
ពេជ្រ ពិសិដ្ឋ ដែលតាំងខ្លួនជាអធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាកោះហៅបំភ្លឺ
ភ្នំពេញ៖ យុវជន ពេជ្រ ពិសិដ្ឋ ដែលតាំងខ្លួនជាតារាចម្រៀងអធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កោះហៅឲ្យចូលខ្លួនទៅបំភ្លឺពាក់ព័ន្ធនឹងករណីប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម នៅក្រសួងមហាផ្ទៃ។ កាលបរិច្ឆេទត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាកំណត់យកនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង៩៖០០នាទីព្រឹក តាមលិខិតកោះហៅដោយលោកឧត្តមសេនីយ៍ទោ សុខ នីតា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥។
លិខិតកោះហៅបានណែនាំឲ្យលោក ពិសិដ្ឋ ផ្តល់ឯកសារមួយចំនួន រួមមានអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ និងសម្ភារៈពាក់ព័ន្ធផ្សេងទៀត។
ករណីនេះទទួលបានការចាប់អារម្មណ៍ជាខ្លាំងពេញបណ្តាញសង្គម ដោយមានបុគ្គលជាច្រើនអះអាងខ្លួនថាជាអ្នកចាប់កំណើតជាតារាចម្រៀងដ៏ល្បីរបស់កម្ពុជា លោក ស៊ីន ស៊ីសាមុត។ ក្នុងនោះមានឈ្មោះ ជិន គង់ អាយុ៤២ឆ្នាំ ជាកសិករ មានកូនពីរនាក់ មានទីលំនៅភូមិពាម ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។ លោកបានប្រកាសជាសាធារណៈថា ខ្លួនជាអធិរាជសំឡេងមាស ថែមទាំងបង្ហាញបដានៅមុខគេហដ្ឋានរបស់លោក ដោយសរសេរថា «ផ្ទះលោក ស៊ិន ស៊ីសាមុត ចាប់ជាតិ»។
ជិន គង់ អាយុ៤២ឆ្នាំ ជាកសិករ មានកូនពីរនាក់
លើសពីនេះ អ្នកតាំងខ្លួនម្នាក់ទៀតឈ្មោះដើម ពេជ្រ ពិសិដ្ឋ ហៅ ពេជ្រ សាមុតពិសិដ្ឋ អាយុ ២៨ ឆ្នាំ ជានិស្សិតបញ្ចប់ការសិក្សាផ្នែកជំនាញនីតិសាស្ត្រពីសាកលវិទ្យាល័យភ្នំពេញ ក៏បានចេញមុខអះអាងដែរថា ខ្លួនជាអធិរាជចម្រៀងលោក ស៊ីន ស៊ីសាមុត ដែរ។ មានឪពុក ជានគរបាល អន្តោប្រវេសន៍ នៅក្រសួងមហាផ្ទៃ, ម្ដាយជា អាជីវករ, ពិសិដ្ឋ ជាកូនច្បងក្នុងចំណោមបងប្អូនបីនាក់ ហើយធ្វើការជាបុគ្គលិកផ្នែកច្បាប់ និងជាអ្នកចម្រៀង ដោយផ្តោតលើការបង្កើតតន្ត្រីនៅក្នុងស្ទូឌីយ៉ូ និងសម្តែងចំរៀងនៅក្នុងព្រះវិហារគ្រិស្តសាសនា។
ពេជ្រ ពិសិដ្ឋ ហៅ ពេជ្រ សាមុតពិសិដ្ឋ អាយុ ២៨ ឆ្នាំ ជានិស្សិតបញ្ចប់ការសិក្សាផ្នែកជំនាញនីតិសាស្ត្រ
បុគ្គលទី៣ គឺព្រះតេជគុណ ព្រែកកន្ធីគង់ គង់នៅវត្តឧណ្ណាលោម ក៏បានអះអាងប្រាប់សារព័ត៌មានថា ព្រះអង្គតែងតែយល់សប្តិឃើញមរណភាពរបស់លោក ហើយអះអាងថា លោក ស៊ីន ស៊ីសាមុត មិនបានស្លាប់ដោយសាររបួសដោយកាំបិតដូចការជឿទូទៅនោះទេ ប៉ុន្តែត្រូវបានបាញ់ជំនួសវិញ។ គាត់កត់សម្គាល់ថាស្លាកស្នាមពីការបាញ់ប្រហារនៅតែមាននៅលើរាងកាយរបស់គាត់នៅក្នុងការចាប់កំណើតបច្ចុប្បន្ននេះ។
ព្រះតេជគុណ ព្រែកកន្ធីគង់
មតិសាធារណៈជុំវិញការលើកឡើងទាំងនេះបានចោទជាសំណួរអំពីអត្តសញ្ញាណ និងសារៈសំខាន់នៃវប្បធម៌ដែលបានសន្មតថា តើអ្នកណានឹងត្រូវទទួលស្គាល់ថាជាអ្នកចាប់កំណើតឡើងវិញជាអធិរាជ សម្លេងមាស លោក ស៊ីន ស៊ីសាមុត ពិតប្រាកដ៕