ខេត្តកំពត៖ នាថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដឹកនាំដោយ លោកបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា និងលោកស្រីវេជ្ជ. យូ សុគន្ធ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងសហការី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅផ្តល់ជូនគ្រួសារលោកយាយ តឹក អេត អាយុ៨១ឆ្នាំ ដើរលក់ថ្នាំបុកចិញ្ចឹមប្អូនស្រីងងឹកភ្នែក និងមានជំងឺប្រចាំកាយ ឈ្មោះតឹក ចេន អាយុ៧០ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំងត្រគៀត ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត។
នាឱកាសនោះ លោកស្រីវេជ្ជ.យូ សុគន្ធ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា និងជាពិសេសពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសារលោកយាយដោយក្តីនឹករឭកបំផុត និងអាណិតអាសូរក្រៃលែង ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ"ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា" ។ ហើយក្រុមការងារក៏បានបញ្ជូនលោកយាយប្អូនដែលមានជំងឺមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកអង្គរជ័យ និងជូនពរឆាប់ជាសះស្បើយពីជំងឺ។
សូមជម្រាបជូនថា លោកយាយទាំងពីរនាក់បងប្អូនរស់ផ្ទះផ្សេងគ្នា នៅពេលដែលលោកយាយប្អូនមានជំងឺ លោកយាយដែលជាបងមកមើលថែលោកយាយប្អូន។ ដោយមេីលឃេីញពីការលំបាកដូចនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់អនុសាសន៍ ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត រៀបចំសាងសង់ផ្ទះថ្មីមួយខ្នងដំបូលប្រកស័ង្កសី ជញ្ជាំងបាំងស័ង្កសីចាក់សាប និងមានបង្គន់អនាម័យជូនដល់លោកយាយទាំងពីរនាក់បងប្អូនដើម្បីបានរស់នៅជាមួយគ្នា ។
សូមបញ្ជាក់ថា អំណោយផ្តល់ជូននាពេលនេះ រួមមាន៖ អង្ករ២០០គីឡូក្រាម, ត្រីខ១០យូរ, ទឹកត្រី២យួរ, មី៦កេសតូច, ទឹកក្រូច៥កេស, ទឹកសុទ្ធ ៥កេស, និងថវិកា ២លានរៀលផងដែរ៕