ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ហេង សួរ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តក្វាងស៊ី ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើកកម្ពស់វិស័យ TVET កម្ពុជាកាន់តែប្រសើរ

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកជំទាវ ឈិន អីជុន (Chen Yijun) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្ស និងជាប្រធានមន្ទីរឃោសនាការទទួលបន្ទុកវិស័យអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី។

ជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹក ថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ផ្តោតលើការបន្តពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា ជាពិសេសការទទួលស្គាល់គុណភាពបណ្តុះបណ្តាល TVET រវាងប្រទេសទាំងពីរ។

លោក ហេង សួរ បានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា-ចិន បានដំឡើងដល់កម្រិត ត្បូងពេជ្រ ដែលតាមរយៈកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនេះគឺជួយគាំទ្រគ្នាទៅវិញទៅមកទាំងថ្នាក់ជាតិ និងតំបន់។ ទន្ទឹមនេះ រដ្ឋាភិបាលចិនបានផ្តល់ជំនួយ និងការគាំទ្រជាច្រើនដល់កម្ពុជា រួមមានទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក៏ដូចជាវិស័យអប់រំបណ្តុះបណ្តាលដល់សិស្ស និស្សិតខ្មែរជាច្រើនឱ្យទទួលបាននូវចំណេះដឹង ជំនាញសម្រាប់ការអភិវឌ្ឍនៅកម្ពុជា។ បន្ថែមពីនេះ ការវិនិយោគរបស់ចិនគឺមានទំហំធំនៅកម្ពុជា ដែលបានបង្កើតឱកាសការងារជាច្រើនសម្រាប់ប្រជាជនកម្ពុជា។

ទន្ទឹមនេះ លោករដ្ឋមន្ត្រី សង្ឃឹមថា បន្ថែមពីលើកិច្ចសហប្រតិបត្តិការតាមរយៈអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានពហុបច្ចេកទេសនៃខេត្តក្វាងស៊ី និងគ្រឹះស្ថាន TVET របស់កម្ពុជា ដែលមានស្រាប់នាពេលបច្ចុប្បន្ន នឹងអាចបន្តពង្រីកមួយកំរិតទៀតទៅជាអនុស្សរណៈនៃការយោគយល់គ្នារវាងខេត្តក្វាងស៊ី និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតែម្តង ដើម្បីពង្រឹងគុណភាពបណ្តុះបណ្តាលបច្ចេកទេស TVET នៅកម្ពុជា ឱ្យដូចទៅនឹងស្តង់ដានៃប្រព័ន្ធ បណ្តុះបណ្តាលបច្ចេកទេសក្នុងខេត្តក្វាងស៉ី ផងដែរ។

ជាការឆ្លើយតប លោកជំទាវ ឈិន អ៉ីជុន (Chen Yijun) បានសម្តែងការរីករាយ និងគាំទ្រចំពោះកិច្ចសហប្រត្តិការរវាងខេត្តក្វាងស៊ី និងកម្ពុជា។ លោកជំទាវ បានជម្រាបថា វិស័យ បណ្តុះបណ្តាលបច្ចេកទេសនៅខេត្តក្វាងស៊ីមានការរីកចម្រើនខ្លាំង ដោយក្នុងនោះមានវិទ្យាស្ថានបច្ចេកទេសចំនួន ៣១០ កំពុងបណ្តុះបណ្តាលលើវិស័យបច្ចេកទេស ចាប់ពីកំរិតមធ្យម កំរិតជាន់ខ្ពស់ និងបរិញ្ញាបត្រ។ ដូចនេះ លោកជំទាវជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងខេត្តក្វាងស៊ី និងគ្រឹះស្ថាន TVET របស់កម្ពុជា តាមរយៈការជំរុញនិស្សិតកម្ពុជាទៅសិក្សានៅខេត្តក្វាងស៉ីកាន់តែច្រើន រួមនិងការបញ្ជូនគ្រូមកជួយបណ្តុះបណ្តាលនៅកម្ពុជាកាន់តែច្រើនទៀត នឹងជួយពង្រឹង និងលើកកម្ពស់វិស័យ TVET កម្ពុជាកាន់តែប្រសើរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក