
គម្រោងស្តារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣១ (ចាប់ពី បែកគុស ដល់ទីរួមស្រុកកំពង់ត្រាច ខេត្តកំពត) សម្រេចការងារសាងសង់បាន ១០០ % ហើយ!
កំពត៖ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារពង្រីក និងលើកកម្រិតគុណភាពគម្រោងផ្លូវជាតិលេខ៣១ មុនធ្វើការប្រគល់-ទទួល បណ្តោះអាសន្ន ផ្លូវនេះមានប្រវែងសរុប ៥៣,៥៤ គីឡូម៉ែត្រ (ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣)។ ក្នុងដំណើរបេសកកម្មនេះ មានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមទីប្រឹក្សា លោក លោកស្រី ក្រុមការងារពាក់ព័ន្ធគម្រោង និងក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន ផងដែរ។
ការចុះពិនិត្យនេះក្នុងគោលបំណងដើម្បីពិនិត្យមើលស្ថានភាពសាងសង់ និងការងារបច្ចេកទេស មុនធ្វើការប្រគល់-ទទួល បណ្តោះអាសន្ន និងធានាបានថាគម្រោងផ្លូវជាតិលេខ៣១ អនុវត្តទៅតាមលក្ខណៈបទដ្ឋានត្រឹមត្រូវ ប្រកបដោយគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង។
ស្ថិតក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់គ្រប់ផ្នែកពាក់ព័ន្ធ ដែលបានខិតខំបំពេញកិច្ចការងារដោយយកចិត្តទុកដាក់។ ជាមួយនោះដែរ ឯកឧត្តម បានកើនរំឮកដល់ក្រុមហ៊ុនសាងសង់ សូមបំពេញកិច្ចការងារដែលនៅសេសសល់តិចតួច មានការដាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាតាមដងផ្លូវ ជាដើម ត្រូវបញ្ចប់ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស កំណត់ទីតាំងឱ្យបានច្បាស់លាស់។ ទន្ទឹមនោះដែរក្រុមហ៊ុនបានទទួលយល់ព្រមដោយសន្យាថានឹងរៀបចំឱ្យបានរួចរាល់ឱ្យបានឆាប់ជូន មុនពិធីបុណ្យសមុទ្រដែលប្រព្រឹត្តិទៅនាពេលឆាប់ៗខាងមុខ ដើម្បីជាការសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ជូនថាគិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ វឌ្ឍនភាពនៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ លទ្ធផលការងារបានសម្រេច ១០០% ហើយ ដោយមានការវាយតម្លៃយល់ព្រមទទួលយក និងដាក់ឲ្យប្រើប្រាស់បណ្តោះអសន្នក្នុងរយៈពេល១ឆ្នាំ ដើម្បីបន្តពិនិត្យគុណភាពមុននឹងទទួលយកជាស្ថាពរ៕