
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បន្តផ្សព្វផ្សាយអំពីបេសកកម្មការងារជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធក្នុងខេត្តកំពត
ខេត្តកំពត៖ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មការងាររបស់ខ្លួន ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធក្នុងខេត្តកំពត ក្រោមអធិបតីភាពលោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. ជាតំណាង លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
សិក្ខាសាលាផ្សព្វផ្សាយនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ប៉ូច សោភ័ណ, លោក មាស សុកែវ និងលោក ឃ្លោក ដារ៉ា សមាជិក អ.ដ.ក ព្រមទាំងមានការចូលរួមពីលោក អ៊ុក ឡាយ សមាជិកក្រុមប្រឹក្សាខេត្ត ជាតំណាងប្រធានក្រុមប្រឹក្សាខេត្តកំពត, លោក ង៉ាន់ ថារិទ្ធ អភិបាលរងខេត្ត ជាតំណាងអភិបាល នៃគណ:អភិបាលខេត្តកំពត, លោកប្រធានសាលាដំបូងខេត្តកំពត, លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត, ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក., សមាជិកក្រុមប្រឹក្សាខេត្ត, តំណាងស្នងការដ្ឋាននគរបាលខេត្ត, តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត, រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ សរុបប្រមាណជា ១៨០ រូប។
ថ្លែងក្នុងឱកាសនៃសិក្ខាសាលាផ្សព្វផ្សាយនេះ លោកបណ្ឌិត ជិន ម៉ាលីន បានលើកឡើងអំពីគោលបំណងនៃការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលហៅកាត់ថា អ.ដ.ក. ដែលជាយន្តការថ្នាក់ជាតិមួយ ធ្វើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បន្ថែមលើយន្តការដែលមានស្រាប់ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងនិរន្តភាពនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងបង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែខិតជិតប្រជាពលរដ្ឋនៅមូលដ្ឋាន, សម្រុះសម្រួលដោះស្រាយវិវាទមួយដែលអាចធានាបាននូវបរិយាកាលសន្តិភាពនិយម និងភាពសុខដុមរមនាក្នុងសង្គមជាតិ និងជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមតុលាការ។ អាជ្ញាធរជាតិថ្មីនេះ នឹងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងផ្តល់កិច្ចសហការជូនដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាតួអង្គពាក់ព័ន្ធនានា សំដៅលើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាព ក្នុងការដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយប្រើវិធីសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ។
ទន្ទឹមនេះ លោកបណ្ឌិត ជិន ម៉ាលីន ក៏បានផ្តាំផ្ញើដល់ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្តកំពតទាំងអស់ ឱ្យជួយធ្វើការផ្សព្វផ្សាយបន្តឱ្យបានកាន់តែទូលំទូលាយ សំដៅធ្វើយ៉ាងណាឱ្យសាធារណជន ពិសេសប្រជាពលរដ្ឋដែលមានតម្រូវការប្រើប្រាស់សេវាដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ បានទទួលព័ត៌មានច្បាស់លាស់ អំពីការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលធ្វើឡើងក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. នេះ។
សូមបញ្ជាក់ផងដែរថា ខេត្តកំពត គឺជាខេត្តទី៨ បន្ទាប់ពីខេត្តបាត់ដំបង, ខេត្តកណ្តាល, ខេត្តបន្ទាយមានជ័យ, ខេត្តព្រៃវែង, ខេត្តកំពង់ស្ពឺ, ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ឆ្នាំង ដែល អ.ដ.ក. បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងបានរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ហើយនៅពេលខាងមុខ អ.ដ.ក. នឹងបន្តអនុវត្ត “គម្រោងឆ្ពោះទៅកាន់មូលដ្ឋាន” របស់ខ្លួនឱ្យបានដល់គ្រប់រដ្ឋបាលរាជធានី-ខេត្តទាំងអស់ទូទាំងប្រទេស៕