ភ្នំពេញ៖ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីបិទអនុសំវច្ឆរ មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២ នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។
រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក ចាយ បូរិន បានរាយការណ៍ថា មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស បង្កឱការដល់គណៈសង្ឃនាយកទាំងពីរគណៈ និងមន្ត្រីជាន់ខ្ពស់ពិភាក្សាអំពីបញ្ហាសំខាន់ៗជុំវិញការអនុវត្តសង្ឃប្រកាសកន្លងទៅ និងការងារនាបច្ចុប្បន្ន ព្រមទាំងលើកទិសដៅត្រូវអនុវត្ត បន្តទៀត គាំទ្រទៅលើប្រព័ន្ធសង្សាភិបាល ការប្រតិបត្តិធម៌វិន័យ កិច្ចការព្រះពុទ្ធសាសនាលើឆាកអន្តរជាតិ និងពុទ្ធិកសិក្សា ដោយបានផ្លាស់ប្តូរព្រះយោបល់គ្នាយ៉ាងផុសផុល លើចំណុចខ្លាំង ចំណុចខ្សោយ បញ្ហា ប្រឈម ក្នុងវិស័យព្រះពុទ្ធសាសនា។
លោករដ្ឋមន្ត្រី ចាយ បូរិន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃអនុសំវច្ឆរ មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស នេះគឺជាការឆ្លុះបញ្ចាំងឱ្យឃើញពីការបន្តលើកកម្ពស់ តម្លៃព្រះពុទ្ធសាសនា ឱ្យកាន់តែល្អប្រសើរថែមទៀត រួមចំណែកដល់ការអភិវឌ្ឍជាតិជាមួយរាជរដ្ឋាភិបាល។ ជាលទ្ធផលដ៏ត្រចះត្រចង់ សម្រាប់អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤ នេះ គណៈសង្ឃនាយកទាំងពីរគណៈ បានសម្រេចព្រះទ័យជាឯកច្ឆ័ន ដាក់ចេញ នូវសង្ឃប្រកាសរួមគ្នាតែមួយ ដើម្បីពង្រឹងសាមគ្គីធម៌ក្នុងព្រះពុទ្ធសាសនា។ អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស បានប្រព្រឹត្តទៅចំនួន៣២លើក រួមទាំងលើកនេះផងដែរ ចាប់តាំងពីឆ្នាំ១៩៩២ រហូតមកទល់ឆ្នាំ២០២៤។ គណៈសង្ឃទាំងពីរនិកាយបានចេញព្រះរាជសង្ឃប្រកាសចំនួន ៣១ច្បាប់។
រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក ចាយ បូរិន បានឱ្យដឹងថា អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស គឺជាកិច្ចប្រជុំប្រចាំឆ្នាំរបស់ព្រះមន្ត្រីសង្ឃនិកាយ ថេរវាទក្នុងព្រះរាជាណាចក្រកម្ពុជា រៀបចំឡើងដោយក្រសួងធម្មការនិងសាសនា សហការជាមួយគណៈសង្ឃ នាយកទាំងពីរគណៈ ដោយមានការនិមន្តចូលរួមពីព្រះមេគណខេត្តទាំងពីរគណៈ ព្រះមន្ត្រីសង្ឃខេត្ត ក្រុង ស្រុក គ្រប់ឋានានុក្រម ព្រះគ្រូចៅអធិការវត្តទាំង២និកាយ និងមន្ទីរធម្មការនិងសាសនាគ្រប់រាជធានី ខេត្តព្រមទាំង តំណាងគ្រប់និកាយសាសនាក្នុងព្រះរាជាណាចក្រកម្ពុជា។
ថ្លែងក្នុងពិធីបិទនេះ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីតួនាទីសំខាន់របស់សាសនាក្នុងការលើកកម្ពស់តម្លៃវប្បធម៌ និងសីលធម៌ខ្មែរ។ សម្តេចបានគូសបញ្ជាក់ពីទំនាក់ទំនងគ្នារវាងស្ថិរភាពនយោបាយ ជំនឿសាសនា និងការអភិវឌ្ឍន៍ជាតិ ដោយកត់សម្គាល់ថា អត្តសញ្ញាណវប្បធម៌ត្រូវតែរក្សាបាន ទោះបីជាមានវឌ្ឍនភាពទំនើបក៏ដោយ។ លោកបានកត់សម្គាល់ថា៖ «សារៈសំខាន់របស់សាសនា គឺនៅពេលដែលបាត់បង់សាសនា»។ សម្តេចមានប្រសាសន៍ថា «នយោបាយឈ្នះ-ឈ្នះ ទទួលបានជោគជ័យបានដោយសារតែការទុកចិត្តនិងជឿជាក់»។
សម្តេចធិបតី បានអំពាវនាវឲ្យយុវជនកម្ពុជា ឆ្លុះបញ្ចាំងពីគុណតម្លៃរបស់ខ្លួន និងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមប្រកបដោយទំនួលខុសត្រូវ តស៊ូមតិឲ្យប្រកាន់ខ្ជាប់នូវគោលការណ៍សីលធម៌ខ្មែរ។ សម្តេចបានចង្អុលបង្ហាញពីសារៈសំខាន់នៃការអប់រំទាំងក្នុងផ្ទះ និងក្នុងសង្គមជាមូលដ្ឋានគ្រឹះក្នុងការចិញ្ចឹមបីបាច់ពលរដ្ឋល្អ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «កំណើននៃបច្ចេកវិទ្យាបានធ្វើឱ្យមនុស្សកាន់តែនៅឆ្ងាយពីគ្នានិងធ្លាក់ចុះតម្លៃសង្គម»។ សម្ដេចធិបតី បានអំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាន នូវតម្លៃវប្បធម៌ សីលធម៌ជាខ្មែរ។ លើសពីនេះ សម្តេចធិបតីនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត បានទទួលស្គាល់នូវតួនាទីសំខាន់នៃការអប់រំតាមបែបព្រះពុទ្ធសាសនា ក្នុងការបណ្តុះនូវគុណធម៌ ច្បាប់ និងសេចក្តីមេត្តាករុណានៅក្នុងសង្គម ដែលលោកបានអះអាងថា មានសារៈប្រយោជន៍សំខាន់ក្នុងការលើកកម្ពស់សុខដុមរមនា និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងប្រទេសជាតិ។ សម្តេចមានប្រសាសន៍ថា «គ្រប់សាសនាទាំងអស់ តែងតែបង្រៀនឱ្យចេះជួយគ្នា និងធ្វើអំពើល្អ។
សម្តេចនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យគណៈសង្ឃទាំងពីរគណៈចូលរួមយ៉ាងសកម្មក្នុងអធិករណ៍ក្នុងព្រះពុទ្ធសាសនា និងការពារបេតិកភណ្ឌវត្តអារាម។ សម្តេចបានជំរុញឱ្យក្រសួងធម្មការ និងសាសនា ធ្វើការយ៉ាងជិតស្និទ្ធជាមួយគណៈសង្ឃ ដើម្បីបង្កើនការចេះអក្សរឌីជីថលរបស់ព្រះសង្ឃ និងមន្ត្រីរាជការ ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥៕