ភ្នំពេញ៖ ក្នុងការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការកើនឡើងនៃអំពើហឹង្សារបស់ក្រុមក្មេងទំនើង តុលាការបានចាប់ខ្លួនសមាជិកក្រុមក្មេងទំនើងជាង ៣,៣០០នាក់ ដែលត្រូវបានគេសាទរយ៉ាងខ្លាំងក្លាចំពោះការបង្រ្កាបដ៏ខ្លាំងក្លានេះ។
យុទ្ធនាការដ៏កក្រើនេះ ធ្វើឡើងលើករណីអំពើហឹង្សាដោយក្រុមក្មេងទំនើងដែលបានគំរាមកំហែងដល់សុវត្ថិភាពសាធារណៈ រហូតមានបទបញ្ជាដ៏ម៉ឺងមាត់របស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ដែលបានបញ្ឆេះយុទ្ធនាការបង្ក្រាបក្រុមក្មេងទំនើងឥតឈប់ឈរ ដើម្បីស្តារសណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅទូទាំងប្រទេស។
រដ្ឋលេខាធិការប្រចាំក្រសួងយុត្តិធម៌ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ថា «ការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើងនៅកម្ពុជា គឺជាការងារដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងម៉ឹងម៉ាត់»។ ឆ្លើយតបនឹងភាពបន្ទាន់ នៅពេលដែលរដ្ឋាភិបាលអះអាងពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋរបស់ខ្លួន។
លោកបានបញ្ជាក់ថា នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានកំណត់យកការងារសន្តិសុខ គឺជាវិធានការគន្លឹះទី៤ ក្នុងចំណោមវិធានការគន្លឹះទាំង៥ ដែលពាក់ព័ន្ធនឹងភូមិ ឃុំ មានសុវត្ថិភាព។
លោក ជិន ម៉ាលីន បានគូសបញ្ជាក់ថា ចំពោះករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌។ សំណុំរឿងអាទិភាពទាំង៤ របស់ក្រសួងយុត្តិធម៌ រួមមានទី១៖ សំណុំរឿងគ្រឿងញៀន, ទី២៖ ក្មេងទំនើង, ទី៣៖ ចរាចរណ៍ និងទី៤៖ អាត្រានុកូលដ្ឋាន។
លោក ជិន ម៉ាលីន បានឱ្យដឹងថា ផ្តើមចេញពីបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រសួងយុត្តិធម៌ ក៏បានដាក់ចេញជាចំណាត់ការ និងបានណែនាំទៅកាន់ស្ថាប័នអយ្យការ និងស្ថាប័នតុលាការទូទាំងប្រទេសដើម្បីធ្វើយ៉ាងណាអនុវត្តន៍ច្បាប់ឱ្យម៉ឹងម៉ាត់ពាក់ព័ន្ធនឹងករណីក្មេងទំនើង ដោយគ្មានការលើកលែង ហើយក៏បានធ្វើការពិភាក្សាពាក់ព័ន្ធបញ្ហាក្មេងទំនើងនៅក្នុងមហាសន្និបាតវិស័យយុត្តិធម៌ រយៈពេល៣ថ្ងៃផងដែរ។
ឥទ្ធិពលនៃការបង្រ្កាបក្មេងទំនើនេះនេះគឺមានការភ្ញាក់ផ្អើលរួចទៅហើយ! ត្រឹមតែប៉ុន្មានខែដំបូងនៃបទបញ្ជាដ៏ម៉ឹងម៉ាត់របស់នាយករដ្ឋមន្ត្រី ករណីក្រុមក្មេងទំនើងបានធ្លាក់ចុះពី ៦២៩ ករណីនៅក្នុងខែដំបូង មកនៅត្រឹមតែ ៣៤២ករណី។ លោកបញ្ជាក់ថា «កាលពីពេលចាប់ផ្តើមដំបូង ក្នុងមួយថ្ងៃមានសំណុំរឿងក្មេងទំនើងនេះ យ៉ាងហោចណាស់ពី១០ទៅ២០ ហើយមនុស្សរាប់រយនាក់ត្រូវបានឃាត់ខ្លួន។ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ក្នុងមួយថ្ងៃមានប្រហែលជា៤ទៅ៥សំណុំរឿងប៉ុណ្ណោះ ហើយថ្ងៃខ្លះ ក៏មិនមានផងដែរ»។ លោកបន្ថែមថា កាលពីពេលចាប់ផ្តើមដំបូង ក្នុងមួយថ្ងៃមានសំណុំរឿងក្មេងទំនើងនេះ យ៉ាងហោចណាស់ពី១០ទៅ២០ ហើយមនុស្សរាប់រយនាក់ត្រូវបានឃាត់ខ្លួន។ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ក្នុងមួយថ្ងៃមានប្រហែលជា ៤ ទៅ ៥សំណុំ រឿងប៉ុណ្ណោះហើយថ្ងៃខ្លះក៏ស្ទើរមិនមានផងដែរ។
ទោះយ៉ាងណា លោក ជិន ម៉ាលីន បានលើកឡើថា នាពេលថ្មីៗនេះ ករណីក្មេងទំនើងដ៏សាហាវបានកក្រើកឡើងវិញដូចជានៅខេត្តតាកែវជាដើម ដែលត្រូវបន្តមានវិធានការតទៅទៀតដោយគ្មានការលើកលែង។
លោក ជិន ម៉ាលីន បានបញ្ជាក់ពីចំពោះមូលហេតុមួយចំនួនដែលបណ្តាលឱ្យមានបទល្មើស គឺពាក់ព័ន្ធភាគច្រើនមកពីការសេពគប់មិត្តខុស ដើរលេងស៊ីផឹកពេលយប់ គំនុំគុំគួន ទំនាស់ស្នេហា និងការប្រើប្រាស់គ្រឿងញៀនជាដើម។
លោក ជិន ម៉ាលីន បានជំរុញថា៖ «អាណាព្យាបាល ត្រូវយកចិត្តទុកដាក់តាមដានសកម្មភាពកូនរបស់ខ្លួន ហើយធ្វើការអប់រំ ទូន្មានប្រៀនប្រដៅ កុំឱ្យពួកគេដើរក្នុងផ្លូវខុស ព្រោះថា បើពាក់ព័ន្ធនឹងក្មេងទំនើង គឺមានអំពើហិង្សាហើយ ដែលមានគ្រោះថ្នាក់ដល់ជីវិតខ្លួនឯងផង បង្កបញ្ហាដល់គ្រួសារផង និងសង្គមជាតិផង»។
ប្រធានលេខាធិការដ្ឋាននៃគណៈបញ្ជាការដឹកនាំយុទ្ធនការនៃក្រសួងយុត្តិធម៌ និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក កេង សុម៉ារិទ្ធ បានបង្ហាញពីស្ថិតិ ចាប់តាំងពីការអនុវត្តការបង្រ្កាបករណីក្មេងទំនើង ក្នុងរយៈពេល២១២ថ្ងៃ ឬប្រមាណ ៧ខែកន្លងមកនេះ គិតត្រឹមថ្ងៃទី២០ ខែធ្នូ សំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងក្មេងទំនើងដែលត្រូវបានបញ្ជូនទៅសាលាដំបូង និងអយ្យកាសាលាដំបូងរាជធានី-ខេត្ត ទូទាំងប្រទេស មានសរុប ៧២០សំណុំរឿង ដោយចាត់ការបាន ៧១៥សំណុំរឿង ស្មើនឹង ៩៩,៣០ភាគរយ។ រដ្ឋលេខាធិការ កេង សុម៉ារិទ្ធ បានបញ្ជាក់ថា សំណុរឿង 0,៧ភាគរយ ដែលមិនទាន់ចាត់ការនោះ គឺជាសំណុំដែលទើបតែចូលថ្មី។ ក្នុងចំណោមនោះ មនុស្សសរុប ៣ ៣០០នាក់ ត្រូវបានឃាត់ខ្លួន។
បានបញ្ជាក់ថា ត្រឹមជាង៧ខែ ក្នុងឆ្នាំ២០២៤នេះ សំណុំរឿងក្មេងទំនើងមានរហូតទៅដល់ ២ ១១៥សំណុំរឿង ខណៈករណីកើនច្រើនជាងគេនៅរាជធានីភ្នំពេញដែលជាសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងក្មេងទំនើង ហើយត្រូវបានបញ្ចូនមកតុលាការទូទាំងប្រទេសទាំង ៣ដំណាក់កាល។ ក្នុងចំណោងសំណុណរឿងសរុប ២ ១១៥ តុលាការបានចាត់ការរួចចំនួន ១ ៥៧៩សំណុំរឿង និងនៅសល់ចំនួន ៥៣៦សំណុំរឿង។ លោក សុម៉ារិទ្ធ អះអាងថា នៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ នៅតែជាកន្លែងក្តៅគគុកនៃសកម្មភាពក្រុមក្មេងទំនើង ខណៈស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង ចំណែកកែប ប៉ៃលិន និងព្រះវិហារ មានចំនួនតិច។
លោក កេង សុម៉ារិទ្ធ ថាបន្ថែមថា សម្រាប់ដំណាក់កាលស៊ើបសួរ អយ្យការសាលាដំបូងរាជធានី-ខេត្ត ទទួលបាន ៧៩៦សំណុំរឿង និងចាត់ការបាន ៥១០សំណុំរឿង ខណៈសំណុំរឿងដែលនៅសេសសល់ ត្រូវបន្តនីតិវិធីស៊ើបសួរ ការស្រាវជ្រាវរកអត្តសញ្ញាណជនដែលពាក់ព័ន្ធ ឬជនសង្ស័យ ក៏ដូចជាភស្តុតាងពាក់ព័ន្ធផ្សេងៗ។
ក្នុងចំណោម ៧៩៦ បើតាមលោក កេង សុម៉ារិទ្ធ ចៅក្រមស៊ើបសួរសម្រេចពាក់ព័ន្ធនឹងការឃុំខ្លួន មានចំនួន ៦៩៩សំណុំរឿង ដែលមានការសម្រេចឃុំខ្លួនមនុស្សចំនួន ២ ៨៤៩នាក់។ សំណុំរឿងមួយចំនួនទៀតមិនទាន់ចាត់ការ ដោយខ្លះគ្មានភស្តុតាងគ្រប់គ្រាន់ និងខ្លះទៀតស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។
លោក កេង សុម៉ារិទ្ធ បានបញ្ជាក់ថា នៅដំណាក់ជំនំជម្រះក្នុងចំណោម ៥៩៩ករណី បានចាត់ការចំនួន ៣៥៤ករណី ស្មើនឹង ៥៩,១០ភាគរយ រីឯ ២៤៥សំណុំរឿងទៀត កំពុងស្ថិតក្រោមការបន្តពិនិត្យ និងចាត់ការ។ ក្នុងចំណោមនោះ ៣៣៧សំណុំរឿង មានការផ្តន្ទាទោសមនុស្សចំនួន ១ ៤៥៩នាក់។
លោក សេង ឌីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ដែលមានវត្តមានក្នុងសន្និសីទកាសែតដែរនោះ បានបញ្ជាក់ជាថ្មីអំពីការដោះស្រាយមិនងាករេរបស់រដ្ឋាភិបាល។បានបន្ទរក្នុងសន្និសីទសារព័ត៌មាននេះថា «ពន្ធនាគារ ឬមន្ទីរឃុំឃាំង ត្រៀមរង់ចាំស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅតែគឃ្លើនមិនខ្លាចច្បាប់ ដោយគ្មានការលើកលែងឡើយ»។ ការថ្លែងការណ៍ដ៏ក្ដៅគគុករបស់គាត់ឆ្លុះបញ្ចាំងពីជំហរមិនងាករេរបស់រដ្ឋាភិបាលប្រឆាំងនឹងអំពើហឹង្សារបស់ក្រុមក្មេងទំនើង ដោយសន្យារាល់ថាសកម្មភាពដែលប្រព្រឹត្តដោយក្រុងក្មេងទំនើង ឱ្យតែប៉ះពាល់ដល់សន្តិសុខសាធារណៈ នឹងត្រូវប្រឈមមុខតាមផ្លូវច្បាប់យ៉ាងតឹងរ៊ឹងបំផុត ដើម្បីកសាងសំណុំរឿងទៅតុលាការ ហើយវិធានការឃុំខ្លួនតែងតែមានជាប់ជានិច្ច៕