ភ្នំពេញ៖ នៅថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និងតាមការណែនាំពី លោក យ៉ម ផារ៉ូត អគ្គលេខាធិការនៃ អ.ដ.ក., លោក សុខ បូរ៉ា អគ្គលេខាធិការរងនៃ អ.ដ.ក. រួមនិងសហការី បានរៀបចំបាឋកថា ស្ដីពី “បេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ” ដល់ សាស្ត្រាចារ្យ និងសិស្សនិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ប្រមាណ ២០០នាក់។
ការរៀបចំបាឋកថានេះ ក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីបេសកកម្មការងាររបស់ អ.ដ.ក. ដែលជាស្ថាប័នជាតិថ្មីមួយរបស់រាជរដ្ឋាភិបាល ជូនដល់សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ បញ្ញវន្ត និងសិស្សនិស្សិតដែលសិក្សាផ្នែកច្បាប់ បានស្វែងយល់កាន់តែច្បាស់បន្ថែមទៀតអំពីយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ>