ខេត្តកំពង់ស្ពឺ៖ រថយន្តក្រុងដឹកអ្នកដំណើរជាង៦០នាក់ រួមទាំងសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ បានរអិលធ្លាក់ផ្លូវ គ្រោះជាធ្លាក់ចូលជ្រោះ នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤។
បើតាមលោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បានឲ្យដឹងថា រថយន្តក្រុងបានបាត់បង់ការគ្រប់គ្រង នៅចំនុចភូមិសាស្ត្រឃុំចំបក់ ស្រុកភ្នំស្រួច លើខ្នងភ្នំឧទ្យានជាតិព្រះកុសុមៈគិរីរម្យ ដោយបានរេចង្កូតចេញពីផ្លូវ ទៅបុកដើមឈើក្បែរជ្រោះ នៅចំនុចយាយបាំងដៃ ហួសចំណុចជ្រោះអូរកសេះ។ គ្រោះថ្នាក់នេះ បណ្ដាលឱ្យអ្នករួមដំណើររបួសស្រាលនិងធ្ងន់ ប៉ុន្តែមិនមានអ្នកស្លាប់ទេ។
សមត្ថកិច្ចបានចេញសង្គ្រោះបន្ទាន់នៅកន្លែងកើតហេតុភ្លាមៗ ដើម្បីផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្ត និងដឹកអ្នករបួសទៅកាន់មន្ទីរពេទ្យក្បែរនោះ។ ប៉ូលិស និងក្រុមសង្គ្រោះបន្តស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់នេះ៕