ជនជាតិចិនមួយក្រុម ជិះទូកទៅស្ទួចត្រី មកវិញលិចអូរប័ចម្លងទូកពេលដែលចុះគៀកឆ្នេរ លិចបាត់ខ្លួនម្នាក់
ក្រុងព្រះសីហនុ៖(ព័ត៌មានបឋម)ជនជាតិចិនមួយក្រុមមានគ្នាសរុប១៧នាក់ ក្នុងនោះមានស្ត្រីខ្មែ ៤នាក់ បានជួលទូកឈើទៅស្ទួចត្រីនៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ។
លុះមកដល់វេលាម៉ោង៨កន្លះថ្ងៃដដែល បានចូលចតនៅឆ្នេរហាវ៉ៃ ប៉ុន្តែដោយសារនៅតំបន់ឆ្នេរនោះពុំមានផែចម្លងនោះទេ ដោយត្រូវម្ចាស់ទូកត្រូវមានមធ្យោបាយមួយទៀតសម្រាប់ចម្លងភ្ញៀវឡើងមកឆ្នេរវិញ ។
ដោយបានប្រើរអូរប័ចម្លងចំនួន២ជើង ក្នុងចំណោមមនុស្សទាំង១៧នាក់ ជើងទី១ បានចម្លងមនុស្សប្រមាណពាក់កណ្តាលក្នុងចំណោមមនុស្សខាងលើ បានមកគោកដោយជោគជ័យ ស្រាប់តែជើងទី២ អូរប័ត្រូវបានក្រឡាប់ លិចមនុស្សមួយចំនួន និង សង្គ្រោះបានមួយចំនួន ត្រូវបានបញ្ជូនសង្គ្រោះនៅមន្ទីរពដទ្យចិន ។
តាមការបញ្ជាក់ពីមិត្តភ័ក្របុរសជាជនជាតិចិនម្នាក់បានអះអាងថា មានបុរសជនជាតិចិនម្នាក់ បានបាត់ខ្លួន ដោយសង្ស័យថា បានលិចចូលទៅក្នុងទឹក ខណៈពេលដែលអូរប័ក្រឡាប់ ហើយម្នាក់ៗស្រវា ទោងយកតែមួយរួចខ្លួន ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាមៗ អាជ្ញាធរខេត្តព្រះសីហនុ ដឹកនាំដោយលោក សមុទ្រ សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំបញ្ជារផ្ទាល់លើកងកំលាំង ដែលចូលរួមជួយរុករកស្វែងរកមនុស្សដែលបានបាត់ខ្លួន ក្នុងនោះដោយមានការចូលរួមពីអូរប័ល្បឿនលឿន G.T.V.C របស់អ្នកឧកញ៉ាទៀ វិចិត្រ ២គ្រឿង កំលាំងអន្តរាគមន៍៧១១ នគបាលខេត្ត និង អាវុធហត្ថខេត្តចូលរួមផងដែរ ។
ប៉ុន្តែយ៉ាងណាមិញ មកទល់និងបច្ចុប្បន្នថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤នេះ អាជ្ញាធរនិងសមត្ថកិច្ចបន្តរុករកមនុស្សដែលបានបាត់ខ្លួននោះ ពុំទាន់មាន ក៏ដូចជាប្រទះឃើញតម្រុយអ្វីនៅឡើយទេ ៕