លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសចាក់ដូសទី៣ ពីថ្ងៃទី០៦-២៨ ខែកញ្ញា សម្រាប់មន្រ្តីរាជការ និងពលរដ្ឋអាយុចាប់ពី៦០ឆ្នាំឡើង ដែលចាក់ Astra Zeneca

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសអំពីការចាក់វ៉ាក់សាំងអាស្ត្រាហ្សែនីកា ដូសជំរុញ ជូនដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ និងបុគ្គលិកនៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរអង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងសហព័ទ្ធ (ស្វាមី ឬភរិយា) និងប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើងដែលបានចាក់វ៉ាក់សាំងកូវីសែលដូសទី១ និងដូសទី២ រួចរាល់នៅភូមិសាស្ត្ររាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ក្នុងការចាក់វ៉ាក់សាំងអាស្ត្រាហ្សែនីកា ដូសជំរុញ ឬដូសទី៣ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីសុខាភិបាល និងបុគ្គលិកនៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញ រដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីសុខាភិបាលជួរមុខវិស័យឯកជន នៅរាជធានីភ្នំពេញរួចមកហើយ។

ស្របពេលជាមួយគ្នានេះស្ថិតក្នុងបរិការណ៍នៃការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បណ្តាលមកពីមេរោគកូវីដបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) ដែលបាននិងកំពុងវាយលុកយ៉ាងសកម្មតាមបណ្តា ទីក្រុងនានានៃប្រទេសក្នុងតំបន់អាស៊ាន រួមទាំងរាជធានីភ្នំពេញ និងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ សម្តេចតេជោ ហ៊ុន សែន បានសម្រេចដាក់ចេញបន្ថែមនូវ «យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ» ជូនដល់មន្ត្រីបម្រើសេវាសាធារណៈជួរមុខទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ សំដៅបង្កើនភាពស៊ាំសហគមន៍ឱ្យកាន់តែរឹងមាំ និងជាការគិតគូរបន្ថែមដល់សុខុមាលភាពរបស់ប្រតិបត្តិករជួរមុខ ដើម្បី កាត់បន្ថយកម្រិតហានិភ័យ និងអត្រានៃការឆ្លងចូលក្នុងសហគមន៍ឱ្យបានជាអតិបរមា។

រដ្ឋបាលរាជធានីភ្នំពេញបានបន្តទៀតថា ដោយទទួលបានការប្រគល់ភារកិច្ចពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) និងអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងដំណើរការចាក់វ៉ាក់សាំងអាស្កាហ្សែនីកាដូសជំរុញ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាល ខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងសហព័ន្ធ (ស្វាមី ឬភរិយា) និងប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើង ដែលបានចាក់វ៉ាក់សាំងកូវីសែល ដូសទី១ និងដូសទី២ រួចរាល់ ចាប់ពីថ្ងៃទី០៦-២៨ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះតាមកម្មវិធី និងទីកន្លែងដែលបានកំណត់ជូនក្នុងសេចក្តីជូនដំណឹងនេះ (ជូនភ្ជាប់ក្នុងតារាងឧបសម្ព័ន្ធ)។

ចំពោះឯកសារតម្រូវចាំបាច់ដែលត្រូវភ្ជាប់មកជាមួយរួមមាន (១) បណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ (២) ប័ណ្ណសម្គាល់ខ្លួនមន្ត្រីរាជការ-បុគ្គលិក និង (៣) អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬឯកសារដែលបានប្រើប្រាស់ក្នុងការចាក់វ៉ាក់សាំងដូសទី១ ព្រមទាំងត្រូវគោរពនូវលក្ខខណ្ឌនៃការទទួលបានវ៉ាក់សាំងដូសជំរុញរបស់ពួកគាត់ដែលបានចាក់វ៉ាក់សាំងដូសទី១ និងដូសទី២រួចរាល់ ដែលមានគម្លាតរយៈពេលចាប់ពី ០៤ទៅ០៦ខែឡើងបន្ទាប់ពីបានចាក់វ៉ាក់សាំងដូសមូលដ្ឋាន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក