លោកបណ្ឌិត ជិន ម៉ាលីន៖ សេរីភាពសារព័ត៌មាន ត្រូវបានធានានិងការពារដោយច្បាប់ សម្រាប់អ្នកកាសែត ដែលគោរពក្រមសីលធម៌វិជ្ជាជីវៈ និងផ្សាយពីព័ត៌មានពិតប្រាកដ
ភ្នំពេញ៖ លោកបណ្ឌិត ជិន ម៉ាលីន បានគូសបញ្ជាក់ថា «សេរីភាពសារព័ត៌មាន និងការអនុវត្តច្បាប់! សេរីភាពសារព័ត៌មាន ត្រូវបានធានានិងការពារដោយច្បាប់ សម្រាប់អ្នកកាសែត ដែលគោរពក្រមសីលធម៌វិជ្ជាជីវៈ, ផ្សាយពីព័ត៌មានពិតប្រាកដ ចំណែកឯការអនុវត្តច្បាប់ គឺធ្វើចំពោះអ្នកកាសែតដែលមិនគោរពច្បាប់ និងបំពានលើសិទ្ធិអ្នកដទៃ»។
លោកបណ្ឌិត ជិន ម៉ាលីន បានសង្កត់ធ្ងន់ថា «ប្រសិនបើអ្នកកាសែតដែលផ្សាយព័ត៌មានពិត និង អនុវត្តទៅតាមក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់សារព័ត៌មាន ហើយត្រូវបានចាប់ខ្លួន ឬចោទប្រកាន់ សូមទាក់ទងមកកាន់ក្រសួងយុត្តិធម៌ ដើម្បីធ្វើការត្រួតពិនិត្យ»។
លោកបណ្ឌិតបានបន្តថា ក្នុងសង្គមនីតិរដ្ឋ, ការអនុវត្តសិទ្ធិសេរីភាពរបស់បុគ្គលម្នាក់ គឺមានព្រំដែននៅត្រឹមការប្រើសិទ្ធិរបស់បុគ្គលដទៃ។ រាល់សកម្មភាពដោយរំលោភបំពាន តែងត្រូវឆ្លើយតបដោយការទទួលខុសត្រូវ។ ការផ្សាយបរិហារកេរ្តិ៍ និង ជេរប្រមាថអ្នកដទៃ ពុំមែនជាការផ្សាយព័ត៌មានទេ។ ការផ្សាយព័ត៌មានក្លែងក្លាយ ក៏ពុំមែនជាការផ្សាយព័ត៌មានដែរ។ ការផ្សាយ ឬគំរាមផ្សាយព័ត៌មានដើម្បីសំអុយកេរ្តិ៍ឈ្មោះបុគ្គលណាម្នាក់ ដោយភ្ជាប់នឹងលក្ខខណ្ឌជំរិតយកលាភសក្ការៈពីបុគ្គលនោះ ក៏ពុំមែនជាការផ្សាយព័ត៌មានដែរ ប៉ុន្តែ ជាអំពើខុសច្បាប់របស់កម្ពុជា។
លោកបន្តឲ្យដឹងថា អ្នកកាសែត ពុំមានអភ័យឯកសសិទ្ធិទេ ដូចនេះ នៅពេលដែលអ្នកកាសែតធ្វើខុសច្បាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ប៉ុន្តែ អ្នកកាសែតមានអាវក្រោះការពារខ្លួនបាន គឺ នៅពេលផ្សាយព័ត៌មានពិត និង ផ្សាយព័ត៌មានប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងដោយគោរពតាមច្បាប់សារព័ត៌មាន។
លោកបណ្ឌិតរដ្ឋលេខាធិការបានបន្តទៀតថា ច្បាប់សារព័ត៌មាន មានហើយ ហើយបើអ្នកកាសែត មិនគោរពច្បាប់សារព័ត៌មាន តើបង្កើតច្បាប់សារព័ត៌មានដើម្បីអនុវត្តទៅលើអ្នកណា?
លោកបណ្ឌិត ជិន ម៉ាលីន ក៏បានអំពាវនាវឲ្យត្រូវរួមគ្នា ការពារអ្នកសារព័ត៌មានដែលអនុវត្តវិជ្ជាជីវៈបានត្រឹមត្រូវ តាមក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ជាធរមានរបស់កម្ពុជា។
គួររំលឹកជូនថា ការឆ្លើយតបរបស់លោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ខាងលើនេះ បន្ទាប់ពីឯកឧត្តម ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) កាលពីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ បានផ្ញើសារតាមគណនីផ្ទាល់ខ្លួនថា «ក្នុងករណី បងប្អូន មានក្តីក្តាំនៅតុលាការ គួរស្វែងរកការពិគ្រោះយោបល់ជាមួយ សមាគមកាសែត និងមេធាវី ដើម្បីទទួលបានមតិយោបល់ សម្រាប់ជាមូលដ្ឋានយកទៅដោះស្រាយការចោទប្រកាន់នានា ស្របតាមទិដ្ឋភាពច្បាប់ និងសន្តិវិធី។ ជាមួយគ្នានេះ លោក ហ៊ុយ វណ្ណៈ អំពាវនាវដល់ អ្នកច្បាប់ តុលាការគ្រប់ជាន់ថ្នាក់យក «ច្បាប់ស្តីពីរបបសារព័ត៌មាន» ធ្វើជាមូលដ្ឋានសម្រាប់ការដោះស្រាយចំពោះករណី អ្នកកាសែត។ យើងត្រូវហ៊ានទទួលស្គាល់ថា បញ្ហាអយុត្តិធម៌សង្គមខ្លះដែលមិនត្រូវបានអើពើ គឺប្រជាជនពិតជាគ្មានជម្រើសអ្វីក្រៅតែពឹងអ្នកកាសែតឱ្យជួយផ្សាយ ដើម្បីបានជ្រាបដល់ថ្នាក់ដឹកនាំជាតិរបស់យើង។ យើងមិនចង់ឃើញបរិយាកាសមួយនៃការប្រើប្រាស់ច្បាប់ បម្រើឱ្យគោលដៅ បិទមាត់ បិទភ្នែក បិទត្រចៀក អ្នកសារព័ត៌មាននោះទេ។ បើច្បាប់ស្តីពីរបបសារព័ត៌មាន មិនត្រូវបានប្រើប្រាស់ចំពោះករណី អ្នកសារព័ត៌មាន តើចាំបាច់បង្កើតច្បាប់នេះមកធ្វើអ្វី?»៕