ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញពីការបារម្ភចំពោះសំណង់អាគារចាស់ៗនៅក្នុងរាជធានីភ្នំពេញដោយស្នើឲ្យក្រសួងមានការយកចិត្តទុកដាក់និងព្យាយាមដោះស្រាយ។
ថ្លែងក្នុងពិធីបិទសន្និបាតការងារឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នារសៀលថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចធិបតីបានស្នើឲ្យមានការយកចិត្តទុកដាក់ចំពោះបញ្ហាសុវត្ថិភាពទាំងសំណងចាស់ និងថ្មី ខណៈបានលើកឡើងពីការបារម្ភចំពោះស្ថានភាពអគារចាស់ៗនៅភ្នំពេញ។
សម្ដេចថា៖ «រឿងនេះឯកឧត្តម សាយ សំអាល់ ជជែកមួយខ្ញុំជិតមួយឆ្នាំហើយក៏មានគំនិតត្រូវមើលហើយជាអ្វីដែលខ្ញុំព្រួយបារម្ភផងដែរ។ រឿងហ្នឹងយូរមកហើយអាគារយើងយូរហើយភាគច្រើននៅភ្នំពេញអត់មានគ្រឹះទេ»។
សម្ដេចបានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីធ្វើកិច្ចសហការជាមួយនឹងឯកជនដើម្បីមានដំណោះស្រាយជូនប្រជាពលរដ្ឋខណៈស្នើសុំការយោគយល់ពីប្រជាពលរដ្ឋដើម្បីដោះស្រាយបញ្ហានេះ៕