រដ្ឋមន្ដ្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Rebekah Bell នាយិកាអង្គការស្បៀង និងកសិកម្ម នៃអង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា
ភ្នំពេញ៖នាល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Rebekah Bell នាយិកាអង្គការស្បៀង និងកសិកម្ម នៃអង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការក្របខ័ណ្ឌកម្មវិធីប្រចាំប្រទេសរយៈពេល ៥ឆ្នាំរវាងអង្គការ FAO និងក្រសួងកសិកម្ម នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ដ្រី បានសម្តែងនូវការស្វាគមន៍ និងក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការជាមួយអង្គការ FAO នាពេលបច្ចុប្បន្ន និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀតនាពេលអនាគត។ លើសពីនេះ លោករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថាវិស័យកសិកម្មមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការធានាសន្តិសុខស្បៀង លើកកម្ពស់ជីវភាពប្រជាកសិករ មាននិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន និងជួយដល់កំណើនសេដ្ឋកិច្ចជាតិ។
ទន្ទឹមនឹងនេះ លោក រដ្ឋមន្ដ្រី ក៏បានលើកឡើងពីកម្មវិធីការអភិវឌ្ឍវិស័យកសិកម្ម ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម (CAFE-2025) ដែលបានសហការយ៉ាងជិតស្និតជាមួយអង្គការ FAO ក្នុងការប្រារព្ធក្នុងឆ្នាំ២០២៥ ខាងមុខនេះដើម្បីជំរុញការវិនិយោគក្នុងវិស័យកសិកម្មកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ និងជំរុញការវិនិយោគលើកសិផលសក្តានុពលរបស់កម្ពុជាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕