសកម្មបំផុត។ លោកក៏បានធ្វើបទបង្ហាញពីករណីសិក្សាលើការផ្តល់សេវាថែទាំសុខភាព ដោយបង្ហាញពីវិធីសាស្រ្តដោះស្រាយបញ្ហា និងយុទ្ធសាស្ត្របង្ការ សេវាថែទាំនឹងព្យាបាលអ្នកជំងឺ ក៏ដូចជាត្រៀមខ្លួនកុំឱ្យមានករណីណាមួយ កើតឡើងជាបន្តរទៀតនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យ។
លោកសាស្ត្រាចារ្យ ឈាង រ៉ា បានពិភាក្សាបន្ថែមអំពីសារៈសំខាន់នៃការសិក្សាទស្សនវិជ្ជា ក៏ដូចការប្រើប្រាស់ទស្សនវិជ្ជានៅក្នុងជិវិតរស់នៅ និងជីវិតការងាររបស់មន្រ្តីសុខាភិបាល។ លោកសាស្រ្តាចារ្យ បានចាប់ផ្តើមបាឋកថាដោយពន្យល់ពាក្យគន្លឹះ មួយចំនួនសម្រាប់ស្វែងយល់ពីទស្សនវិជ្ជា រួមមានៈ អង្គវត្ថុ បាតុភូត ដំណើរការវិវឌ្ឍន៍ ទម្រង់ ។ល។ ដែលពាក្យគន្លឹះទាំងនេះ នឹងត្រូវយកទៅប្រើប្រាស់ សម្រាប់ធ្វើការពិចារណាតាមបែបទស្សនវិជ្ជាទាំងពីរប្រភេទ គឺបែបសំភារៈនិយម (Dialectical Materialism) និងមនោនិយម (Idealism)។ លោកសាស្រ្តចារ្យ ក៏បានជំរុញឱ្យមន្រ្តីសុខាភិបាលគ្រប់ឋានុក្រម ខិតខំស្វែងយល់ពីទស្សនវិជ្ជា និងប្រើប្រាស់ទស្សនវិជ្ជា ដើម្បីបង្កើនគុណភាពនៃការពិចារណាឱ្យកាន់ តែមានភាពគ្រប់ជ្រុងជ្រោយ និងសមស្របតាមកាលវេលា និងបរិបទ។
បន្ថែមលើនេះ ដោយមានការអនុញ្ញាតពីរដ្ឋមន្ត្រី ការធ្វើបទបង្ហាញមួយត្រូវបានធ្វើឡើងក្នុងសប្តាហ៍នេះ ស្តីពីកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនការប្រើប្រាស់សេវាអ្នកជំងឺក្រៅនៅមន្ទីរពេទ្យអង្គរបូរី ក្រោមមន្ទីរសុខាភិបាលខេត្តតាកែវ។