បន្ទាយមានជ័យ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ធិបតី ហ៊ុន ម៉ាណែត បានរំលឹកពីតម្លៃសន្តិភាពនិងស្ថេរភាពសង្គមដែលផ្ដល់នូវការអភិវឌ្ឍន៍និងការរស់នៅទៅដល់ប្រជាពលរដ្ឋ នៅក្នុងតំបន់ដែលធ្លាប់មានវិបត្តិចំនួសដីធ្លីរ៉ាំរ៉ៃជាង២០ឆ្នាំ ភូមិអភិវឌ្ឍបឹងជង្រុកតេជោឈ្នះ ឈ្នះ។
ក្នុងឱកាសសម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ ឈ្នះ ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា តំបន់អភិវឌ្ឍបឹងជង្រុក គឺជាសមិទ្ធផលដែលកេីតចេញពីការអនុវត្តនូវនយោបាយ ឈ្នះ ឈ្នះ ២ដង ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ទី១).ការបញ្ចប់សង្គ្រាមរ៊ាំរ៉ៃនៅកម្ពុជា និង២)ការបញ្ចប់ជម្លោះដីធ្លីជាង២០ឆ្នាំរវាងប្រជាជន និងប្រជាជន។
គួរឲ្យដឹងថានៅចន្លោះឆ្នាំ២០០០ និង២០០២ តំបន់នេះចាប់ផ្ដើមមានមនុស្សទន្ទ្រានដីខុសច្បាប់កើនឡើងបន្តិចម្ដងៗ ហើយកាន់តែច្រើនឡើងក្នុងអំឡុងឆ្នាំ២០១០ និងបានប្តឹងទាមទារដីទាំងអស់នេះ ដោយបានអះអាង ថាជារបបគោលនយោបាយរបស់អង្គភាពខ្លួនបានបែងចែកឱ្យក្រោយសមាហរណកម្មឆ្នាំ ១៩៩៦។
តាមរយៈសកម្មភាព និងចលនាទាំងនេះ បានបង្កើតជាបញ្ហាវិបត្តិវិវាទរ៉ាំរ៉ៃជាង២០ឆ្នាំនៅតំបន់នេះបង្កភាពអសន្តិសុខ និងបង្កជម្លោះហិង្សាជាមួយអាជ្ញាធរផងដែរ។
ករណីវិវាទខាងលើនេះមានសន្ទុះខ្លាំងក្នុងចន្លោះឆ្នាំ២០១៨ ដល់ឆ្នាំ២០២០។ រហូតដល់មានការអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ក្រុមការងារចុះពិនិត្យដោះស្រាយបន្ទាន់។ ជាលទ្ធផលការដោះស្រាយត្រូវបានបញ្ចប់ដោយសន្តិវិធី និងឈ្នះឈ្នះទាំងអស់គ្នា។
តាមរបាយការណ៍ដែលនាយរងខុទ្ទកាល័យនាយករដ្ឋមន្ត្រីលោក ប៉ាន់ ខែមប៊ុនថន បានលើកឡើងថាបញ្ហាជម្លោះដីធ្លីនេះកើតឡើងតាមរយៈការញុះញង់ពីក្រុមប្រឆាំងដើម្បីទាញជាប្រយោជន៍នយោបាយរបស់ខ្លួន។
នាយករដ្ឋមន្ត្រីសម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងក្នុងពិធីនៅថ្ងៃនេះថា ការជឿតាមការញុះញង់របស់ក្រុមប្រឆាំងគឺមិនទទួលបានលទ្ធផលនោះទេ មានតែទាញឲ្យប្រទេសជាតិធ្លាក់ចូលគ្រោះថ្នាក់។ ការចូលរួមដោះស្រាយដោយសន្តិវិធីតែមួយប៉ុណ្ណោះទើបជោគជ័យ។
សម្ដេចថា៖ «ខ្ញុំសូមអំពាវនាវទៅដល់បងប្អូននៅបឹងជង្រុក នៅបន្ទាយមានជ័យ ក៏ដូចជាបងប្អូននៅទូទាំងប្រទេស សូមចូលរួមបន្តថែរក្សា សន្តិភាពថែរក្សាការសាមគ្គីឯកភាពជាតិ កុំចាញ់ឃោសនា»។
សន្តិភាពទទួលបានក្រោយការបញ្ចប់សង្គ្រាម គឺជាការលំបាកមួយ ប៉ុន្តែការថែរក្សាសន្តិភាព និងស្ថិរភាពសង្គមជាតិ គឺជាការលំបាកមួយកម្រិតទៀត។
គួរដឹងដែរថាក្រោយពីមានដំណោះស្រាយរួចរាល់តំបន់បឹងជង្រុកដែលធ្លាប់ជាតំបន់ដាច់ស្រយាល គ្មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ពេលនេះបានក្លាយជាតំបន់អភិវឌ្ឍន៍មួយគួរឲ្យកត់សម្គាល់ មណ្ឌលសុខភាព សាលារៀន ទីស្នាក់ការរដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធសមប្រកបសម្រាប់ប្រជាពលរដ្ឋរស់នៅបានស្រួលបួលត្រូវបានកសាងឡើងជាបន្តបន្ទាប់ ដែលតាមចំណាយអស់ទឹកប្រាក់ប្រមាណ១៥លានដុល្លាអាមេរិក៕