
ប្រធានព្រឹទ្ធសភាជំរុញឱ្យប្រទេសឥណ្ឌាពង្រីកទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគបន្ថែមទៀត
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោកស្រី Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌា ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ សម្តេចបានឆ្លុះបញ្ចាំងពីដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋប្រកបដោយជោគជ័យរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី និងដំណើរបំពេញទស្សនកិច្ចរបស់សម្ដេចមហា បវរធិបតី ហ៊ុន ម៉ាណែត ក្នុងឋានៈជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាអគ្គមេបញ្ជាការកងទ័ពទៅកាន់ប្រទេសឥណ្ឌា ខួបលើកទី ៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
ឯកអគ្គរដ្ឋទូតឥណ្ឌា លោកស្រី ខូប្រាហ្គេត បានថ្លែងអំណរគុណចំពោះប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន សម្រាប់ការណែនាំ ភាពជាអ្នកដឹកនាំ មិត្តភាព និងការគាំទ្រពេញមួយបេសកកម្មការទូតរយៈពេល ៤ ឆ្នាំរបស់លោកស្រីនៅកម្ពុជា ដែលលោកស្រីយល់ថាបានជោគជ័យ។ លោកស្រីបានកោតសរសើរដល់ការរៀបចំក្បាលម៉ាស៊ីនដឹកនាំរាជរដ្ឋាភិបាលប្រកបដោយគតិបណ្ឌិតរបស់សម្តេច, ជ័យជំនះនៃការបោះឆ្នោតចុងក្រោយនៅកម្ពុជា និងការផ្ទេរអំណាចដោយរលូនទៅអ្នកដឹកនាំជំនាន់ក្រោយ វ័យក្មេង និងប្រកបដោយថាមពល។
លោកស្រីឯកអគ្គរដ្ឋទូតបានរំឮកនូវចក្ខុវិស័យ និងភារកិច្ចធំចំនួន ៤ ដែលប្រធានព្រឹទ្ធសភាសម្តេចតេជោ ហ៊ុន សែន បានលើកឡើងសម្រាប់លោកស្រីនៅដើមអាណត្តិគឺ៖ ការផ្តល់វ៉ាក់សាំងទាន់ពេលវេលាក្នុងអំឡុងពេលជំងឺរាតត្បាត សន្ធិសញ្ញាវិនិយោគទ្វេភាគី ការបង្កើតជើងហោះហើរត្រង់រវាងទីក្រុងភ្នំពេញ និងញូវដេលី និងការពង្រឹងកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ទៅកម្រិតកំពូល។ លោកស្រីបានគូសបញ្ជាក់ពីការបើកដំណើរការជើងហោះហើរត្រង់ពីភ្នំពេញទៅទីក្រុងញូវដេលីដោយជោគជ័យក្នុងឆ្នាំនេះ ក៏ដូចជាការបង្កើនពាណិជ្ជកម្មទ្វេភាគី និងការជឿនលឿនក្នុងប្រព័ន្ធទូទាត់ប្រាក់អនឡាញ។
ឯកអគ្គរដ្ឋទូត ខូប្រាហ្គេត ក៏បានកត់សម្គាល់ផងដែរនូវគម្រោងផ្សេងៗដែលគាំទ្រដោយប្រទេសឥណ្ឌាក្នុងប្រទេសកម្ពុជា រួមទាំងកិច្ចខិតខំប្រឹងប្រែងអភិរក្សប្រាសាទអង្គរវត្ត និងប្រាសាទព្រះវិហារ គំនិតផ្តួចផ្តើមកសាងសមត្ថភាព និងទំនាក់ទំនងព្រះពុទ្ធសាសនា។ លោកស្រីបានលើកឡើងពីការប្តេជ្ញាចិត្តរបស់ឥណ្ឌាក្នុងការបញ្ជូនសត្វខ្លា និងព្រះបរមសារីរិកធាតុរបស់គោតមពុទ្ធមកកម្ពុជានាពេលដ៏ខ្លីខាងមុខ។
បន្ថែមពីនេះ លោកស្រីបានកោតសរសើរចំពោះសមិទ្ធិផលរបស់កម្ពុជាក្នុងការបោសសម្អាតមីន និងការធ្វើជាម្ចាស់ផ្ទះដោយជោគជ័យនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ លើពិភពលោកគ្មានមីន។
ឯកអគ្គរដ្ឋទូតបានទទួលស្គាល់បទពិសោធន៍ដ៏ទូលំទូលាយរបស់សម្តេចប្រធានព្រឹទ្ធសភាក្នុងនយោបាយសកលលោក និងបានសម្តែងការកោតសរសើរចំពោះគំនិតផ្តួចផ្តើមរបស់កម្ពុជានៅក្នុងបណ្តាប្រទេស Global South ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការគាំទ្រប្រទេសឥណ្ឌា ជាតួអង្គលេចធ្លោនៃ Global South និង ជាម្ចាស់ផ្ទះនៃ 3rd Voice of Global South Summit ដែលបានផ្តោតកិច្ចពិភាក្សាលើ បញ្ហាសកលនានា ដូចជា ជម្លោះ វិបត្តិសន្តិសុខស្បៀង និង ថាមពល ការប្រែប្រួលអាកាសធាតុ។
លោកស្រីបានរំលឹកឡើងវិញនូវភាពរឹងមាំនៃចំណងមិត្តភាពកម្ពុជា-ឥណ្ឌា និងបានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាអំពីបំណងរបស់នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា។ លោកស្រីសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំកម្ពុជាទៅប្រទេសឥណ្ឌានាពេលអនាគតនឹងធ្វើឲ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅថែមទៀត។
ជាការឆ្លើយតប សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកអគ្គរដ្ឋទូត ដែលបានវាយតម្លៃជាវិជ្ជមានលើការដឹកនាំ ចំពោះការដឹកនាំនិងរៀបចំអ្នកបន្តវេនរបស់សម្តេច ដែលស្ទើរគ្មាននៅលើពិភពលោក ដើម្បីចៀសវាងភាពច្រំដែលនៃប្រវត្តិសាស្រ្ត និងរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង។ សម្តេចបានកោតសរសើរចំពោះចំណងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងឥណ្ឌា ដែលបង្ហាញពីការគាំទ្រគ្នាទៅវិញទៅមកក្នុងប្រវត្តិសាស្ត្រ។
សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងការពេញចិត្តចំពោះការសម្រេចបាននូវគំនិតផ្តួចផ្តើមសំខាន់ៗ ជាពិសេសក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ លោកបានសង្កត់ធ្ងន់ថា ការភ្ជាប់ជើងហោះហើរត្រង់ថ្មីនេះ នឹងលើកកំពស់ទេសចរណ៍វប្បធម៌ ធម្មជាតិ និងសាសនា រវាងប្រទេសទាំងពីរ។ លោកបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការមកដល់នាពេលខាងមុខនៃខ្លាឥណ្ឌា និងសារីរិកធាតុរបស់ព្រះពុទ្ធ Gautama មកកាន់ប្រទេសកម្ពុជា ហើយបានជំរុញឱ្យប្រទេសឥណ្ឌាពង្រីកទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគបន្ថែមទៀត។
សម្តេចប្រធានព្រឹទ្ធសភា ក៏បានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការសម្របសម្រួលគោលនយោបាយការបរទេសរបស់ខ្លួនជាមួយបណ្តាប្រទេស Global South ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងអាស៊ាន-ឥណ្ឌា៕



















