វិវាទរវាងអ្នកជិតខាងលើករណីប៉ះពាល់ព្រំដីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)
ភ្នំពេញ៖ ថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០២៤ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ងាក់ ប៊ុនធី, លោក លី សុភាព, លោក ងន សុខជា និងលោក សុខ ហៃ បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទរវាងអ្នកជិតខាងលើករណីប្រើប្រាស់ព្រំដីមួយករណីបានដោយជោគជ័យ របស់ប្រជាពលរដ្ឋរស់នៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
សំណុំរឿងវិវាទនេះ កើតឡើងពីការធ្វើអាជីវកម្មលក់ដូរបណ្តាលឲ្យប៉ះពាល់ដល់ផ្លូវចេញចូលរបស់អ្នកជិតខាង ដោយកន្លងមក គូភាគីបានស្វែងរកដំណោះស្រាយវិវាទនៅអាជ្ញាធរមូលដ្ឋាន និងស្ថាប័នតុលាការ ប៉ុន្តែនៅតែមិនទទួលបានជោគជ័យ។ ក្រោយមក នៅអំឡុងខែធ្នូ ឆ្នាំ២០២៤ ករណីវិវាទនេះ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. ដើម្បីស្នើសុំសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ។
អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងបានដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី។
គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលផ្អែកតាមច្បាប់ កំណត់ហេតុនេះមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការដែរ។