
បណ្ឌិត ជិន ម៉ាលីន ផ្តើមគំនិតផ្តួចផ្តើមដោះស្រាយវិវាទនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល
ភ្នំពេញ៖ ក្នុងវិធានការសំខាន់មួយនៃការលើកកម្ពស់យុត្តិធម៌សម្រាប់តំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល លោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌ និងជាអនុប្រធាន អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានបើកកិច្ចប្រជុំលើកទី១ នៃក្រុមការងារទើបបង្កើតថ្មី នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤។ គំនិតផ្តួចផ្តើមនេះមានគោលបំណងរៀបចំ និងអនុវត្តគម្រោងដែលផ្តោតលើការដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល។
កិច្ចប្រជុំដែលធ្វើឡើងនៅទីស្តីការក្រសួងយុត្តិធម៌ បានប្រមូលផ្តុំនូវមន្ត្រីពាក់ព័ន្ធរួមមាន អនុប្រធាន សមាជិកក្រុមការងារ និងមន្ត្រីមកពីអគ្គលេខាធិការដ្ឋាន អ.ដ.ក. ពួកគេបានរួមគ្នាបង្កើតមូលដ្ឋានគ្រឹះសម្រាប់ដោះស្រាយបញ្ហាប្រឈម ពិសេសដែលសហគមន៍ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាលប្រឈមមុខ ដែលជារឿយៗការទទួលបានយុត្តិធម៌នៅតែមានកម្រិត។
លោកបណ្ឌិត ម៉ាលីន បានបើកកិច្ចប្រជុំនេះដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការយល់ដឹង និងការដោះស្រាយតម្រូវការជាក់លាក់របស់ប្រជាពលរដ្ឋជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាលស។
របៀបវារៈក្នុងកិច្ចប្រជុំបានផ្តោតលើតម្រូវការការចុះសិក្សាស្រាវជ្រាវ ការប្រមូល ចងក្រង និងសិក្សាលើទិន្នន័យនិងឯកសារព័ត៌មានពាក់ព័ន្ធចាំបាច់មួយចំនួន ដើម្បីរៀបចំជាគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល។
អ្នកចូលរួមក៏បានពិភាក្សាអំពីការរៀបចំសិក្ខាសាលា និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូ អង្គការ សមាគមនានា ដែលធ្វើការងារពាក់ព័ន្ធជនជាតិដើមភាគតិច អំពីការរៀបចំគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល។
ក្រុមការងារបានផ្តោតលើការរៀបចំទិសដៅការងារ និងផែនការសកម្មភាពសម្រាប់អនុវត្តគម្រោងនៅដើមឆ្នាំក្រោយ ចាប់ពីខែមករា ឆ្នាំ២០២៥ ខាងមុខនេះ ។
ជាចុងក្រោយ ក្រុមការងារបានទទួលស្គាល់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ ជាពិសេសជាមួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និងដៃគូពាក់ព័ន្ធផ្សេងទៀត។ ការបង្កើតយន្តការសហប្រតិបត្តិការត្រូវបានចាត់ទុកថាមានសារៈសំខាន់សម្រាប់កិច្ចខិតខំប្រឹងប្រែងដោះស្រាយវិវាទជូនប្រជាពលរដ្ខនៅតំបន់ជនជាតិដើមភាគតិចនិងតំបន់ដាច់ស្រយាល៕