លោកបណ្ឌិត អ៊ាង សុផល្លែត នាំយកថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគល់ជូនសិស្សប្រលងជាប់និទ្ទេសA ចំនួន៣៤នាក់នៅខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ: លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបពិធីជួបសំណេះសំណាល ថ្លែងអំណរគុណ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងបានប្រគល់អំណោយលើកទឹកចិត្តនាំយកថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនសិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងកាលពីថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២៤ មកពីស្រុកអូររាំងឪ ស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងកោតសរសើរជាខ្លាំង ដែលសិស្សនុសិស្សទាំងអស់ បានខិតខំសិក្សារៀនសូត្រ ១២ឆ្នាំកន្លងមកនេះ ហើយចុងក្រោយបានទទួលជ័យលាភី គួរជាទីគាប់ចិត្ត ដែលមិនត្រឹមតែចំពោះខ្លួនឯង និងឪពុកម្តាយ ព្រមទាំងក្រុមគ្រួសារ។ ក្នុងជំហានបន្ទាប់នេះ សិស្សានុសិស្ស ប្រឡងជាប់ នឹងត្រូវសម្រេចចិត្តចូលរៀនបន្តនៅសកលវិទ្យាល័យ ឬមហាវិទ្យាល័យ ដើម្បីទទួលបាន ចំណេះដឹង និងចំណេះធ្វើ និងទទួលបានជំនាញសម្រាប់អនាគត។
លោកបណ្ឌិត អ៊ាង សុផល្លែត ក៏បានលើកទឹកចិត្ត សូមឱ្យប្អូនៗសិស្សានុសិស្ស បន្តខិតខំរៀនសូត្រ និងស្រាវជ្រាវឲ្យបានខ្ជាប់ខ្ជួននិងចូលរួមក្នុងភាពស្អាតក្នុងផ្នត់គំនិត (មានសុភាវធម៌៖ សុជីវធម៌ សីលធម៌ និងគុណធម៌) ឆ្ពោះទៅកម្ពុជាស្អាត និងកម្ពុជាស្អាត លើឆាកអន្តរជាតិ ទាក់ទាញអ្នកវិនិយោគ អ្នកទេសចរណ៍ ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ សង្គម និងប្រទេសជាតិយើងទាំងមូល។
ស្របគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានប្រគល់រង្វាន់លើកទឹកចិត្ត ដ៏ថ្លៃថ្លាបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់សិស្សជាប់និទ្ទេស A ចំនួន ៣៤នាក់ និទ្ទេស B ចំនួន ២១៣នាក់ និទ្ទេស C ចំនួន ៤៤៥នាក់ និទ្ទេស D ចំនួន ៧១០នាក់ និងនិទ្ទេស E ចំនួន ៦១២នាក់ សរុបចំនួន ២ ០១៤ នាក់ ក្នុងនោះស្រី មានចំនួន ២៦៨នាក់។
សូមជម្រាបជូនថា នៅក្នុងខេត្តត្បូងឃ្មុំ មានបេក្ខជនសរុប ៥ ៥៥២ នាក់ (ស្រី ៣ ១៩៤ នាក់) និងបានប្រឡងជាប់ ៤ ៣៧៤ នាក់ (ស្រី ២៦៣២ នាក់) ស្មើនឹង ៧៩,៩៨% (ស្រី ៨៣,៤២%)។ សិស្សនិទេ្ទស A មាន ៧០នាក់ និទ្ទេស B មាន ៣៧៩នាក់ និទ្ទេស C មាន ៨៩៥នាក់ និទញទេស D មាន ១ ៥៥២ នាក់ និងនិទ្ទេស E មាន ១៤៧៨នាក់។ ក្នុងនោះនៅស្រុកអូររាំងឪ ពញាក្រែក និងត្បូងឃ្មុំ មានបេក្ខជន ប្រឡងសរុបចំនួន ៤៥៤នាក់ (ស្រី ១ ៣៧៥នាក់) នៅក្នុងសម័យប្រឡង ឆ្នាំ ២០២៤ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី០៨-០៩ ខែតុលា ឆ្នាំ២០២៤ ដែលមានបេក្ខជនចូលរួមប្រមាណជាង១៣ម៉ឺននាក់នៅទូទាំងប្រទេស៕