ក្រសួងយុត្តិធម៌ប្រជុំពិនិត្យវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ឆ្នាំ២០២៥
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២៤ នេះ, លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការថ្នាក់ជាតិ ដើម្បីពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ឆ្នាំ២០២៥។
ក្នុងកិច្ចប្រជុំនេះ, គណៈកម្មការថ្នាក់ជាតិ បានពិនិត្យ និងវាយតម្លៃលើបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសសរុបចំនួន ៣៣៥ នាក់ (ស្រី ៣៩ នាក់) ដែលទទួលបានពីពន្ធនាគាររាជធានី ខេត្ត ចំនួន ២៣ និងមណ្ឌលអប់រំកែប្រែចំនួន៤។
ជាលទ្ធផល, គណៈកម្មការថ្នាក់ជាតិ បានពិនិត្យ និងវាយតម្លៃឃើញថា ទណ្ឌិតដែលមានលក្ខណសម្បត្តិ និងលក្ខខណ្ឌគ្រប់គ្រាន់ដែលអាចទទួលបានការបន្ធូរបន្ថយទោស និងការលើកលែងទោសមានចំនួន ២៤០ នាក់ (ស្រី ២៦ នាក់) ក្នុងនោះរួមមាន៖ (១)-ទណ្ឌិតចំនួន ១៨៣ នាក់ (ស្រី ១៥ នាក់) អាចទទួលការបន្ថយទោសរយៈពេល ៣ខែ, (២)-ទណ្ឌិតចំនួន ៥២ នាក់ (ស្រី ១១ នាក់) អាចទទួលការបន្ថយទោសរយៈពេល ៦ខែ, (៣)-ទណ្ឌិតចំនួន ៥ នាក់ អាចទទួលការបន្ថយទោសរយៈពេល ៩ខែ។
ដោយឡែក, ចំពោះទណ្ឌិតចំនួន ៩៥ នាក់ (ស្រី ១៣ នាក់) ផ្សេងទៀត ដែលគណៈកម្មការថ្នាក់ជាតិ បានពិនិត្យ និងវាយតម្លៃឃើញថា ពុំអាចទទួលការបន្ធូរបន្ថយទោស និងការលើកលែងទោសបាន គឺសុទ្ធតែជាទណ្ឌិតដែលប្រព្រឹត្តបទល្មើសឧក្រិដ្ឋកម្មធ្ងន់ធ្ងរ និងសាហាវឃោរឃៅដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀន, ករណីក្មេងទំនើង, ករណីឃាតកម្ម, ហិង្សាមានស្ថានទម្ងន់ទោស, ករណីជួញដូរមនុស្ស, ករណីរំលោភសេពសន្ថវៈលើអនីតិជន និងករណីឪពុករំលោភសេពសន្ថវៈលើកូនរបស់ខ្លួន ជាដើម។
ទន្ទឹមនេះ, គណៈកម្មការថ្នាក់ជាតិ ក៏បានសម្រេចបញ្ចូលទណ្ឌិតចំនួន ២នាក់ ដែលបានប្រព្រឹត្តបទល្មើសរំលោភសេពសន្ថវៈលើកូនស្រី បង្កើតខ្លួន ទៅក្នុងបញ្ជីឈ្មោះទណ្ឌិតដែលមិនអាចទទួលបានការបន្ធូរបន្ថយទោស ឬលើកលែងទោស (Black List)។ ដោយគិតមកដល់ ពេលបច្ចុប្បន្ននេះ, ទណ្ឌិតដែលត្រូវបានដាក់ចូលក្នុងបញ្ជីឈ្មោះ (Black List) មានចំនួន ៦៨នាក់ ដែលសុទ្ធសឹងតែជាទណ្ឌិតដែលបានប្រព្រឹត្តបទល្មើសឧក្រិដ្ឋធ្ងន់ធ្ងរ, សាហាវឃោរឃៅដែលពាក់ព័ន្ធនឹងករណីឃាតកម្ម, ករណីរំលោភសេពសន្ថវៈលើអនីតិជន និងករណីឪពុក ឬ ជីតា រំលោភសេពសន្ថវៈលើកូន ឬ ចៅរបស់ខ្លួនជាដើម។
ជាមួយគ្នានេះ ក្នុងកិច្ចប្រជុំនេះគណៈកម្មការថ្នាក់ជាតិ បានធ្វើការពិនិត្យលើគោលការណ៍មួយចំនួនដែលបានអនុវត្តនាពេលកន្លងមក និងបានសម្រេចដាក់ចេញនូវគោលការណ៍ ពុំលើកយកមកពិនិត្យពិចារណានោះឡើយ ចំពោះសំណើទាំងឡាយណាទាក់ទងនឹងទណ្ឌិតដែលបានប្រព្រឹត្តអំពើដូចខាងក្រោម៖
* ឧក្រិដ្ឋជនគ្រឿងញៀន
* អំពើសាហាវយង់ឃ្នង
* ករណីមិនរាងចាល
* ប្រព្រឹត្តលើជនរងគ្រោះដែលជាសាច់ញាតិ ឬសហព័ទ្ធ
* ប្រព្រឹត្តលើជនរងគ្រោះជាមន្ត្រីរាជការ ឬមន្ត្រីសាធារណៈ
* ជនរងគ្រោះជាអនីតិជនអាយុក្រោម១៣ឆ្នាំ
* ជនរងគ្រោះជាជនមានវិបល្លាសស្មារតី ឬពិការ ឬមានផ្ទៃពោះ
* ជនរងគ្រោះជាសាច់សាលោហិត
* ករណីរំលោភបូក
* ករណីប៉ុនប៉ង ឬបៀតបៀនកេរខ្មាសលើជនរងគ្រោះជាសាច់សាលោហិត
* ទណ្ឌិតធ្លាប់ទទួលបានការបន្ធូរបន្ថយទោសច្រើនដងលើសពី១ភាគ៣នៃរយៈពេលផ្តន្ទាទោស។
ចំពោះសំណើលើកលែងទោស គណៈកម្មការជាតិនឹងបន្តរឹតបន្តឹងក្នុងការពិនិត្យ លើកលែងតែករណីចាំបាច់មួយចំនួន ឬហេតុផលមនុស្សធម៌តែប៉ុណ្ណោះ ។
បន្តកំណត់ដាក់បញ្ជូលក្នុងបញ្ជីឈ្មោះ Blacklist នូវទណ្ឌិតទាំងឡាយណាដែលបានប្រព្រឹត្តបទល្មើស៖
* បទឧក្រិដ្ឋដែលជាអំពើសាហាវយ៉ង់ឃ្នង
* អំពើរំលោភផ្លូវភេទ លើជនរងគ្រោះជាសាច់សាលោហិតបង្កើតរបស់ខ្លួន ។
បន្ថែមពីនេះទៀត, ក្នុងពេលឆាប់ៗខាងមុខ គណៈកម្មការថ្នាក់ជាតិ គ្រោងនឹងរៀបចំកិច្ចប្រជុំពិសេសពាក់ព័ន្ធនឹងទណ្ឌិតជាស្ត្រីនៅក្នុងពន្ធនាគារ ដោយផ្តោតជាសំខាន់ទៅលើទណ្ឌិតជាស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតាមម្តាយ មកពិនិត្យ និងពិភាក្សា ដើម្បីទទួលបានការអនុគ្រោះទោស។