
សោកនាដកម្មប្រជៀតគ្នាយកអាំងប៉ាវនៅភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និង៦នាក់ទៀតរងរបួស មុនថ្ងៃចូលឆ្នាំចិន
ភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥៖ សោកនាដកម្មដ៏គួរឱ្យរន្ធត់បណ្តាលមកពីការប្រជៀតគ្នានៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ នៅផ្លូវព្រះនរោត្តម ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ដើម្បីទទួលយកអាំងប៉ាវ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និង៦នាក់ទៀតរងរបួស នៅព្រឹកមិញនេះ នៅមុនថ្ងៃចូលឆ្នាំចិនប៉ុន្មានថ្ងៃ។
មនុស្សរាប់រយនាក់ត្រូវបានគេរាយការណ៍មកថាបានប្រមូលផ្តុំគ្នានៅភូមិគ្រឹះអ្នកឧកញ៉ា សុខ ដើម្បីទទួលអាំងប៉ាវដែលប្រពៃណីចិន នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា នេះ។ ខណៈការប្រមូលផ្តុំគ្នាមានមនុស្សកាន់តែច្រើនឡើង ស្រាប់តែប្រជាពលរដ្ឋមួយចំនួនកើតមានអាការៈខ្យល់គរ ហើយដួលសន្លប់ជាបន្តបន្ទាប់។ បើតាមសេចក្តីរាយការណ៍បឋម មានប្រជាពលរដ្ឋចំនួន ៣នាក់បានស្លាប់ក្នុងពេលបញ្ជូនដល់មន្ទីរពេទ្យ ខណៈមនុស្សចំនួន ៦នាក់ផ្សេងទៀតត្រូវបានរថយន្តសង្គ្រោះជាច្រើនគ្រឿងដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងអាជ្ញាធរដែនដី បានចុះដល់កន្លែងកើតហេតុ ដើម្បីជួយអន្ដរាគមន៍ដឹកប្រជាពលរដ្ឋទៅសង្គ្រោះ និងសម្រួលចរាចរណ៍បំបែកនូវការជួបជុំនោះ៕