អាស៊ី៖ ការប្រកួតវគ្គជំរុះ FIFA World Cup តំបន់អាស៊ី ជុំទី៣ បានចាប់ផ្តើមជាផ្លូវការកាលពីយប់មិញនេះ ស្របពេលដែលក្រុមទាំង ១២ក្នុងទ្វីបអាស៊ី បានបន្តយុទ្ធនាការប្រជែងកៅអីឆ្ពោះទៅកាន់ប្រទេសកាតា យ៉ាងស្វិតស្វាញក្នុងការប្រកួតចំនួន ៦គូនៃពូល A និង ពូល B កាលពីយប់មិញ។
ការប្រកួតពូល A យប់មិញទាំងបីគូ មានគ្រាប់បាល់ស៊ុតបញ្ចូលទីសរុបតែមួយគ្រាប់គត់ ដែលកើតឡើងក្នុងការប្រកួតជំនួបរវាងក្រុមជម្រើសជាតិអ៊ីរ៉ង់ ជួបជាមួយស៊ីរី ដែលអ៊ីរ៉ង់ទទួលបាន ៣ពិន្ទុ ពីគ្រាប់បាល់របស់កីឡាករ Alireza Jahanbakhsh ដែលកើតឡើងពីការបញ្ជូនដោយខ្សែប្រយុទ្ធ FC Porto, Mehdi Taremi។ ៣ពិន្ទុនេះ បានជួយឱ្យក្រុមអ៊ីរ៉ង់ឡើងមកឈរលើគេក្នុងពូល A ក្រោយពីរគូផ្សេងទៀតសុទ្ធតែបញ្ចប់ដោយលទ្ធផល ០-០ រួមមានការប្រកួតរវាងកូរ៉េខាងត្បូង ទទួលអ៊ីរ៉ាក់ និងអារ៉ាប់រួមជួបជាមួយលីបង់។
ការប្រកួតបន្ទាប់ក្នុងពូល A រួមមាន កូរ៉េខាងត្បូង ទទួលលីបង់, ស៊ីរី ជួបជាមួយអារ៉ាប់រួម និងអ៊ីរ៉ាក់ ប៉ះអ៊ីរ៉ង់។
ងាកមកកាន់ការប្រកួតក្នុងពូល B វិញ ម្សិលមិញនេះ ក្រុមខ្លាំងនៅអាស៊ី ជប៉ុនបានបង្កភាពភ្ញាក់ផ្អើលជាខ្លាំង ក្រោយរងបរាជ័យក្នុងលទ្ធផល ១-០ ទល់នឹងក្រុមអូម៉ង់ ក្នុងទឹកដីខ្លួនឯង ខណៈគ្រាប់បាល់របស់ក្រុមភ្ញៀវអូម៉ង់បានកើតឡើងចុងម៉ោងនៅនាទីទី៨៨ទៅហើយ។ លទ្ធផលមួយគូទៀតយប់មិញនេះដែរគឺជាការបង្ហាញខ្លួនការប្រកួតជុំទី៣ លើកដំបូងរបស់ក្រុមវៀតណាម ប៉ុន្តែបានត្រឹមខកចិត្តប៉ុណ្ណោះ ក្រោយចាញ់ក្រុមខ្លាំងអារ៉ាប៊ីសាអូឌីត ៣-១។ តាមពិតទៅ! វៀតណាមបានបើកការនាំមុខមុនតាំងពីនាទីទី៣មកម្ល៉េះ ដោយគ្រាប់បាល់របស់ Nguyen Quang Hai ខ្សែប្រយុទ្ធរបស់ក្លិប Hanoi ប៉ុន្តែគ្រប់យ៉ាងបានប្រែប្រួល ក្រោយខ្សែការពារ Do Duy Manh បានកាតក្រហមបណ្តេញចេញពីទីលាន នាំឱ្យម្ចាស់ផ្ទះអារ៉ាប៊ីសាអូឌីតមានឱកាសវាយបកផ្ទួន ដោយបាល់ ១១ម៉ែត្រ ២គ្រាប់ ដោយ Salem Al Dawsari និង Saleh Al-Shehri រួមទាំងមួយគ្រាប់ទៀតដោយ Yasir Al Shahrani។ មួយប្រកួតចុងក្រោយ អូស្រ្តាលីបានបំបាក់ចិនមិនឱ្យតដៃបានក្នុងលទ្ធផល ៣-០ ដោយគ្រាប់បាល់កីឡាករ ៣នាក់ផ្សេងគ្នារួមមាន Awer Mabil, Martin Boyle និង Mitchell Duke។
ការប្រកួតបន្ទាប់ក្នុងពូល B រួមមាន វៀតណាម ទទួលអូស្រ្តាលី, ចិន ស្វាគមន៍ជប៉ុន និង អូម៉ង់ ជួបអារ៉ាប៊ីសាអូឌីត៕