អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានបន្តចុះធ្វេីសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មការងាររបស់ខ្លួន ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធ ក្នុងខេត្តកំពង់ធំ
កំពង់ធំ: ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ធំ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មការងាររបស់ខ្លួន ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធក្នុងខេត្តកំពង់ធំ ក្រោមអធិបតីភាព លោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. តំណាងដ៏ខ្ពង់ខ្ពស់ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក.។ សិក្ខាសាលាផ្សព្វផ្សាយនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ប៉ូច សោភ័ណ សមាជិក អ.ដ.ក., លោក ឃ្លោក ដារ៉ា សមាជិក អ.ដ.ក., លោក ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ, លោក អ៊ុន បុត្ត អភិបាលរងខេត្ត តំណាងលោកអភិបាល នៃគណ:អភិបាលខេត្តកំពង់ធំ, លោកប្រធានសាលាដំបូង, ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូង, ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក., សមាជិកក្រុមប្រឹក្សាខេត្ត, តំណាងស្នងការដ្ឋាននគរបាលខេត្ត, តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត, រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ សរុបប្រមាណជា ២៣០ រូប។
ថ្លែងក្នុងឱកាសនេះ លោកបណ្ឌិត ជិន ម៉ាលីន បានលើកឡើងអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានេះ ដែលបានចាត់ទុកការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ជាជ្រុងមួយនៃស្នូលនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ ការកែទម្រង់ប្រព័ន្ធយុត្តិធម៌នេះ នឹងត្រូវធ្វើលើសសរស្ដម្ភចំនួន ២ គឺ សសរស្ដម្ភទី១-ការកែទម្រង់ប្រព័ន្ធតុលាការ និង សសរស្ដម្ភទី២-ការកែទម្រង់ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ ជាក់ស្តែង ការបង្កើត អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលហៅកាត់ថា អ.ដ.ក. នេះ គឺជាសមិទ្ធផលថ្មីមួយ ដើម្បីដើរតួនាទីជាប្រតិបត្តិករក្នុងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ លើសសរស្ដម្ភទី២-ការកែទម្រង់ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
អ.ដ.ក. គឺជាយន្តការថ្នាក់ជាតិមួយ បន្ថែមលើយន្តការដែលមានស្រាប់ ដែលមានបេសកកម្មដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងនិរន្តភាពនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងបង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែខិតជិតប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលអាចធានាបាននូវបរិយាកាសសន្តិភាពនិយម និងភាពសុខដុមរមនាក្នុងសង្គមជាតិ និងជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមតុលាការ។ ទន្ទឹមនេះ លោកបណ្ឌិត ក៏បានផ្តាំផ្ញើដល់ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្តកំពង់ធំទាំងអស់ ឱ្យជួយធ្វើការផ្សព្វផ្សាយបន្តឱ្យបានកាន់តែទូលំទូលាយ សំដៅធ្វើយ៉ាងណាឱ្យសាធារណជន ពិសេសប្រជាពលរដ្ឋដែលមានតម្រូវការប្រើប្រាស់សេវាដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ បានទទួលព័ត៌មានច្បាស់លាស់ អំពីការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលធ្វើឡើងក្នុងក្របខ័ណ្ឌនៃអ.ដ.ក. នេះ។
សូមបញ្ជាក់ផងដែរថា ខេត្តកំពង់ធំ គឺជាខេត្តទី៩ បន្ទាប់ពីខេត្តបាត់ដំបង, ខេត្តកណ្តាល, ខេត្តបន្ទាយមានជ័យ, ខេត្តព្រៃវែង, ខេត្តកំពង់ស្ពឺ, ខេត្តត្បូងឃ្មុំ, ខេត្តកំពង់ឆ្នាំង និងខេត្តកំពត ដែល អ.ដ.ក. បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងបានរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពជូនដល់មន្ត្រីពាក់ព័ន្ធនៅមូលដ្ឋាន។ នៅពេលខាងមុខ អ.ដ.ក. នឹងបន្តរៀបចំកម្មវិធីនេះ ឱ្យបានដល់គ្រប់រដ្ឋបាលរាជធានី ខេត្តទាំងអស់ ទូទាំងប្រទេស។