
BREAKING NEWS: ព្រះមហាក្សត្រឡាយព្រះហស្ថលេខានិរាករណ៍ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម
ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឡាយព្រះហស្ថលេខាលើព្រះរាជក្រមប្រកាសឱ្យច្បាប់ស្តីពីនិរាករណ៍ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញនិងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម តាមសេចក្តីក្រាបបង្គំទូលថ្វាយពីនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
ច្បាប់នេះបានដាក់ឱ្យនិរាករណ៍បន្ទាប់ពីរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នាសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ហើយដែលព្រឹទ្ធសភាបានពិនិត្យនិងឱ្យយោបល់ កែសម្រួលលើទម្រង់និងគតិច្បាប់នេះកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នាសម័យប្រជុំព្រឹទ្ធសភាលើកទី២ នីតិកាលទី៥ ព្រមទាំងរដ្ឋសភាបានអនុម័តជាលើកទី២ដោយវិធីបោះឆ្នោតចំហកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នាសម័យប្រជុំសភា លើកទី៣ នីតិកាលទី៧ ។
បើតាមព្រះរាជក្រមលេខ ពរល.២៤១១.១៤៨២ បានចែងថា ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៣១៨/០០៤ ចុះថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ ត្រូវទុកជានិរាករណ៍។
ច្បាប់នេះ មានអានុភាពអនុវត្តចាប់ពីថ្ងៃដែលការដកខ្លួនរបស់ព្រះរាជាណាចក្រកម្ពុជាបានចូលជាស្ថាពរ ដោយផ្អែកតាមកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។
បើតាមព្រះរាជក្រមនេះ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ត្រូវអនុវត្តរាល់នីតិវិធី និងកិច្ចការចាំបាច់នានាដើម្បីធានាដល់ការដកខ្លួនជាស្ថាពរចេញពីកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។ ច្បាប់នេះត្រូវបានប្រកាសជាការប្រញាប់៕