សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរពីស្មារតីស្រលាញ់គាំពារសន្តិភាពរបស់គណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាល IDC-CDI ដោយថា «ការជួបជុំគ្នារបស់យើងគឺដើម្បីធានាបាននូវជំហររួម សម្រាប់ការធានាសន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍទូទាំងពិភពលោក»។
ក្នុងឱកាសថ្លែងសុន្ទរកថាគន្លឹះ នាកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ IDC-CDI នៅខេត្តសៀមរាប នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី មានទំនុកចិត្តថា IDC-CDI អាចផ្តល់នូវធាតុចូលដ៏មានតម្លៃសម្រាប់ការពិភាក្សារបស់យើង ក៏ដូចជាកំណត់នូវអនុសាសន៍គោលនយោបាយមួយចំនួន ដើម្បីលើកកម្ពស់សហត្ថិភាពដោយសន្តិភាព ដើម្បីផលប្រយោជន៍កាន់តែប្រសើររបស់ប្រជាជនយើង។
ជាមួយគ្នានេះសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះស្នាដៃរបស់ IDC-CDI ព្រោះវាទាក់ទងទៅនឹងតម្លៃនៃសន្តិភាព សេរីភាពសារព័ត៌មានដែលអាចទុកចិត្តបាន និងគណនេយ្យភាព និងការចូលរួមរបស់យុវជន និងស្ត្រីក្នុងសន្តិភាព និងសន្តិសុខ ក្នុងចំណោមទិដ្ឋភាពផ្សេងៗទៀត។
សម្ដេចធិបតីជឿថា៖ «យើងកំពុងឃើញទិដ្ឋភាពជាប្រវត្តិសាស្ត្រមួយក្នុងប្រវត្តិសាស្ត្រទំនើបនៅក្នុងពេលរដ្ឋាភិបាល សភា គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលជុំវិញពិភពលោក បានឈានដល់ចក្ខុវិស័យរួមនេះ ក្នុងការមាននិម្មាបនកម្មជាងនេះទៅទៀត វាជាការបំពេញបន្ថែមដល់មុខងាររបស់ អង្គការសហប្រជាជាតិក្នុងការកសាងសន្តិភាព។ អាស្រ័យហេតុនេះ ខ្ញុំសូមលើកទឹកចិត្តដល់គ្រួសារ សាកលរបស់ IDC-CDI របស់យើង ដើម្បីគាំទ្រ និងចូលរួមក្នុងដំណើរនេះជាមួយគ្នា»។
ការប្តេជ្ញាចិត្តរបស់ IDC-CDI ចំពោះដំណើរការនេះនឹងអនុញ្ញាត ឱ្យយើងសម្របខ្លួនបានកាន់តែប្រសើរឡើងចំពោះការផ្លាស់ប្តូរស្ថានភាពភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច ការកសាងឯកភាពក្នុងភាពចម្រុះ និងការពង្រឹងទំនាក់ទំនងជាមួយដៃគូរបស់យើងដោយ ផ្អែកលើការជឿទុកចិត្ត និងការគោរពគ្នាទៅវិញទៅមក។
មានប្រតិភូ២៦ គណបក្ស និង ២៤ប្រទេសជុំវិញពិភពលោកបានចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា នារសៀលថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះនៅខេត្តសៀមរាប។
កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ មានរៀបចំវេទិកាពិសេសស្តីពី«សន្តិភាពសម្រាប់មនុស្សជាតិ និងភពផែនដី», កិច្ចពិភាក្សា វេទិកាពិសេសស្តីពី «តួនាទីយុវជនក្នុងសន្តិភាព កិច្ចសន្ទនាសហត្ថិភាព និងការឆ្លើយតបបញ្ហាប្រឈម», កិច្ចពិភាក្សាស្តីពី «ធម្មនុញ្ញសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»។
បច្ចុប្បន្ន អង្គការ CDI មានសមាជិកជាង ១០៩ គណបក្ស មកពី៨៣ ប្រទេស ដែលមានមនោគមវិជ្ជានយោបាយនិយមកណ្តាល មកពីទ្វីបអឺរ៉ុប អាមេរិកឡាទីន អាមេរិកខាងជើង អាហ្វ្រិក និងអាស៊ីប៉ាស៊ីហ្វិក។
ជាងមួយទស្សវត្សមកហើយ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា គណបក្សនេះបានប្រកាន់ខ្ជាប់នូវតម្លៃ ប្រជាធិបតេយ្យនិយមកណ្តាល និងបានក្លាយជាសមាជិកពេញសិទ្ធិនៃគ្រួសារ IDC-CDI នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៅក្រុងលីស្បុន (Lisbon) ប្រទេសព័រទុយហ្កាល់ នៅខែមេសា ឆ្នាំ២០១៦៕