ភ្នំពេញ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ – សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអំពាវនាវដល់វិស័យឯកជនរបស់កម្ពុជា ពង្រីកការវិនិយោគនៅតំបន់ព្រំដែន ដោយផ្តោតលើការអភិវឌ្ឍន៍កសិឧស្សាហកម្ម ក្នុងជំនួបជាមួយតំណាងសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅវិមានសន្តិភាព។
នាយករដ្ឋមន្ត្រីបានកោតសរសើរសមាគមដែលបានចូលរួមចំណែកក្នុងមូលនិធិហេដ្ឋារចនាសម្ព័ន្ធព្រំដែន ក្នុងការសាងសង់ផ្លូវក្រវ៉ាត់ព្រំដែនជាប្រវត្តិសាស្ត្រ។ សម្តេចបានលើកឡើងពីសារៈសំខាន់នៃគម្រោងនេះ មិនត្រឹមតែជាចំណុចសំខាន់នៃហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែក៏ជាធាតុសំខាន់នៃថែមទាំងជាខឿនការពារជាតិ, អធិបតេយ្យភាព, បូរណភាពទឹកដីផងដែរ។ សម្តេចធិបតីបានបន្ថែមថា ផ្លូវនេះបានបើកចំហតំបន់ភាគឦសាន ដែលជួយឲ្យមានកំណើនសេដ្ឋកិច្ច និងតភ្ជាប់ប្រជាជនកម្ពុជាទៅកាន់តំបន់ព្រំដែនដាច់ស្រយាលដែលមិនធ្លាប់បានធ្វើដំណើរទៅដល់ពីមុន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សេដ្ឋកិច្ចរីកចម្រើន។ សម្ដេចបវរធិបតីបានប្រកាសថា គោលនយោបាយវិនិយោគថ្មី និងកញ្ចប់លើកទឹកចិត្តនឹងត្រូវបានណែនាំនៅឆ្នាំ ២០២៥ ដើម្បីលើកទឹកចិត្តក្រុមហ៊ុនក្នុងស្រុកឱ្យវិនិយោគនៅក្នុងតំបន់ទាំងនេះ ដោយកសិ-ឧស្សាហកម្មត្រូវបានកំណត់ថាជាវិស័យសំខាន់សម្រាប់កំណើនប្រកបដោយចីរភាព។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា «រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពារបូរណភាពទឹកដី និង អធិបតេយ្យភាពមិនឱ្យបាត់បង់ សម្រាប់កូនចៅគ្រប់ជំនាន់ទៅថ្ងៃអនាគត និងបានដាក់ទិសដៅដើម្បីប្រែក្លាយ និងអភិវឌ្ឍតំបន់ព្រំដែននៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស»។
សម្ដេចបវរធិបតីក៏បានសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារកសាង និងអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធតាមក្រវាត់ព្រំដែនដែលបានពុះពាររាល់ឧបសគ្គ និងការលំបាកនានា ជាមួយនឹងការប្តេជ្ញាចិត្ត ក្នុងការសម្រេចឱ្យបាន តាមផែនការដែលបានគ្រោងទុក៕