នគរបាល ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនជាតិថៃប្រុស-ស្រី១០នាក់ ជាមួយនឹងសារធាតុញៀនជិត១មុឺនគ្រាប់ នៅក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ ៖ នគរបាលខេត្តបន្ទាយមានជ័យ ឃាត់បញ្ជូនជនជាតិថៃប្រុស-ស្រីចំនួន១០នាក់ រួមជាមួយនិងសារធាតុញៀនជាច្រើនមុខចំនួនជិត១មុឺនគ្រាប់ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទីទី០៣ ខែធ្នូ ឆ្នាំ២០២៤។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា អនុវត្តតាមផែនការណែនាំ និងបញ្ជាដោយផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត កាលពីយប់ថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២៤ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការក្រុង បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ បានចុះល្បាតនៅក្នុងភូមិសាស្ត្រដល់ចំណុចអគារថ្មី ស្ថិតនៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ បានឈានដល់ការបង្រ្កាបនៅបទល្មើសរក្សាទុក ចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនបានជនជាតិថៃប្រុស-ស្រី ចំនួន១០នាក់រួមមាន ៖ ១.ឈ្មោះ ចាក់គិត អ៊ុនដេ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិថៃ, ២.ឈ្មោះសុផាកន បូរសុវណ្ណ ហៅប៉ន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិថៃ, ៣.ឈ្មោះ ធុង ឆៃ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិថៃ, ៤.ឈ្មោះ គិត ធីផុប ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិថៃ, ៥.ឈ្មោះសាវ៉ាន់ សាប់ដាវី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិថៃ, ៦.ឈ្មោះ ចេស សាដា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិថៃ, ៧.ឈ្មោះប៉ាវីឆាត ម៉ារាសាន់ ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិថៃ, ៨.ឈ្មោះ ជន ភិម៉ុន ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិថៃ, ៩.ឈ្មោះឈុនធីឆាវវងចាំភូ ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិថៃ, ១០.ឈ្មោះជិតទិម៉ា វង់ខាំភូ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិថៃ។ ជនសង្ស័យទាំង១០បានស្នាក់នៅក្នុងភូមិបាលិលេយ្យ២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត
ជាមួយនឹងការឃាត់ខ្លួនជនជាតិថៃ សមត្ថកិច្ច ឆែកឆេររកឃើញនៅវត្ថុតាងសារធាតុញៀនជាច្រើនប្រភេទរួមមាន ៖ ថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ(WY)ពីលើចំនួន(៩៥៨០គ្រាប់), ថ្នាំគ្រាប់ពណ៌ទឹកក្រូចមានអក្សរ(WY)ពីលេីចំនួន(១១៣០គ្រាប់), ថ្នាំគ្រាប់ពណ៌បៃតងមានអក្សរ(WY)ពីលើចំនួន(៣៨គ្រាប់), ម្សៅក្រាមស ផ្លាសង្ស័យជាសារធាតុញៀនចំនួន២៦ថង់, រួមនឹងវត្ថុតាងមួយចំនួនទៀត។
លោកឧត្តមសេនីយ៍ត្រី ធិន សុិនដេត ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការនគរបាលខេត្ត បានបញ្ជក់ថា បច្ចុប្បន្ន ជនសង្ស័យទាំង១០នាក់និងវត្ថុតាងត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី ៕