ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការ ក្រសួងយុត្តិធម៌, លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងយុត្តិធម៌ និង កម្មវិធីអភិវឌ្ឍន៍សហ ប្រជាជាតិ (ហៅកាត់ថា UNDP) និងដោយមានការអញ្ជើញចូលរួមពី លោកស្រី Alissar Chaker អ្នកតំណាង របស់ UNDP ប្រចាំនៅកម្ពុជា។
ថ្លែងក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) នេះ, លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងថា ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងយុត្តិធម៌ និង UNDP នាពេលនេះ គឺជាការបើកនូវទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ និង UNDP លើ ការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌ សំដៅលើកកម្ពស់នីតិរដ្ឋ អភិបាលកិច្ចល្អ និងការបង្កើនជំនឿទុកចិត្តលើ ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។ ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ក៏បានបង្ហាញច្បាស់អំពីការបន្តគាំទ្រ របស់ UNDP ដល់ក្រសួងយុត្តិធម៌ ជាពិសេសលើការដ្ឋាន “កែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្តិធម៌” ដែលជាកិច្ចការ អាទិភាពដ៏សំខាន់មួយនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃ រដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា។
អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងយុត្តិធម៌ និង UNDP នាពេលនេះផ្តោតសំខាន់លើ៖
(ទី១)- ការគាំទ្រដល់ អ.ដ.ក. ដោយផ្តោតសំខាន់លើការពង្រឹងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធ តុលាការ តាមរយៈការរៀបចំផែនការ, ការអភិវឌ្ឍលិខិតបទដ្ឋានគតិយុត្ត, ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស និងការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងសំណុំរឿង ដោយយកចិត្តទុកដាក់ជាពិសេសលើជនងាយរងគ្រោះ រួមមាន ៖ ស្ត្រី កុមារ ជនមានពិការភាព និងជនជាតិដើមភាគតិច ជាដើម។
(ទី២)- ការគាំទ្រប្រព័ន្ធជំនួយផ្នែកច្បាប់ ដោយការប្រើប្រាស់ប្រព័ន្ធឌីជីថល និងឱ្យស្របតាម ឧត្តមានុវត្តន៍ជាអន្តរជាតិ ដើម្បីលើកកម្ពស់សិទ្ធិទទួលបានយុត្តិធម៌។
(ទី៣)- ការជំរុញការផ្សព្វផ្សាយផ្នែកច្បាប់ដល់សាធារណជន ដើម្បីពង្រឹងការយល់ដឹង អំពីច្បាប់ សិទ្ធិបុគ្គល និងការពង្រឹងប្រព័ន្ធជំនួយផ្នែកច្បាប់សាធារណៈ តាមរយៈការអភិវឌ្ឍ និងការបញ្ជាបការយល់ដឹង ផ្នែកច្បាប់ និងការរៀបចំគ្លីនិកផ្នែកច្បាប់ចល័ត ក្នុងកិច្ចសហប្រតិបត្តិការជាមួយសាលាច្បាប់ សាកលវិទ្យាល័យ សាធារណៈ និងអង្គការសង្គមស៊ីវិលនានា និង
(ទី៤)- ការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈដល់មន្ត្រីផ្នែកច្បាប់ និងមន្ត្រីតុលាការ ព្រមទាំងមន្ត្រី រាជការក្នុងវិស័យយុត្តិធម៌ ដោយរួមបញ្ចូលគោលការណ៍នៃការឆ្លើយតបយេនឌ័រ (Gender Responsive) ទៅក្នុងកម្មវិធីអភិវឌ្ឍន៍សមត្ថភាពសម្រាប់ការលើកកម្ពស់យេនឌ័រ និងការដោះស្រាយវិសមភាពយេនឌ័រ សម្រាប់ការទទួលបានយុត្តិធម៌ ប្រកបដោយប្រសិទ្ធភាព និងបរិយាប័ន្ន។