
រដ្ឋបាលរាជធានីភ្នំពេញ បង្កើតក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សា ចំណេះទូទៅគ្រប់កម្រិត ថ្នាក់រាជធានីភ្នំពេញ
ភ្នំពេញ ៖ លោក ឃួង ស្រេង បានចេញសេចក្ដីសម្រេចបង្កើតក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃដើម្បីបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សា ចំណេះទូទៅគ្រប់កម្រិត ថ្នាក់រាជធានីភ្នំពេញ និងថ្នាក់ខណ្ឌ នៃរដ្ឋបាលរាជធានីភ្នំពេញ។ ក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃនេះមានលោក ឃួង ស្រេង ជាប្រធាន អមដោយអនុប្រធាន៥នាក់ អនុប្រធានប្រចាំការម្នាក់ និងសមាជិកជាច្រើននាក់ផ្សេងទៀត ដែលសុទ្ធតែអ្នកពាក់ព័ន្ធលើការងារនេះទាំងអស់។ នេះបើតាមសេចក្ដីសម្រេចដែលបណ្តាញសារព័ត៌មាន EAC News ទទួលបាននៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១។
ក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាចំណេះទូទៅ គ្រប់កម្រិត ថ្នាក់រាជធានីភ្នំពេញ មានតួនាទី-ភារកិច្ច ពិនិត្យពិភាក្សា និងកំណត់ភូមិសាស្ត្រដែលមានហានិភ័យខ្ពស់ និងហានិភ័យទាប ដើម្បីបើកដំណើរការឡើងវិញ។
វាយតម្លៃ និងជ្រើសរើសសាលាមត្តេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ដែលមានលទ្ធភាពបើកដំណើរការឡើងវិញ អាស្រ័យទៅតាមស្ថានភាពជាក់ស្ដែង អនុវត្តនូវគម្លាតសុវត្ថិភាព។
ដាក់ចេញនូវវិធានការចាំបាច់នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត រួមទាំងការបាញ់ថ្នាំសម្លាប់មេរោគនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងណែនាំដល់គ្រឹះស្ថានសិក្សាឯកជន ឱ្យបាញ់ថ្នាំសម្លាប់មេរោគ មុននឹងបើកដំណើរការឡើងវិញ។
ជំរុញ និងលើកទឹកចិត្តដល់គណៈនាយក បុគ្គលិកអប់រំ អាណាព្យាបាល និងសិស្សានុសិស្ស ឱ្យយកចិត្តទុកដាក់អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ ៣ការពារ និង៣កុំ របស់នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន ស្របតាមបរិការណ៍ថ្មី គឺ "សភាពធម្មតាបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩”៕