ហៃទីនឹងធ្វើការផ្លាស់ប្តូរនាយករដ្ឋមន្រ្តីថ្មី ស្របពេលវិបត្តិសន្តិសុខនៅទូទាំងប្រទេសកំពុងកើនឡើង
ហៃទី៖ សហគ្រិន និងជាអតីតបេក្ខជនព្រឹទ្ធសភាលោក Alix Didier Fils-Aime នឹងត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីហៃទី ជំនួសលោក Garry Conille ដែលទើបចូលកាន់តំណែងកាលពីខែឧសភាកន្លងទៅ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters ដែលផ្អែកលើសេចក្ដីព្រាងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាប្រធានាធិបតី។
ការផ្លាស់ប្តូរតំណែងនាយករដ្ឋមន្ត្រីនៅពេលនេះត្រូវបានគេមើលឃើញថាជាការរង្គោះរង្គើរផ្នែកនយោបាយថ្មីចុងក្រោយបង្អស់នៅក្នុងប្រទេសហៃទី ស្របពេលដែលកលិយុគកំពុងកើតមានឡើង ដោយក្រុមក្មេងទំនើងប្រដាប់អាវុធកំពុងកាន់កាប់លើផ្នែកសំខាន់់ៗជាច្រើននៃរដ្ឋធានី Port-au-Prince និងបានព្យាយាមពង្រីកការគ្រប់គ្រងរបស់ខ្លួន ដែលជំរុញឱ្យមានអំពើហិង្សា និងភាពអត់ឃ្លានកើតមានឡើង ព្រមទាំងបង្ខំឱ្យមនុស្សរាប់សែននាក់ជម្លៀសខ្លួនចេញពីលំនៅដ្ឋាន។
ការសន្យាថានឹងផ្តល់ការគាំទ្រពីអន្តរជាតិនៅតែស្ថិតក្នុងការជាប់គាំង ស្របពេលដែលប្រទេសជិតខាងបានសម្រុកបញ្ជូនជនភៀសខ្លួនហៃទីឱ្យត្រឡប់មកកាន់ប្រទេសរបស់ខ្លួនវិញ។ ចំពោះដំណោះស្រាយដែលធ្វើឡើងដោយរដ្ឋាភិបាលនៅថ្ងៃទី១១ ខែវិច្ឆិកានេះ នឹងត្រូវចុះផ្សាយលើក្រឹត្យរបស់រដ្ឋាភិបាលនាថ្ងៃទី១២ ខែវិច្ឆិកាស្អែកនេះ។
គួរឱ្យដឹងថា លោក Didier Fils-Aime ត្រូវបានគេស្គាល់ថាជាកូនប្រុសរបស់សកម្មជននយោបាយ លោក Alix Fils-Aime ដែលធ្លាប់ជាប់ពន្ធនាគារក្រោមរបបផ្តាច់ការនៃមេដឹកនាំលោក Jean-Claude "Baby Doc" Duvalier ។ សូមបញ្ជាក់ថា លោក Garry Conille ដែលធ្លាប់ដឹកនាំប្រទេសកាលពីជាងមួយទស្សវត្សមុន បានចូលកាន់តំណែងជានាយករដ្ឋមន្ត្ត្រីសាជាថ្មីកាលពីខែមិថុនាកន្លងទៅ ដែលលោកត្រូវបានតែងតាំងដោយក្រុមប្រឹក្សារដ្ឋាភិបាលបណ្ដោះអាសន្នរបស់ហៃទី អំឡុងពេលប្រទេសនេះកំពុងស្ថិតក្នុងដំណាក់កាលស្ដារស្ថិរភាពឡើងវិញ។
ក្រុមប្រឹក្សារដ្ឋាភិបាលអន្តរកាល ឬបណ្ដោះអាសន្ននេះបានជ្រើសតាំងនាយករដ្ឋមន្រ្តី និងមានការក្ដាប់អំណាចមួយចំនួនរបស់ប្រធានាធិបតី រហូតដល់គ្រាសមស្របណាមួយដែលអាចធានាបានថា ប្រទេសទាំងមូលស្ថិតក្នុងស្ថិរភាព និងអាចរៀបចំការបោះឆ្នោតថ្មីមួយបាន។ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ លោក Garry Conille បានធ្វើដំណើរទៅកាន់រាជាណាចក្រអារ៉ាប់រួម (UAE) និងទៅកាន់ប្រទេសកេនយ៉ាដើម្បីស្វែងរកជំនួយផ្នែកសន្តិសុខ បន្ទាប់ពីមានហេតុការណ៍វាយប្រហារដោយក្រុមក្មេងទំនើងប្រដាប់អាវុធដែលបណ្ដាលឱ្យមនុស្សស្លាប់យ៉ាងហោចណាស់ ៧០នាក់។
មានការជជែកវែកញែកមួយចំនួនជុំវិញបញ្ហានេះ ដោយលោក Garry Conille បានលើកឡើងថា ក្រុមប្រឹក្សាអន្តរកាលនេះមានអំណាចក្នុងការតែងតាំងនាយករដ្ឋមន្ត្រី ប៉ុន្តែគ្មានអំណាចក្នុងការដកនាយករដ្ឋមន្ត្រីចេញពីតំណែងឡើយ។ ក្នុងលិខិតរបស់លោកនាយករដ្ឋមន្រ្តីបញ្ជាក់ថា៖ «ដំណោះស្រាយដែលធ្វើនៅក្រៅក្របខណ្ឌច្បាប់ និងធម្មនុញ្ញនេះបង្កការព្រួយបារម្ភយ៉ាងខ្លាំងអំពីភាពស្របច្បាប់ និងឥទ្ធិពលនៃសេចក្ដីសម្រេចនេះមកលើជោគវាសនារបស់ប្រទេសយើង»៕
លោក Alix Didier Fils-Aime