កម្ពុជានិងជប៉ុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រួលដល់ការចល័តពលកម្មសម្រាប់កម្មសិក្សាការី និងកម្មករកម្ពុជា។
ភ្នំពេញ៖ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការការងារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងរដ្ឋាភិបាលខេត្តមីយ៉ាហ្គិ នៃប្រទេសជប៉ុន បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។ កិច្ចព្រមព្រៀងនេះមានគោលបំណងមានគោលបំណងបង្កើតនូវក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ក្នុងការជំរុញការបណ្តុះបណ្ដាល បញ្ជូន និងទទួលយកពលករខ្មែរទៅធ្វើការនៅខេត្តមីយ៉ាហ្គិ ប្រទេសជប៉ុន និងផ្តល់ការគាំពារកាន់តែល្អប្រសើរបន្ថែមទៀតដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងខេត្តមីយ៉ាហ្គិ ។
ពិធីចុះហត្ថលេខាដែលបានធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមអធិបតីភាពលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោក Murai Yoshihiro អភិបាលខេត្ត មីយ៉ាហ្គិ; និងលោក Ueno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។
អនុស្សរណៈនេះបង្កើតក្របខ័ណ្ឌទូលំទូលាយសម្រាប់កិច្ចសហការដែលផ្តោតលើការបណ្តុះបណ្តាល និងការគាំទ្រដល់ពលករកម្ពុជានៅប្រទេសជប៉ុន។ វាក៏ផ្តល់ជំនួយបន្ថែមសម្រាប់អ្នកដែលកំពុងធ្វើការនៅក្នុងខេត្ត មីយ៉ាហ្គិ ផងដែរ។
ថ្លែងក្នុងពិធីនោះ លោករដ្ឋមន្ត្រី ហេង សួរ បានសម្តែងនូវសុទិដ្ឋិនិយមថា កិច្ចសហប្រតិបត្តិការនេះនឹងពង្រឹងទំនាក់ទំនង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យការងាររវាងប្រទេសទាំងពីរ។ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើនឱកាសសម្រាប់កម្មសិក្សាការី និងកម្មករកម្ពុជានៅក្នុងប្រទេសជប៉ុន ក៏ដូចជាការធានានូវការផ្តល់សេវាគាំទ្រចាំបាច់សម្រាប់អ្នកដែលមានរួចហើយនៅក្នុងខេត្ត មីយ៉ាហ្គិ ។
លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន និងរដ្ឋបាលខេត្ត មីយ៉ាហ្គិ ដែលបានជួយដល់ពលករកម្ពុជាជាបន្តបន្ទាប់។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកការធ្វើចំណាកស្រុកពលកម្មជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ ដែលមានសារៈសំខាន់សម្រាប់ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ៕