ខេត្តកំពង់ស្ពឺ៖ ក្នុងប្រតិបត្តិការបង្រ្កាបករណីជួញដូរគ្រឿងញៀនយ៉ាងដាច់អហង្ការ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន២នាក់ នៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង៣ និង៥០នាទីរសៀល។ ប្រតិបត្តិការនេះ ធ្វើឡើងបន្ទាប់ពីមានការទម្លាយពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងដឹកនាំដោយលោក រ៉ា លីសួន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ ដោយមានការសម្របសម្រួលពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ត។
ជនដែលត្រូវបានចាប់ខ្លួនត្រូវបានចៅក្រមស៊ើបសួរ លោក ប៉ែន កាម៉ង់កា ចេញដីកាបង្គាប់ឲ្យចាប់ខ្លួនពីបទចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលត្រូវគេកំណត់អត្តសញ្ញាណបានរួមមានឈ្មោះ ប៊ុនរិទ្ធិ ធារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃគុយ និងឈ្មោះ សួន សុភក្តិ ភេទ ប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិជាមួយគ្នា។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានម្សៅក្រាមពណ៌សថ្លាចំនួន៥កញ្ចប់ សង្ស័យជាគ្រឿងញៀនខុសច្បាប់ រួមនឹងទូរសព្ទ័ដៃ១គ្រឿង។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួននៅអធិការដ្ឋាននគរបាលស្រុកសំរោងទងដើម្បីធ្វើការសាកសួរ។ សំណុំរឿងនេះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ។ ប្រតិបត្តិការនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តនៃការអនុវត្តច្បាប់ក្នុងតំបន់ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មទាក់ទងនឹងគ្រឿងញៀននៅក្នុងតំបន់។