(ភ្នំពេញ)៖ ការចាក់វ៉ាក់សាំងកូវីសល (Covishield) សម្រាប់ដូសទី២ អាចចាក់បានក្នុងអំឡុងពេលពី៨ ទៅ១២សប្ដាហ៍បន្ទាប់ពីការចាក់វ៉ាក់សាំងកូវីសែលដូសទី១។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ ស្តីពីការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីសល (Covishield) សម្រាប់ដូសទី២ដែលទទួលបានអាជ្ញាប័ណ្ណផលិតពីក្រុមហ៊ុន AstraZereca។
គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានចាប់ផ្តើមចាក់វ៉ាក់សាំងកូវីសលដូសទី១ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ក្រុមអ្នកវិនិយោគិន មន្ត្រីអង្គការសហប្រជាជាតិ មន្ត្រី និងបុគ្គលិកស្ថានទូតនានា មន្ត្រី និងបុគ្គលិកអង្គការជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋមួយចំនួនកាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ។
យោងតាមពេលវេលាកំណត់អ្នកដែលបានចាក់វ៉ាក់សាំងកូវីសែលដូសទី១ទាំងអស់ នឹងត្រូវដល់ពេលចាក់ដូសទី២ ជាបន្តបន្ទាប់នៅដើមខែឧសភា ឆ្នាំ២០២១។ ដូចនេះគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវសៃលដូសទី២ ចាប់ពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។
ចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលឋានៈទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ និងក្រុមគ្រួសារ ដែល បានចាក់វ៉ាក់សាំងកូប៊ីសែលដូសទី១រួច ដល់ពេលចាក់វ៉ាក់សាំងកូប៊ីសែលដូសទី២ អាចអញ្ជើញទៅចាក់ដូសទី២ នៅ មន្ទីរពេទ្យកាល់ម៉ែតនៅថ្ងៃទី០៦-០៧ ខែឧសភា ឆ្នាំ២០២១។
សម្រាប់ទីតាំងចាក់វ៉ាក់សាំងកូវីសែលដូសទី២ជូនអ្នកដទៃទៀត ដែលបានចាក់ដូសទី១នៅតាមមន្ទីរពេទ្យជាតិ (មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យ មិត្តភាពខ្មែរ -សូវៀត មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ មន្ទីរពេទ្យកុមារជាតិ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងមន្ទីរពេទ្យ១៦ឧសភា) និងទីតាំងអគ្គិសនីកម្ពុជា (ចាក់ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តធីតា) កន្លងមកអាចអញ្ជើញទៅចាក់វ៉ាក់សាំងកូប៊ីសែលដូសទី២ នៅមន្ទីរពេទ្យជាតិនានា និងទីតាំងអគ្គិសនីកម្ពុជាដែលបុគ្គលបានចាក់ដូសទី១បាន៕