
រដ្ឋមន្ត្រីក្រសួងព័ត៌មាន សង្កត់ធ្ងន់លើសារៈសំខាន់នៃការបណ្តុះបណ្តាលអ្នកសារព័ត៌មាន និងមន្ត្រីព័ត៌មាន
ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងពីសារៈសំខាន់នៃការបណ្តុះបណ្តាល និងការកសាងសមត្ថភាពសម្រាប់អ្នកសារព័ត៌មាន និងមន្ត្រីព័ត៌មាន ដើម្បីគាំទ្រដល់គោលដៅអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ស្របតាមផែនការអភិឌ្ឍមូលធនមនុស្សឱ្យដើរស្របតាមបន្ទាត់នយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧។
ការលើកឡើងបែបនេះ របស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាសដែលលោករួមជាមួយលោកស្រី Ulku Kocaefe ឯកអគ្គរដ្ឋទូតតួកគីយេប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលស្តីពី ការរាយការណ៍ព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយឌីជីថលកម្ពុជា «Cambodia Social Media and Digital Media Reporting។
នៅក្នុងសុន្ទរកថា លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្តែងនូវទំនុកចិត្តថា កិច្ចសហការរបស់ប្រទេសទួរគីជាមួយក្រសួងព័ត៌មាននឹងចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពនៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។ លោកបានកត់សម្គាល់ថា វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ជំនាញ និងការយល់ដឹងដល់អ្នកសារព័ត៌មាន និងមន្ត្រីជំនាញ យល់ពីតួនាទី ភារកិច្ច ជំនាញរបស់ខ្លួនច្បាស់លាស់នៅពេលសរសេរព័ត៌មាន ឱ្យមានប្រសិទ្ធភាព និងជៀសវាងការយល់ច្រឡំរវាងកម្ពុជា និងតួកគី។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា ការផ្តើមវគ្គបណ្តុះបណ្តាលនៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មានកម្ពុជា ជាមួយការគាំទ្រពីសាជីវកម្មវិទ្យុ និងទូរទស្សន៍ តួកគីយ៉េ (TRT) និងទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលតួកគីយេ (TIKA) របស់ប្រទេសតួកគីយេ គឺជាការចាប់ផ្តើមនៅក្នុងឆ្នាំ២០២៥ ទៅលើគម្រោងផែនការរួមរបស់ក្រសួងព័ត៌មាន ទៅលើការបើកវគ្គបណ្តុះបណ្តាលអភិវឌ្ឍធនធានមនុស្ស និងមូលធនមនុស្សនៅក្នុងវិស័យសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជា។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា៖ «រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍមូលធនមនុស្ស ពីព្រោះកម្ពុជា បានកំណត់ចក្ខុវិស័យ ឆ្នាំ២០៥០ ទៅជាប្រទេសដែលមានចំណូលខ្ពស់ ដូច្នេះ វិស័យព័ត៌មាន និងសោតទស្សន៍ ក៏ត្រូវចាំបាច់រុញ និងរៀបចំផែនការអភិឌ្ឍមូលធនមនុស្សឱ្យដើរស្របតាមបន្ទាត់នយោបាយរបស់រាជរដ្ឋាភិបាល»។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្រសួងព័ត៌មាន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ទទួលខុសត្រូវផ្នែកការងារទំនាក់ទំនងសាធារណមតិ ឱ្យរាជរដ្ឋាភិបាល គឺបានផ្តោតទៅលើការរៀបចំផែនការបណ្តុះបណ្តាល ហើយនៅក្នុងឆ្នាំ២០២៥ តាមផែនការគឺមានជាង ៨០វគ្គណ្តុះបណ្តាល ដោយផ្តោតសមខាន់លើការពង្រឹងសមត្ថភាពដល់មន្ត្រី។ ពីព្រោះថាវិស័យសារព័ត៌មាន គឺមានសារៈសំខាន់ ដើម្បីឆ្លើយតបនឹងការរីកចម្រើនរបស់ប្រទេសជាតិ ដូច្នេះ ប្រសិនបើកម្រិតមន្ត្រីទទួលបន្ទុកផ្នែកព័ត៌មាន និងសោតទស្សន៍ មិនគុណភាពក្នុងការផ្តល់ព័ត៌មាន ជូនប្រជាពលរដ្ឋនោះនឹងនាំផលលំបាកនៃការគ្រប់គ្រងសាធារណមតិ។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានប្រកាសបើកជាផ្លូវការកញ្ចប់បណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រី ពេញមួយឆ្នាំ២០២៥ មានចំនួនជាង ៨០វគ្គ និងប្រកាសដាក់អោយប្រើប្រាស់មណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន សម្រាប់ជាកន្លែងធ្វើកិច្ចការងារពង្រឹងសមត្ថភាព និងបណ្តុះបណ្តាលវិជ្ជាជីវៈដល់អ្នកសារព័ត៌មាន។
លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា នៅក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ក្នុងពង្រឹងគុណភាពសារព័ត៌មាន ព្រោះថាបរិបទក្នុងការផ្លាស់ប្តូរប្រព័ន្ធផ្សព្វផ្សាយពីបុរាណ មកប្រព័ន្ធផ្សព្វផ្សាយទំនើប ហាក់បីដូចជាអត់មានគ្រឹះរឹងមាំមួយ ដែលធ្វើឱ្យលេចឡើងនូវបាតុភាពជាច្រើននៅក្នុងការអនុវត្តមុខងារសារព័ត៌មាន នាសម័យប្រព័ន្ធផ្សព្វផ្សាយទំនើប រួម Facebook TikTok WhatsApp Messenger Telegram ជាដើម។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានលើកឡើថា ការពង្រឹងសមត្ថភាពមន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មាន រួមទាំងអ្នកពាក់ព័ន្ធ ប្រកបដោយគុណភាព គឺជាកត្តាចាំបាច់បំផុតសម្រាប់បម្រើឱ្យវិស័យព័ត៌មាន នៅក្នុងដំណាក់កាលរីកចម្រើននៃការវិវឌ្ឍនៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដូច្នេះ គុណភាពព័ត៌មានត្រូវតែយកចិត្តទុកដាក់ខ្ពស់ តាមរយៈការបណ្តុះបណ្តាលក្នុងគោលបំណង ដើម្បីជួយពង្រឹងសមត្ថភាពដល់អ្នកសារព័ត៌មាន និងមន្រ្តីរាជការផ្នែកកិច្ចការព័ត៌មានក្នុងការសរសេរព័ត៌មានឱ្យបានកាន់តែល្អ ទាក់ទាញ និងស្របតាម វិជ្ជាជីវៈត្រឹមត្រូវ។
លោកស្រី Ulku Kocaefe បានថ្លែងថា ក្នុងទំនាក់ទំនងផ្នែកវិស័យសារព័ត៌មាន គឺមានតួនាទីសំខាន់ខ្លាំងណាស់ នៅក្នុងទំនាក់ទំនងការទូត។ ចំណុចចាប់ផ្តើមដំបូង គឺកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រទេស ទើបលេចចេញឱ្យមានការបើកវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មាននៅកម្ពុជានេះតែម្តង៕