ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងពីមុខរួញសំខាន់ចំនួន ៤ ដើម្បីពង្រឹងគុណភាពសេវាសុខាភិបាលនៅកម្ពុជារួមមាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការបំពាក់ឧបករណ៍សម្ភារបរិក្ខារពេទ្យទំនើប មានថ្នាំសង្កូវគ្រប់គ្រាន់ និងធនធានមនុស្ស។
ថ្លែងក្នុងពិធីបើកការដា្ឋនសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនៅរាជធានីភ្នំពេញ ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីគុណតម្លៃនៃវិស័យសុខាភិបាលចំពោះការអភិវឌ្ឍន៍ជាតិ ដោយថាបច្ចុប្បន្មរាជរដ្ឋាភិបាលកំពុងលើកកម្ពស់គុណភាពនៃការផ្ដល់សេវាព្យាបាលជូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពងាយស្រួល ជាមួយគ្នានឹងការជំរុញឱ្យក្រសួងសុខាភិបាលបំពាក់សម្ភារបរិក្ខារពេទ្យកាន់តែទំនើប និងពង្រឹងធនធានមនុស្សផ្នែកសុខាភិបាលឱ្យកាន់តែខ្ពស់។
នាយករដ្ឋមន្ត្រី ចង់ឃើញប៉ុស្ដិ៍សុខភាព មណ្ឌលសុខភាព និងមន្ទីរពេទ្យនានា មានអគារ មានថ្នាំសង្កូវ មានសម្ភារប្រើប្រាស់ និងមានគ្រូពេទ្យមានសមត្ថភាពខ្ពស់ ចេះប្រើប្រាស់បច្ចេកវិទ្យាទំនើប។
ក្នុងពេលសង្កត់ធ្ងន់លើការអភិវឌ្ឍធនធានមនុស្ស
សម្ដេចនាយករដ្ឋមន្ត្រីប្រកាសជាថ្មីម្តងទៀតថា ធនធានមនុស្សគឺជាកត្តាអាទិភាពធំជាងគេសម្រាប់ការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលគ្រប់ជំនាន់ ហើយរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ចាត់ទុកធនធានមនុស្ស ជាទ្រព្យសម្បត្តិសកម្មដ៏ធំ។ សម្ដេចក៏បានរម្លឹកជាថ្មីម្ដងទៀតដែរថាសម្ដេចនឹងមិនឱ្យមានការជ្រើសរើសនិស្សិតពេទ្យជាប់ ដោយមិនមានការប្រឡងឡើយ។
សម្ដេចថា៖ «និស្សិតពេទ្យត្រូវចងចាំថា គ្រូពេទ្យកំពុងដើរតួនាទីជាទេវតាសង្គ្រោះប្រជាពលរដ្ឋដែលមានជំងឺ ដូច្នេះត្រូវប្រកាន់ឱ្យជាប់នូវជំនាញបច្ចេកទេស ក្រមសីលធម៌ និងវិជ្ជាជីវៈ ជាចាំបាច់»។
ជាមួយគ្នានោះសម្ដេចបានលើកទឹកចិត្តដល់សាស្ត្រាចារ្យ និងបុគ្គលិកសិក្សាឱ្យបន្តអភិវឌ្ឍសមត្ថភាពជាប្រចាំ និងបង្កើនការស្រាវជ្រាវតាមជំនាញឯកទេសរៀងៗខ្លួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៅក្នុងការបង្រៀន និងការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្ដែង ក្នុងការផ្ទេរចំណេះដឹងដល់និស្សិត និងរួមចំណែកដល់ការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យសុខាភិបាលរបស់កម្ពុជា។
ក្នុងឱកាសនោះសម្តេចធិបតីក៏បានលើកឡើងពីការផ្ដល់ការគាំទ្រសុខភាពសាធារណៈតាមរយៈការបង្កើតនូវរបបសន្ដិសុខសង្គម ប.ស.ស ដែលដូចជាបណ្ណធានារ៉ាប់រងសុខភាពសម្រាប់ប្រជាពលរដ្ឋ និងមន្រ្ដីរាជការដើម្បីចូលរួមកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋលើចំណាយផ្សេងៗពាក់ព័ន្ធនឹងសេវាសុខភាព។
ពេលនេះសម្ដេចក៏បានបញ្ជាឲ្យសិក្សាលទ្ធភាពឲ្យមានកញ្ចប់សំរាប់គ្រួសារតែម្តងដើម្បីប្រើប័ណ្ណប.ស.ស តែម្ដងផងដែរ។
សម្ដេចថា៖ «ពលរដ្ឋមានសុខភាពល្អជាទ្រព្យសកម្មរបស់ជាតិ»។
គម្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាជំនួយពីសាធារណរដ្ឋកូរ៉េក្នុងទឹកប្រាក់ប្រមាណ៦៦លានដុល្លាដែលមានរយៈពេលសាងសង់២៨ខែ លើផ្ទៃដីសរុប ជាង២ម៉ឺនម៉ែត្រការ៉េ ដោយមានទំហំដីសម្រាប់សង់អគារជិត ៥ពាន់ម៉ែត្រការ៉េ៕